ឥណ្ឌា ព្រមានថា រលក កម្តៅនឹង កើនឡើងខ្លាំង ខណៈ ជំងឺដោយសារ ក្ដៅខ្លាំងក៏អាចនឹងផ្ទុះឡើងដូចគ្នា
ញូវដែលី: ឥណ្ឌាបានព្រមានពលរដ្ឋរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នចំពោះរលកកំដៅដែលអាចនឹងកើតមានឡើងនៅតំបន់មួយចំនួននៃផ្ទៃប្រទេសក្នុងរយៈពេលពីរទៅបីខែខាងមុខ ហើយបានជំរុញឱ្យរដ្ឋនានាត្រៀមខ្លួនឱ្យបានល្អដើម្បីគ្រប់គ្រងស្ថានការ ក្នុងករណីដែលមានជំងឺណាមួយផ្ទុះឡើងដោយសារកំដៅកើនឡើងខ្លាំង។
ការិយាល័យអាកាសធាតុឥណ្ឌានៃ នាយកដ្ឋានឧតុនិយម ឬហៅកាត់ថា IMDថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា ភាគរយដែលអាចទៅរួចគឺមានខ្ពស់ខ្លាំង ពោលគឺរលកកំដៅអាចចាប់ផ្ដើមពីខែមីនា ដល់ខែឧសភា នៅក្នុងតំបន់ជាច្រើននៃភាគកណ្តាល និងភាគពាយព្យនៃប្រទេសឥណ្ឌា។
នាយកដ្ឋានឧតុនិយមក៏បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កម្រិតសីតុណ្ហភាពអប្បរមាប្រចាំខែក្ដៅលើសពីធម្មតា គឺទំនងនឹងកើតមានឡើងក្នុងអំឡុងខែមីនា នៅតំបន់ភាគច្រើននៃប្រទេសឥណ្ឌា លើកលែងតែឧបទ្វីបភាគខាងត្បូងប្រទេស ដែលសីតុណ្ហភាពធម្មតានៅទីនោះទំនងជាអាចនៅទាបជាងធម្មតា»។
ក្រុមមន្ត្រីរដ្ឋាភិបាលក៏បានព្រមានកាលពីឆ្នាំមុនផងដែរថា ប្រទេសដែលស្ថិតនៅតំបន់អាស៊ីខាងត្បូងអាចនឹងជួបប្រទះជាមួយនឹងរលកកំដៅយ៉ាងញឹកញាប់បន្ថែមទៀតនាពេលអនាគត។ សម្រាប់សីតុណ្ហភាពជាមធ្យមវិញ សូម្បីតែនៅក្នុងរដូវខ្យល់មូសុង ក៏បាននឹងកើនឡើងគួរឱ្យកត់សម្គាល់នារយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន The Hindu ការសិក្សាដែលបានចេញផ្សាយនៅក្នុង Nature Geoscience កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្តល់នូវការយល់ដឹងអំពីកត្តាជាច្រើនដែលរួមចំណែកដល់ការកកើតឡើងនៃរលកកំដៅ។ នៅនិទាឃរដូវ ខ្យល់ជាធម្មតាចេញមកពីទិសខាងលិច និងពាយ័ព្យ។ នេះគឺ ជា ដំណឹង អាក្រក់ សម្រាប់ ប្រទេស ឥណ្ឌា ដោយសារតែមានហេតុផល មួយ ចំនួន ក្នុងនោះ បើនិយាយពីការប្រែប្រួលអាកាសធាតុ មជ្ឈិមបូព៌ាមានកំដៅលឿនជាងតំបន់ផ្សេងទៀតដែលមានរយៈទទឹងប្រហាក់ប្រហែលនឹងអេក្វាទ័រ ហើយវាដើរតួជាប្រភពនៃខ្យល់ក្តៅដែលបក់ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។
ស្រដៀងគ្នានេះដែរ នៅពេលដែលខ្យល់ពីភាគពាយ័ព្យបោកបក់ទៅលើភ្នំនៃប្រទេសអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន សម្ពាធខ្យល់ខ្លះនឹងកើតឡើងនៅផ្នែកម្ខាងនៃភ្នំទាំងនោះ។ ការណ៍នេះនឹងបណ្ដាលឱ្យភាពក្តៅស្អុះកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា។ មួយវិញទៀតនោះគឺដោយសារតែផ្ទៃដីឡើងកំដៅលឿនជាងផ្ទៃសមុទ្រ ហើយខ្យល់ដែលចូលមកក្នុងមហាសមុទ្រត្រូវបានគេព្យាករណ៍ថាអាចខ្យល់ត្រជាក់ជាង។ ជាអកុសល ចំពោះសមុទ្រ អារ៉ាប់ដែលជាប់នឹងប្រទេសឥណ្ឌា វិញ វាតែងតែកើនឡើង កំដៅ លឿន ជាង បាតសមុទ្រ ភាគច្រើនឯទៀត។
