ក្រសួងកសិកម្មជំរុញឱ្យមានការធ្វើកិច្ចសន្យាកសិកម្មឱ្យបានកាន់តែច្រើនដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ
ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាជំរុញឱ្យមានការធ្វើកិច្ចសន្យាកសិកម្មឱ្យបានកាន់តែច្រើនដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ។កិច្ចសហការរវាងកសិករនិងរោងម៉ាស៊ីនកិនស្រូវដែលជាឈ្មួញទិញស្រូវនេះ ធ្វើឡើ ដើម្បីឆ្លើយតបនឹងផែនការរបស់រោងម៉ាស៊ីនកិនស្រូវដែលត្រូវការស្រូវគុណភាពស្របតាមទីផ្សារនិងរក្សាស្ថិរភាពតម្លៃស្រូវរបស់ប្រជាកសិករ។
រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម យ៉ង សាំង កុមារ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកបានលើកឡើងថានៅខេត្តបាត់ដំបងមានរោងម៉ាស៊ីនចំនួន៧ត្រៀមសហការជាមួយសហគមន៍កសិករលើកិច្ចសន្យាជាមួយបរិមាណស្រូវ ២១ ០០០ តោន។
បណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា ក្រសួងកំពុងជំរុញការពង្រឹង និងពង្រីកសហគមន៍កសិកម្មដើម្បីដោះស្រាយបញ្ហាទីផ្សារ ទុន ជី ពូជ បច្ចេកទេសការច្រូត និងសម្ងួតស្រូវជូនកសិករគ្រប់រូប ជាពិសេសការធ្វើកិច្ចសន្យាកសិកម្ម ដើម្បីរក្សាស្ថិរភាពនៃតម្លៃជូនកសិករ។
លោកបានបញ្ជាក់ថា៖«ការងារសំខាន់ក្រោយការជួបជុំនេះគឺការរៀបចំនិងគាំទ្រដល់សហគមន៍កសិកម្មដើម្បីរៀបចំផែនការឲ្យឆ្លើយតបនឹងផែនការកិច្ចសន្យាកសិកម្ម។ការសម្របសម្រួលឲ្យកសិកររាប់ពាន់ ឬ រាប់ម៉ឺន ឬ រាប់សែននាក់ឲ្យសហការគ្នាដោយឈរលើគោលការណ៍និងស្តង់ដារួមដើម្បីផ្សាភ្ជាប់មកទីផ្សារជាការងារលំបាកតែសំខាន់សម្រាប់កសិករខ្នាតតូចនិងវិស័យកសិកម្មនៅកម្ពុជា។យើងនឹងរួមគ្នាធ្វើការកសាងសហគមន៍កសិកម្មនិងកិច្ចសន្យាកសិកម្មឲ្យបានល្អប្រសើរ»។
ចាប់តាំងពីចូលបក្សកាន់អំណាចនិងមានតំណែងធំក្នុងក្រសួងកសិកម្មរួចមក លោក យ៉ង សាំងកុមារ ទៅដល់ខេត្តមួយចំនួនដូចជា កំពង់ធំ កំពង់ចាម បាត់ដំបងជាដើម ដើម្បីដោះស្រាយបញ្ហា ដល់កសិកម្មដល់កសិករទាក់ទងនឹងទីផ្សារ ដើមទុន ការប្រើប្រាស់ធម្មជាតិ និងការជំរុញធ្វើកិច្ចសន្យាកិច្ចជាមួយរោងម៉ាស៊ីន កិនស្រូវជាដើម។
លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងដែរថា ចំពោះការងារកិច្ចសន្យាកសិកម្មនេះ គឺជាការងារ រួមរវាងក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករ ដើម្បីជំរុញ និងធានាបន្ថែមជួយធានាបន្ថែម ជាពិសេសជួយដល់កសិករដែល ក្នុងការផ្តល់ព័ត៌មានច្បាស់លាស់ទាក់ទងនឹងព័ត៌មានទីផ្សារនិងតម្លៃស្រូវជាដើម ។
លោកបានបន្ថែមថា កិច្ចសហការគ្នា គឺជាកំលាំងចលករ ក្នុងការជំរុញបន្ថែមទៀត ទៅលើការងារដែលបានអនុវត្តនាពេលកន្លងមក ទាក់ទងនឹងការធ្វើកិច្ចសន្យាកសិកម្ម ជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកនាំចេញ ទាំងបញ្ហាពូជស្រូវ និងបរិមាណដែលរោងម៉ាស៊ីនមានតម្រូវការ។
លោកបានបញ្ជាក់ដូច្នេះថា៖«បច្ចុប្បន្ននេះ កសិករមានជំរើសច្រើនណាស់លើការលក់ស្រូវ ដោយគាត់អាចលក់ដោយខ្លួននៅលើទីផ្សារដូចជាលក់ឱ្យរោងម៉ាស៊ីនកិនស្រូវក៏បាន លក់ឱ្យឈ្មួញនាំចេញទៅវៀតណាមដោយផ្ទាល់ក៏បាន ឬលក់ឱ្យអ្នកណាក៏ បានទៅតាមតម្លៃទីផ្សារដែលគាត់ត្រូវការ។ ប៉ុន្តែយើងចង់ឱ្យអនុវត្តការធ្វើកិច្ចសន្យាកសិកម្មឱ្យបានច្រើន ដើម្បីធានាបាននូវតម្លៃសមរម្យមួយដែលអាចទទួលយកបាន ជៀសវាងផលិតស្រូវបាន តែគ្មានទីផ្សារ ឬលក់បានក្នុងតម្លៃទាប»។
លោក យ៉ង ប៉ាក់ អគ្គនាយក ប្រតិបត្តិ ក្រុមហ៊ុន អា ហ្គ្រី ប៊ី (Agribee (Cambodia) Plc បានឱ្យដឹងដែរថា បច្ចុប្បន្ន ក្រសួងកសិកម្ម ហាក់មានការជួយជ្រោមជ្រែងច្រើន ជាពិសេសចាប់តាំងពីរដ្ឋមន្រ្តីក្រសួងកសិកម្មថ្មីមកកាន់តំណែងមក គាត់មានការយកចិត្តទុកដាក់លើការធ្វើកិច្ចសន្យាកសិកម្ម ឬ Contract Farming នេះ។
លោកបានបន្ថែមថា គម្រោងដែលសហព័ន្ធស្រូវអង្ករ ចង់នាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិឱ្យបានមួយលានតោន ក្នុងពេល ខាងមុខនេះ គឺត្រូវផ្តើមចេញពីការធ្វើកិច្ចសន្យាកសិកម្មនេះហើយ ដែលជំរុញឱ្យគម្រោងនេះទទួលបានជោគជ័យ។
ទោះជាយ៉ាងណាក៏ដោយ លោកនិយាយថា នៅមានកិច្ចការមួយចំនួនត្រូវសិក្សាបន្តទៀត ដោយបានបញ្ជាក់ថា៖« យើងនៅមានរឿងច្រើនដែលត្រូវរៀនបន្តទៀតជាពិសេសការគ្រប់ច្រវ៉ាក់ផលិតកម្មរបស់យើងនៅមិនទាន់ប្រព័ន្ធឌីជីថលគ្រប់គ្រងនៅឡើយទេ ជាពិសេសកិច្ចសន្យាកសិកម្ម។ខ្ញុំឃើញក្រុមហ៊ុនមួយប្រព័ន្ធឌីជីថលគ្រប់គ្រង តែនៅមានទំហំតូចនៅឡើយ ដូចនេះ យើងអាចរៀបចំក្រុមហ៊ុននេះឱ្យធ្វើជាគំរូបាន ដើម្បី ឱ្យគាត់ពង្រីកបន្ថែមទៀត។ព្រោះថា ការគ្រប់គ្រងសង្វាក់ផលិតកម្ម ឬកិច្ច សន្យាកសិកម្ម ដែលមិនមានប្រព័ន្ធឌីជីថលជួយ អាចមានការលំបាកខ្លះ»៕
ដោយ:វណ្ណ សុជាតា