ឯកឧត្តម អ៊ុច បូររិទ្ធ ៖ ឆ្នាំ២០២២ គឺជាឆ្នាំដែលពោរពេញទៅដោយការប្រឈមភូមិសាស្ត្រនយោបាយ និងសង្គម សេដ្ឋកិច្ចធំៗ បង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាចធំៗ

ភ្នំពេញ ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំដែលពោរពេញទៅដោយការប្រឈមភូមិសាស្ត្រនយោបាយ និងសង្គម សេដ្ឋកិច្ចធំៗ បង្កឡើងដោយការប្រកួតប្រជែងកាន់តែខ្លាំងឡើង ស្មុគស្មាញឡើង រវាងមហាអំណាចធំៗ ការផ្ទុះឡើងនូវសង្គ្រាមនៅអឺរ៉ុប ដែលតិចណាស់នឹកស្មានដល់ ហើយដែលបានបង្កមហន្តរាយធ្ងន់ធ្ងរដល់ជីវិតមនុស្ស ហេដ្ឋារចនាសម្ព័ន្ឋនានា ព្រមទាំងបង្កើតវិបត្តិស្បៀងនិងថាមពល ក្នុងពេលដែលពិភពលោកកំពុងងើបឡើងវិញដោយលំបាកពីផលប៉ះពាល់ពហុវិស័យដោយជំងឺរាតត្បាតកូវីដ-១៩។

ការញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានបន្តថា ព្រមជាមួយនេះ ស្ថានភាពនៅឧបទ្វីបកូរ៉េ បន្តឱ្យមានការព្រួយបារម្ភ ដោយសារការបាញ់សាកល្បងកាំជ្រួច ក្នុងចំនួនច្រើនមិនធ្លាប់មានដោយកូរ៉េខាងជើង និងការឆ្លើយតបពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ។ ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ ក៏ហក់ទៅកាន់កម្រិតធ្ងន់ធ្ងរ និងគ្រោះថ្នាក់ បន្ទាប់ពីប្រធានសភាអាមេរិកទៅបំពេញទស្សនកិច្ចផ្លូវការនៅលើកោះតៃវ៉ាន់។

ក្នុងពេលដែលស្ថានការណ៍នៅសមុទ្រចិនខាងត្បូង រក្សាបានភាពស្ងប់ស្ងៀមបង្គួរ ដោយសារការខិតខំរបស់ភាគីពាក់ព័ន្ធនានាក្នុងការចរចាឱ្យសម្រេចនូវក្រមប្រតិបត្តិ (COC) ដើម្បីជួយគ្រប់គ្រងជម្លោះ និងទំនាស់នានា ដោយសន្តិវិធី នោះប្រទេសមីយ៉ាន់ម៉ា នៅតែរកច្រកចេញពីវិបត្តិនយោបាយ សន្តិសុខមិនរួច ដោយសារ ការតាំងចិត្តរបស់ភាគីជម្លោះក្នុងការយកឈ្នះតាមផ្លូវអាវុធ។

ឯកឧត្តម អ៊ុច បូររិទ្ធ បន្តទៀតថា ជាមួយនឹងវិបត្តិនយោបាយ យោធា ជាតិសាសន៍ ដ៏តានតឹងដែលមានស្រាប់ឬកំពុងធ្លាក់ចុះកាន់តែធ្ងន់ធ្ងរនៅតំបន់នានាផ្សេងទៀតនោះ បញ្ហាសន្តិសុខមិនប្រពៃណីផ្សេងទៀតដូចជាការប្រែប្រួលអាកាសធាតុ បញ្ហាជនភៀសខ្លួនអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ។ល។ ក៏បានទាញយកមួយផ្នែកធំនៃពេលវេលា ថាមពល និងធនធានដែលចាំបាច់ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញពីមហន្តរាយនៃជំងឺកូវីដ-១៩។

ឯកឧត្តម អ៊ុច បូររិទ្ធ បញជាក់ថា ឆ្នាំ២០២២ ជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនរបស់អាស៊ានជាលើកទី៣ ចាប់តាំងពីបានក្លាយជាសមាជិកនៃសហគមន៍នៅឆ្នាំ១៩៩៩ មក។ ការពិត ឆ្នាំណាក៏អាស៊ានជួបប្រទះនឹងត្រូវដោះស្រាយការប្រឈមក្នុងកម្រិតនិងទម្រង់ផ្សេងៗគ្នា ប៉ុន្តែក្នុងប្រវត្តិសាស្ត្រ ៥៥ឆ្នាំរបស់ខ្លួន អាស៊ានមិនដែលប្រឈមនឹងបញ្ហាគ្រោះថ្នាក់ច្រើនបែបនេះ និងក្នុងពេលតែមួយដូចក្នុងឆ្នាំ ២០២២ នោះទេ។ ស្ថានការណ៍នេះ បានតម្រូវឱ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់នៃក្រសួងការបរទេសយើង ក្រោមការណែនាំជាប់ជាប្រចាំពីសម្តេចតេជោនាយករដ្ឋមន្ត្រី បង្កើនមិនត្រឹមតែកិច្ចប្រឹងប្រែង ការអត់ធ្មត់ក្នុងការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវប្រឹងប្រែងសំលៀងភាពវាងវៃ រក្សាការប្រុងប្រយ័ត្ន និងជំរុញឱ្យដល់កម្រិតខ្ពស់បំផុតនូវគ្រប់មធ្យោបាយការទូត ដើម្បីសម្រេចឱ្យបានជោគជ័យនូវការអនុវត្តនយោបាយការបរទេសដែលឯករាជ្យនិងផ្អែកលើច្បាប់ និងផ្អែកលើផលប្រយោជន៍គោលរបស់ជាតិនិងប្រជាជនយើង៕
ដោយ៖ពលជ័យ

ads banner