យុវជនអង្គការសង្គមស៊ីវិលទាំង១៨ស្ថាប័ន អំពាវនាវដល់យុវជន អង្គការ សមាគមផ្សេងទៀត កុំជឿការឃោសនារបស់វិទ្យុអាស៊ីសេរី,The Cambodia Daily និងលោក អេឡិច
ភ្នំពេញ៖ យុវជនអង្គការ សង្គមស៊ីវិលទាំង១៨ស្ថាប័ន បានអំពាវនាវដល់យុវជន អង្គការ សមាគមផ្សេងទៀត កុំជឿការឃោសនាដដែលៗរបស់សារព័ត៌មានមួយចំនួនដូចជា វិទ្យុអាស៊ី សេរី, The Cambodia Daily និងលោក អេឡិច សូមភ្ញាក់រលឹកឡើង យើងគឺជាម្ចាស់ប្រទេស គួរធ្វើការងារដើម្បីប្រយោជន៍ប្រទេសជាតិ សន្តិភាព និងការអភិវឌ្ឍជាតិ ចៀសវាងចាញ់ការឃោសនាប្រឆាំងដោយខុសច្បាប់ និងគ្មានហេតុផល ដែលនាំឲ្យរងគ្រោះដល់ខ្លួនឯង ដល់គ្រួសារ និងការខាត់បងទ្រព្យសម្បត្តិជាដើម។ នេះបើយោងតាមលិខិតអំពាវនាវនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។
យុវជនអង្គការ សង្គមស៊ីវិលទាំង១៨ស្ថាប័ន បានឱ្យដឹងថា មួយរយៈចុងក្រោយនេះបន្ទាប់ពីមានចរន្ដយុវជន អង្គការ សមាគម ជាច្រើន ដែលធ្លាប់ប្រឆាំង រដ្ឋាភិបាល បានងាកមកធ្វើការជាមួយរដ្ឋាភិបាលវិញ ត្រូវបានវិទ្យុអាស៊ីសេរី វាយប្រហារ ម្ដងហើយម្ដងទៀត។ ក្រោមរូបភាពយកអ្នកវិភាគនយោបាយមកបាំងមុខ។ យើងសង្កេតឃើញនូវពាក្យវាយប្រហារមកលើយុវជនសង្គមស៊ីវិលយ៉ាងអយុត្តិធម៌ ដូចជា ការទិញលក់ដូរ ការយកយុវជនជល់នឹងយុវជន ការធ្វើរឿងពិតទៅប្រឌិត ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បង្កើតឡើងដើម្បីវាយប្រហារស្ថាប័នចាស់ ការប្រើយុវជនក្នុងរយៈពេលខ្លីជាដើម។ល។ ការប្រើពាក្យញុះញង់ ចោទប្រកាន់ ដោយគ្មានទឡ្ហីករទាំងនេះ គឺធ្វើក្នុងគោលបំណងមិនល្អ ដើម្បីឃោសនាមិនឱ្យយុវជន អង្គការ សមាគមដទៃផ្សេងទៀត ខ្លាចញញើតក្នុងការចូលរួមសហការជាមួយរដ្ឋាភិបាល និងការចូលរួមអភិវឌ្ឍសង្គមជាតិ។
យុវជនអង្គការ សង្គមស៊ីវិល ទាំង១៨ស្ថាប័ន បានបន្តថា យើងខ្ញុំទាំងអស់គា្នបានចូលរួមជាមួយរដ្ឋាភិបាល គឺដើម្បីផ្លាស់ប្ដូរនូវបរិបទថ្មី ចរន្តថ្មី ដើម្បីមានឱកាសចូលរួម ការពារ សន្តិភាព បរិស្ថាន ព្រំដែន និងការអភិវឌ្ឍនានា។ ដោយហេតុថា ក្រុមយុវជន អង្គការ សមាគម យើងមិនបន្តនយោបាយ ប្រឆាំងរដ្ឋាភិបាល ឈប់ចាញ់កលការឃោសនាអ្នកនយោបាយជ្រុលនិយម ជាពិសេស សារព័ត៌មានមួយចំនួនដូចជា វិទ្យុអាស៊ី សេរី, The Cambodia Daily ជាដើម។ ការខ្លាចបាត់បង់ជំនួយបរទេសរបស់សារព័ត៌មាន និងអ្នកនយោបាយជ្រុលនិយម ដែលប្រឆាំង ទើបពួកគេបារម្ភខ្លាចមានចលនាយុវជនជាច្រើនផ្សេងទៀត ចូលរួមជាមួយក្រុមយុវជនយើង។ ទើបវិទ្យុអាស៊ីសេរី និងលោក អេឡិច ភិតភ័យខិតខំធ្វើការឃោសនាជាហូរហែលគ្រប់រូបភាព ដើម្បីជាសារនយោបាយបំភិតបំភ័យដល់ យុវជនសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងផ្សេងទៀត មិនឱ្យចូលរួមជាមួយ យុវជន អង្គការ សង្គមស៊ីវិល ដែលមាននិន្នាការជាមួយរាជរដ្ឋាភិបាល។
យើងខ្ញុំទាំងអស់គ្នាឈប់ចាញ់កលនយោបាយឃោសនា របស់វិទ្យុអាស៊ីសេរី, The Cambodia Daily លោកអេឡិច និងអ្នកនយោបាយដទៃទៀត ដែលយកប្រទេសកម្ពុជា ជាមូលដ្ឋាននយោបាយ ដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយជាតិ និងអន្តរជាតិ។ ដូចនេះ យើងខ្ញុំទាំងអស់គ្នាជាយុវជនសង្គមស៊ីវិល សូមអំពាវនាវម្ដងហើយម្ដងទៀតដល់យុវជន អង្គការ សមាគមផ្សេងទៀត មេត្តាកុំជឿការឃោសនាដដែលៗ សូមភ្ញាក់រលឹកឡើងយើងគឺជាម្ចាស់ប្រទេស គួរធ្វើការងារដើម្បីប្រយោជន៍ប្រទេសជាតិ សន្តិភាព និងការអភិវឌ្ឍជាតិ ចៀសវាងចាញ់ការឃោសនា ប្រឆាំងដោយខុសច្បាប់ និងគ្មានហេតុផល ដែលនាំឲ្យរងគ្រោះដល់ខ្លួនឯង ដល់គ្រួសារ និងការខាត់បងទ្រព្យសម្បត្តិជាដើម។ សូមបងប្អូនប្រជាជនខ្មែរ អង្គការ យុវជនសង្គមស៊ីវិល មេត្តាចូលរួម ជាមួយ យុវជនសង្គមស៊ីវិលយើងខ្ញុំ និងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុ បរិស្ថាន សន្តិភាព និងការអភិវឌ្ឍសង្គម ជាតិប្រកបដោយចីរភាព៕
ដោយ៖ពលជ័យ