ថ្នាក់ដឹកនាំខេត្តមួយចំនួន អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុង ប្រយ័ត្ន ជំងឺ ផ្តាសាយបក្សី H5N1

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ថ្នាក់ដឹកនាំបណ្តាខេត្តមួយចំនួន ចាប់ផ្តើមអំពាវនាវដល់ ប្រជាពល រដ្ឋ ទាំងអស់នៅក្នុងខេត្តរបស់ខ្លួន ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារ សុខភាពពីការចម្លងមេរោគផ្តាសាយបក្សីប្រភេទH5N1នេះ ដើម្បីទប់ស្កាត់ ការឆ្លងរាលចូលក្នុងសហគមន៍ និងបានដាក់ចេញនូវវិធាន ការណែនាំមួយ ចំនួនផងដែរ។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ កម្ពុជារក ឃើញ មានកុមារីអាយុ ១១ឆ្នាំ ៦ខែ ម្នាក់ បានទទួលមរណភាពដោយសារ មេរោគផ្តាសាយបក្សីប្រភេទ H5N1នេះ នៅក្នុងខេត្តព្រៃវែង ហើយឪពុក របស់ កុមារីនេះក៏រកឃើញមានវិជ្ជមាន H5N1និងមានអ្នកពាក់ព័ន្ធមួយ ចំនួនផងដែរ។
នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានឱ្យដឹងថា តាមលទ្ធផលអង្គេត ស្រាវជ្រាវរកឃើញថា ពួកគាត់ទាំងពីរនាក់ឆ្លងមកពីសត្វបក្សីក្នុងភូមិ មិន មានការរកឃើញឆ្លងពីឪពុកនិងកូនទេ ។

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំមួយ ដោយធ្វើការ អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តត្រូវបង្កើន ការប្រុងប្រយ័ត្ន និងការពារ សុខភាពពីការចម្លងមេរោគផ្តាសាយបក្សីប្រភេទH5N1នេះ ដោយអនុវត្ត តាម វិធានការ របស់ក្រសួងសុខាភិបាល។

រដ្ឋបាលខេត្តបញ្ជាក់ថា៖«ជំងឺផ្តាសាយបក្សីដែលកើតលើមនុស្សជាប្រភេទជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ជាបន្ទាន់។ ដូច្នេះការរកឃើញករណីឆ្លងទាន់ពេលវេលា និងការទប់ស្កាត់ ការចម្លងបន្តឱ្យបានលឿន គឺមានសារៈសំខាន់បំផុតក្នុងការបង្ការការឆ្លងរាល ដាលចូលក្នុងសហគមន៍»។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានណែនាំប្រជាពលរដ្ឋ ត្រូវចៀសវាងការ ចូលទៅកន្លែងចិញ្ចឹមសត្វ ទីផ្សារបក្សីរស់ ឬកន្លែងសត្តឃាត ឬការប៉ះពាល់ ដោយ ផ្ទាល់ ជាមួយសត្វ ឬផ្ទៃណាមួយដែលកខ្វក់ ឬប្រលាក់ដោយលោហិត លាមកសត្វបសុបក្សី ឬសត្វដទៃទៀត ត្រូវពាក់ម៉ាស់នៅពេលក្អក កណ្តាស់ និងប្រើកន្សែងស្អាត ឬក្រដាសអនាម័យជូតសំបោរ ហើយមិនត្រូវបោះ ចោលពាសវាលពាសកាល ដែលអាចចម្លងទៅអ្នកដទៃ។ ត្រូវលាងដៃឱ្យបាន ញឹកញាប់ដោយប្រើសាប៊ូ និងទឹកស្អាត ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្ត អនាម័យ ត្រូវបរិភោគតែចំណីអាហារដែលមានសុវត្ថិភាពខ្ពស់ និងចម្អិនបាន ឆ្អិន សព្វត្រឹមត្រូវ ជាពិសេសសាច់បក្សី ស៊ុត និងអាហារសមុទ្រ។ ត្រូវកប់ ឬដុតសត្វបក្សីដែលបានងាប់ ឱ្យឆ្ងាយពីលំនៅឋាន និងទុកដាក់បក្សីដែល សង្ស័យថាបានឆ្លង មេរោគ និងមិនទាន់ឆ្លងឱ្យនៅឆ្ងាយពីគ្នានិង ត្រូវយកចិត្ត ទុក ដាក់ចំពោះមនុស្សចាស់ កុមារតូចៗ និងទារក ឱ្យមានកម្ដៅខ្លួនធម្មតា ជានិច្ច(មិនលើស ពី៣៨.៥ អង្សារសេ)។

ដោយឡែកអភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង បានថ្លែងថា នៅ ក្នុងខេត្តរបស់លោកពុំមានអ្នកផ្ទុកជំងឺផ្តាសាយបក្សីប្រភេទ H5N1 នោះទេ ហើយថ្នាក់ខេត្តកំពុងយកចិត្តដាក់ និងអំពាវនាវដល់ប្រជា ពលរដ្ឋឱ្យមាន ការប្រយ័ត្នផងដែរ។ ជាមួយគ្នានេះដែរមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ អំពាវនា វឱ្យរួមគ្នាទប់ស្កាត់ការឆ្លងរាលដាល ជំងឺផ្តាសាយបក្សី ចូលទៅ ក្នុងសហគមន៍។

ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង លោក ញ៉ែម សៅគ្រី បានឱ្យដឹងថា គិតត្រឹម ថ្ងៃ ទី៣ខែមីនានេះ ស្ថានភាពជំងឺផ្តាយបក្សីនៅក្នុងខេត្តនេះ ពុំទាន់មានករណី ឆ្លងរាលដាលបន្ថែមទៀតនោះទេ ខណៈអ្នកជំងឺផ្ទុកមេរោគ H5N1 ដែលត្រូវ ជា ឪពុកកុមារីដែលបានស្លាប់នោះ គឺត្រូវបានព្យាបាលជាសេះស្បើយ និង បានចាកចេញពីមន្ទីរពេទ្យផងដែរ។

កាលពីចុងខែកុម្ភៈ ឆ្នាំ ២០២៣ អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ឱសថឈ្មោះ Tamiflu (oseltamivir Capsules) សម្រាប់ ព្យាបាលនិងបង្ការជំងឺផ្តាសាយបក្សី ដល់ក្រសួងសុខាភិបាលកម្ពុជា ចំនួន ៣ ០០០ ដូស តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ដើម្បីត្រៀម ឆ្លើយតបទាន់ពេលវេលាក្នុងការព្យាបាល។

ក្រសួងសុខាភិបាល បានជូនដំណឹងថា ក្នុងករណីមានការសង្ស័យ ថាបាន ឆ្លងជំងឺផ្តាសាយបក្សី សូមប្រញាប់ស្វែងរកការពិគ្រោះ និងព្យាបាលនៅ មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតលោកអ្នកបំផុត ដោយចៀសវាង ការប៉ះផ្ទាល់ជាមួយអ្នកជំងឺ និងសូមរាយការណ៍ទៅកាន់ទូរស័ព្ទលេខ ១១៥ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានឱ្យដឹងថា កម្ពុជាបានរកឃើញ២ករណីនៃជំងឺផ្តាសាយ បក្សីH5N1 ក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ បន្ទាប់ពីមិនបានរកឃើញវីរុស នេះលើខ្លួន មនុស្សអស់រយៈពេល៩ឆ្នាំកន្លងមកហើយ ដែលករណីចុងក្រោយ នេះជាករណីលើកទី៥៨ ចាប់តាំងពីឆ្នាំ ២០០៥ មក៕
ដោយ៖សុខ រក្សា

ads banner