គួររម្លឹកថា កាលពីឆ្នាំមុន ប្រទេសឥណ្ឌាបានទទួលរងនូវអាកាសធាតុក្តៅខ្លាំងបំផុតក្នុងខែមីនា ដែលជាការឡើងកម្ដៅមិនធ្លាប់មានពីមុនក្នុងរយៈពេលជាងមួយសតវត្សមកនេះ។ ម៉្យាងទៀត សីតុណ្ហភាពក៏បានឡើងខ្ពស់ខុសពីធម្មតាក្នុងខែមេសា និងឧសភាផងដែរ ដែលភាគច្រើនគឺដោយសារពីមូលហេតុបម្រែបម្រួលអាកាសធាតុ។ រដ្ឋាភិបាល ឥណ្ឌាបាន លើកឡើង ថា ជា ទូទៅ រលក កម្ដៅតែងតែកើតឡើងនៅ ចន្លោះ ខែ មេសា ដល់ ខែ មិថុនាជារៀងរាល់ឆ្នាំ។
បន្ថែមលើនេះ កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលឥណ្ឌាបានថ្លែងឡើងនៅក្នុងលិខិតមួយដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្ញើទៅកាន់រដ្ឋទាំងអស់ថា «សីតុណ្ហភាពបានឡើងដល់កម្រិតខ្ពស់មិនធម្មតានៅតំបន់ខ្លះក្នុងប្រទេសឥណ្ឌា»។ លិខិតដដែលនេះក៏បានឱ្យដឹងផងដែរថា «គម្លាតខុសគ្នាខ្លាំងពីសីតុណ្ហភាពធម្មតា ដែលការរំពឹងទុកសម្រាប់រយៈពេលជាក់លាក់ក្នុងឆ្នាំនេះក៏ត្រូវបានរាយការណ៍ពីរដ្ឋ ឬស្រុកមួយចំនួនផងដែរ»។
ជាឧទាហរណ៍ រដ្ឋធានីញូវដែលីបានកត់សម្គាល់ឃើញសីតុណ្ហភាពអតិបរមារហូតដល់ទៅ ៣២,៣ អង្សាសេកាលពីថ្ងៃចន្ទ។ តួលេខនេះមានគម្លាតខ្ពស់រហូតដល់ទៅ ៧ អង្សាសេពីសីតុណ្ហភាពធម្មតាសម្រាប់ឆ្នាំនេះ នេះបើយោងតាមនាយកដ្ឋានឧតុនិយម។ រដ្ឋាភិបាលឥណ្ឌាក៏បានបញ្ជាឱ្យមន្ទីរសុខាភិបាលទូទាំងប្រទេស ចូលរួមអនុវត្តផែនការសកម្មភាពសុខភាពទាក់ទងនឹងកំដៅផងដែរ។
ផែនការសកម្មភាពសុខភាពទាំងនោះរួមមាន ការធានាបាននូវវត្តមានរបស់បុគ្គលិក និងគ្រូពេទ្រសុខភាពប្រចាំការគ្រប់គ្រាន់ និងការពិនិត្យមើលការត្រៀមរៀបចំសម្ភារៈបរិក្ខារ ព្រមទាំងឱសថសំខាន់ៗមួយចំនួនដែលអាចស្វែងរកត្រៀមទុកមុនបាន ក៏ដូចជាសារធាតុរាវតាមតម្រូវការផ្សេងៗ កញ្ចប់ទឹកកក និងឧបករណ៍ចាំបាច់ផ្សេងៗទៀត។
លិខិតរបស់រដ្ឋាភិបាលក៏បានសង្កត់ធ្ងន់ផងដែរថា គ្រឹះស្ថានសុខាភិបាលទាំងអស់ត្រូវបានស្នើសុំឱ្យធ្វើការត្រួតពិនិត្យជាប្រចាំថ្ងៃ អំពីជំងឺទាក់ទងនឹងកំដៅចាប់ពីថ្ងៃពុធតទៅ ពោលគឺត្រូវកត់ត្រាករណីទាំងអស់ទុក និងករណីស្លាប់ដែលមានជាប់ពាក់ព័ន្ធនឹងកំដៅ។
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភព៖ India warns of heatwaves, expects surge in heat-related illnesses
As Govt Issues Advisory for Heatwave, Here’s Why the Phenomenon Occurs | Explained