អ្នកឃ្លាំមើល៖ សម្ដេចតេជោ ហ៊ុន សែនចង់ផ្ញើសារទៅកាន់ប្រទេស លោកខាង លិចកុំឱ្យលូកលាន់បញ្ហាផ្ទៃក្នុងកម្ពុជា
ភ្នំពេញ៖ ក្រុមអ្នកតាមដានបញ្ហានយោបាយយល់ថា សម្ដេចតេជោ នាយក រដ្ឋមន្ត្រីហ៊ុន សែន បានព្យាយាមរំលឹកជាថ្មីនូវប្រវត្តិសាស្ត្រដើម្បីផ្ញើសារទៅ កាន់លោកខាងលិចដែលដឹកនាំដោយអាមេរិកកុំឱ្យលូកលាន់ផ្ទៃក្នុងកម្ពុជា។ការវិភាគបែបនេះធ្វើឡើងបន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែ មីនា បានថ្លែងជាសាធារណៈ ផ្ដាំទៅបរទេសជាមិត្តកុំឱ្យសាងកំហុស មកលើ ប្រទេសកម្ពុជាដែលរួមមានការគាំទ្ររបបលន់នល់ និងការគាំទ្រ របបខ្មែរក្រហម។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖« សូមមិត្តបរទេសទាំងឡាយ ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ កុំសាងកំហុសទី៣ ដាក់កម្ពុជា។កំហុស ទី១ ពួកអ្នកឯងតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ។ ប៉ុន្តែមិននឹកស្មានថា ពួកអ្នកឯង គាំទ្ររដ្ឋប្រហារឆ្នាំ ១៩៧០ គាំទ្រនូវរដ្ឋប្រហារយោធា មួយ ដែល នាំ ប្រទេសរបស់ខ្ញុំ ឈានទៅកាន់សង្គ្រាមមួយ ដែលបើកផ្លូវឱ្យរបបប៉ុល ពត ចូលមក។ កំហុសទី២ អ្នកឯង បានគាំទ្រខ្មែរក្រហម នៅក្នុងអង្គការសហ ប្រជា ជាតិ ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ ។ ដូចនេះ សូមអ្នកកុំបង្កកំហុស ទី៣ ដល់កម្ពុជា ដល់ប្រទេស ខ្ញុំបន្តទៀត ដោយតាំងខ្លួនជាអ្នក ប្រជាធិប តេយ្យ ។
ប្រធានគណបក្សកាន់អំណាចរូបនេះបន្ថែមថា កំហុសដែលក្រុមប្រទេស បរទេសទាំងនោះ ធ្លាប់បានសាង មិនដែលបានសុំទោសកម្ពុជាឡើយ ពោលគឺបានត្រឹមបង្ហាញការសោកស្តាយតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជ បណ្ឌិត្យ សភាកម្ពុជាយល់ថា ការលើកឡើងនេះ អាចជាបន្ទាត់នយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ សម្រាប់ នយោបាយការបរទេសជាបណ្តារដ្ឋផ្សេងៗ ជាពិសេសសំដៅរបស់ក្រុម ប្រទេសលោកខាងលិច ព្រោះក្នុងប្រវត្តិសាស្រ្តដែលបរទេសបានអន្តរាគមន៍ ចូលនយោយផ្ទៃក្នុងកម្ពុជាធ្វើឲ្យកម្ពុជាធ្លាក់ក្នុងរណ្តៅសង្គ្រាមស៊ីវិលរាប់សិបឆ្នាំ ដែលទើបបានបញ្ចប់នៅចុងឆ្នាំ ១៩៩៨ ប៉ុណ្ណោះ។
បណ្ឌិតយង់ ពៅ គូសបញ្ជាក់ដូច្នេះថា៖ កម្ពុជាជួបវិបត្តិសង្គ្រាមស៊ីវិលធ្ងន់ ធ្ងររាប់ឆ្នាំដែលយើងទើបបានបញ្ចប់នៅចុងឆ្នាំ១៩៩៨ ប៉ុណ្ណោះ ប្រសិន បើមានការលូកលាន់កិច្ចការផ្ទៃក្នុងនេះម្តងទៀត ហើយបើយើងមិនបាន កម្រិត បន្ទាត់នយោបាយការបរទេសច្បាស់លាស់ទេ នោះកម្ពុជាអាចនឹង រងគ្រោះនឹងការអន្តរាគន៍ពីបរទេសម្តងទៀត ។
លោក វណ្ណ ប៊ុនណា អ្នកសិក្សាភូមិសាស្រ្តនយោបាយយល់ថា ការលើក ឡើងរបស់លោកហ៊ុន សែន ដើម្បីរំលឹកពីព្រឹត្តិការណ៍ គ្រាកម្ពជាធ្លាប់ត្រូវបាន លូកដៃដើម្បីគាំទ្រភាគីម្ខាងប្រឆាំងភាគីម្ខាងទៀត កាលសម័យសង្គ្រាម ស៊ីវិល។
លោក វណ្ណ ប៊ុនណា ថ្លែងថា៖ ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគោលដៅមិនចង់បរទេសមកលូកលាន់កិច្ចការ នយោបាយផ្ទៃក្នុងកម្ពុជា ប៉ុន្តែវាពិបាកធ្វើដោយសារកម្ពុជាមិនមែនជា ប្រទេសឯកា ហើយជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងនានា ជាពិសេស កិច្ចព្រមព្រៀងទីក្រុងប៉ារីស សន្ធិសញ្ញាស្តីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ ហើយជាសមាជិកនៃអង្គការសហប្រជាជាតិដែលមានទំនួលខុសត្រូវលើគោលការណ៍នានា ហើយបើមិនគោរពតាមទេ វានឹងមានការឆ្លើយតបទៅនឹង សមាជិកហត្ថលេខី និងប្រទេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ។
លោកបន្ថែម ការថ្លែងផ្តាំផ្ញើបែបនេះរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើ ឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជាជាមួយបណ្តាប្រទេសលោកខាងលិចនោះទេ ព្រោះការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រីបែបនេះ មិនមែនជា លើកទី១ ខណៈការលើកឡើងនេះទៀតសោតក៏ឆ្លុះបញ្ចាំងចំពោះទិដ្ឋភាព ប្រវត្តិសាស្រ្តពិតទៀតផង៕
ដោយ៖ សំបាន ច័ន្ទដារ៉ា