ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ តាមរយៈទស្សនកិច្ច របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិតជាបានផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិក មកកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអនុញ្ញាត ឲ្យគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នៅដើមសប្តាហ៍នេះ ប្រធានដឹកនាំប្រតិភូ ឯកឧត្តម Michael Malacka ឯកអគ្គរដ្ឋទូត ជាអនុប្រធាន និងជានាយកប្រតិបត្តិប្រចាំតំបន់ បានថ្លែងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានអាយុកាលជាង ៣៧ឆ្នាំហើយ និងមានសមាជិកដែលជាក្រុមហ៊ុនយក្សអាមេរិកជាង ១៨០ក្រុមហ៊ុន (Fortune 500 Companies) បានទទួលការសម្របសម្រួល និងជួយជ្រោមជ្រែងដល់ការធ្វើធុរកិច្ច និងវិនិយោគនៅអាស៊ាន ហើយនាពេលនេះ ក្រុមហ៊ុនជាងដប់ បានចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសជួយដល់ផែនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា, បច្ចេកវិទ្យា និងនវានុវត្តន៍, លទ្ធភាពទទួលហិរញ្ញប្បទាន របស់ SME, ថាមពល និងហេដ្ឋារចនាសម្ព៍ន្ធ, ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់, និងការបណ្តុះបណ្តាលធនធានមនុស្ស, យុវជន និង SME ជាដើម ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈទស្សនកិច្ចនេះ ពិតជាបានផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិក មក កម្ពុជា។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម Michael Malacka បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាស ដល់គណៈប្រតិភូ បានជួបសំដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពី ឯកឧត្តមត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត ៕

ប្រភព ៖ កងទ័ពជើងគោក

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner