យុទ្ធនាការ”អន្ទាក់សូន្យ” ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២នឹងចាប់ផ្តើមពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២៣ស្អែកនេះទៅ

ភ្នំពេញ៖ យុទ្ធនាការ”អន្ទាក់សូន្យ” ក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ នឹងចាប់ផ្តើមធ្វើឡើង ចាប់ពីថ្ងៃទី ៣ ខែមិនា ឆ្នាំ២០២៣ បន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យលើកទី១ សម្រេចបានជោគជ័យកន្លងទៅថ្មីៗនេះ ។ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានរៀបចំសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី ២ ខែមីនានេះ ដើម្បីធ្វើការប្រកាសបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២ ដែលក្នុងនេះមានចំនួន៦ខេត្តនៅ តំបន់ជួរភ្នំក្រវាញ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យនឹងចាប់ផ្តើមឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ យុទ្ធនាការនេះមានគោលបំណងសំខាន់ៗចំនួន៤ គឺ ទី១.ការពង្រឹងការគាំទ្រ ប្រមូលនូវធនធានដើម្បីគាំទ្រពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ ,ទី២.ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់, ទី៣.ការពង្រឹងទៅលើការអនុវត្តច្បាប់និង ពង្រឹងទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានក្នុងគោលដៅកាត់បន្ថយចំនួនអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ និងទី៤.ការផ្លាស់ប្តូរឥរិយាបទពលរដ្ឋឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃបន្តទៀត។
ឯកឧត្តម បន្តថា គោលបំណងទាំង៤នេះ គឺផ្តោតសំខាន់ ដើម្បីឱ្យពលរដ្ឋបានយល់ដឹងពីផលប្រយោជន៍សត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃឱ្យបានកើនឡើងដើម្បីផ្តល់ផលប្រយោជន៍សម្រាប់ជាវិស័យទេសចរណ៍ធម្មជាតិដែលជាផ្នែកមួយនៃទេសចរណ៍ផ្សារភ្ជាប់ទឹកដី ។ យុទ្ធនាការអន្ទាក់សូន្យតំណាក់កាលទី១បានធ្វើឡើងចំនួន៦ខេត្ត ហើយយុទ្ធនាការអន្ទាក់សូន្យតំណាក់ទី២នេះក៏មានចំនួន៦ខេត្តដែរ ដោយបានចាប់ផ្តើមពីខេត្តពោធិ៍សាត់ ទៅខេត្តកំពង់ស្ពឺ កោះកុង បាត់ដំបង ប៉ៃលិន និងសៀមរាប។ ទោះបីយ៉ាងណាឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ដែរថា ”បើទោះបីអន្ទាក់ទាំងអស់ដោះមិនទាន់អស់ក៏ដោយ ប៉ុន្តែការដោះអន្ទាក់នេះក៏ជាផ្នែកមួយសម្រាប់ជួយរំដោះពីការគ្រោះថ្នាក់ដល់សត្វព្រៃផងដែរ”។

ឯកឧត្តមបានលើកឡើងដោយបញ្ជាក់បន្ថែមថាការដោះអន្ទាក់ចំនួន២ឆ្នាំកន្លងមកនេះពោលគឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ យើងបានដោះអន្ទាក់សរុបចំនួន ៩៦៣៥៧អន្ទាក់ ហើយក្នុងចំណោមនេះអន្ទាក់ដែលត្រូវបានដោះច្រើនជាងគឺអន្ទាក់នៅតំបន់ជួរភ្នំក្រវាញក្នុងខេត្តកោះកុង ខេត្តពោធិ៍សាត់ និងបណ្តាខេត្តនៅភូមិភាគឦសានដូចជា មណ្ដលគិរី រតនគិរី ស្ទឹងត្រែង និងក្រៅពីនេះដូចជាព្រះវិហារ កំពង់ធំជាដើម ។ ក្នុងរយៈពេល ២ឆ្នាំនេះយើងក៏បានដកហូតកាំភ្លើងកែច្នៃនិង អាវុធពិតចំនួន ១៤១៦ដើម។

ឯកឧត្តម គឹម ណុង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថា”សុំឱ្យប្រជាពលរដ្ឋផ្លាស់ប្តុរឥរិយាបទដែលធ្លាប់ពឹងអាស្រ័យធនធានធម្មជាតិងាក មកការការពារ និងអភិរក្សធនធានធម្មជាតិដើម្បីបង្កើនសេដ្ឋកិច្ចជីវភាពគ្រួសាររបស់យើង ។ អញ្ចឹងគោលដៅអន្ទាក់សូន្យនេះគឺក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូរឥរិយាបទមកចូលរួមអភិរក្សធនធានធម្មជាតិរបស់យើង”។ ឯកឧត្តមបានថ្លែងដែរថា ៖ កន្លងមកមន្រ្តីឧទ្យានុរក្សគឺជាអ្នកបានចូលរួមទប់ស្កាត់ការដាក់អន្ទាក់ មានតូនាទីបំផុសពលរដ្ឋឱ្យបានយល់ដឹងពីច្បាប់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការបំផ្លិចបំផ្លាញសត្វព្រៃ។ ហេតុនេះបើយើងបានចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការសម្លាប់សត្វព្រៃ ការបំផុសលរដ្ឋឱ្យបានយល់ដឹងពីធនធានធម្មជាតិនោះយើងអាចប្រែក្លាយតំបន់ទេសចរណ៍ទៅជាតំបន់ទេសចរណ៍ប្រកបដោយសក្តានុពល ហើយក៏ជាប្រភពចំណូលដល់ពលរដ្ឋមូលដ្ឋាន។

ដោយឡែក លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF )បានលើកឡើងដោយបញ្ជាក់ថា៖ពលរដ្ឋជាង៣លាននាក់បានទទួលសារពីយុទ្ធការអន្ទាក់សូន្យទី១ក្នុងនេះពួកគាត់បានយល់ដឹងពីផលប្រយោជន៍សត្វព្រៃ ពីស្ថានភាពសត្វព្រៃនៅកម្ពុជាបញ្ហាប្រឈម និង ពិសេស ពីការបញ្ឈប់បរិភោគសាច់សត្វព្រៃ និងយល់ដឹងពីច្បាប់ជាដើម។
លោកបានថ្លែងឱ្យដឹងផងថា ក្រោយយុទ្ធនាការអន្ទាក់សូន្យលើកទី១មកចំនួនការអន្ទាក់មានចំនួនថយចុះច្រើន។ក្នុងនេះដូចជាតួលេខចុងក្រោយគឺក្នុងឆ្នាំ២០២១ មុនយុទ្ធនាការអន្ទាក់សូន្យចំនួនអន្ទាក់ដែលប្រមូលបានក្ន្ងុងតំបន់ការពារធម្មជាតិ៦១១៦០អន្ទាក់ ហើយឆ្នាំ២០២២ក្រោយការបើកយុទ្ធនាការអន្ទាក់សូន្យ មកគេធ្វើការប្រមូលអន្ទាក់បានត្រឹមតែ៣៥១១៨អន្ទាក់។តួលេខនេះមានការថយចុះប្រមាណ៤០ភាគរយ ពិសេសជាងនេះកាំភ្លើងកែច្នៃដែលក្រសួងបរិស្ថានផ្តល់ទិន្នន័យនោះគឺប្រមូលបានក្នុងឆ្នាំ ២០២១មានចំនួន១២០០ដើម ប៉ុន្តែក្នុងឆ្នាំ២០២២ប្រមូលបាន៥១៦ ហើយបើគិតជាតួលេខថយចុះ៥០ភាគរយ។លទ្ធផលនេះគឺបានតាមរយៈការធ្វើអន្ទាក់សូន្យនាកន្លងមក ។

គួរបញ្ជាក់ថាបើតាមឯកឧត្តមនេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖លទ្ធផលពីយុទ្ធនាការអន្ទាក់សូន្យលើកទី១មិនត្រឹមតែបំផុសពលរដ្ឋនៅតាមខេត្តគោលដៅបានយល់ដឹង និងពិសេសភោជនីយដ្ឋានមួយចំនួនបានបឈ្ឈប់ការលក់សាច់សត្វព្រៃទេ នៅជួយឱ្យពលរដ្ឋមួយចំនួនដែលនៅខេត្តផ្សេងទៀតដូចជានៅស្រុកឱរ៉ាស់ខេត្តកំពង់ស្ពឺ ដែលធ្លាក់ដាក់អន្ទាក់សត្វព្រៃបានងាកមកចូលរួមការពារសត្វព្រៃផងដែរ។ទាំងនេះគឺជាលទ្ធផលដែលពូកគាត់បានយល់ដឹងពីតម្លៃសត្វព្រៃ រួមគ្នាមកការពារ ដើម្បីមនុស្សជំនាន់ក្រោយៗបន្តទៀត៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner