ពលរដ្ឋខេត្តតាកែវជាង២០ម៉ឺនគ្រួសាមានអគ្គិសនី ខណៈពលរដ្ឋជិតប្រាំមួយម៉ឺនខ្នងផ្ទះមានទឹកស្អាតប្រើប្រាស់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថា គិតមកដល់ពេលនេះ ប្រជា ពលរដ្ឋរស់នៅទូទាំងខេត្ត ចំនួនជិត២០ម៉ឺនគ្រួសារ និងជិតប្រាំមួយម៉ឺន ខ្នងផ្ទះមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ ខណៈអ្នកពាក់ព័ន្ធរបស់ ខេត្ត នេះប្តេជ្ញាថា នឹងជំរុញឱ្យពលរដ្ឋនៅថ្នាក់មូលដ្ឋានទទួលបានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់ៗគ្នា ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយ ភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតផង។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តតាកែវ» នាថ្ងៃទី២ ខែមីនា ថា ខេត្តតាកែវ មាន១០ក្រុង ស្រុក ១០០ឃុំ សង្កាត់ និងភូមិ ១.១២១ភូមិ មានប្រជាពលរដ្ឋសរុបចំនួន ១.០៥៣.៩៩៧នាក់ (ស្ត្រី ៥៤២.៤៧៧នាក់) ស្មើនឹង ២៣៣ ៨៧៧គ្រួសារ។ជាមួយគ្នានេះ លោកថា ប្រជាពលរដ្ឋខេត្តតាកែវ មានចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ៗ(GDP)កើនឡើងជាលំដាប់ចាប់ពី១.៣៦៤ដុល្លារក្នុងម្នាក់នៅឆ្នាំ២០១៨ ទៅដល់១.៥២៦ដុល្លារក្នុងម្នាក់នៅឆ្នាំ២០២១។

ឯកឧត្តមបានបន្តថា បច្ចុប្បន្នខេត្តតាកែវគ្រប់ភូមិទាំងអស់ គឺមានអគ្គិសនី ប្រើប្រាស់ ទៅដល់មូលដ្ឋាននៅទូទាំងខេត្ត ដោយសម្រេចស្ទើរតែ១០០ ភាគរយហើយ ដោយក្នុងនោះ ប្រជាពលរដ្ឋប្រើប្រាស់អគ្គសនីចំនួន ២២៩.៣៧៩គ្រួសារ ខណៈទឹកស្អាតវិញ គឺមានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ៥៩.០៥៩ខ្នងផ្ទះ នៃភូមិចំនួន ៤៦៥ភូមិ។

អភិបាលខេត្តតាកែវរូបនេះបានបញ្ជាក់ថា ៖ «បើទោះជាប្រជាពលរដ្ឋស្ទើរ ១០០ភាគរយ មានអគ្គិសនីប្រើប្រាស់ក៏ដោយ តែបើក្រឡេកមកមើលការ ផ្តត់ផ្គង់ទឹកស្អាតគឺនៅមិនទាន់សម្រេចបាន១០០ភាគរយនៅឡើយទេ ដោយសារតែមានគ្រួសារពលរដ្ឋខ្លះរស់នៅដាច់ដោយឡែកឆ្ងាយតែឯង ដែលជាហេតុធ្វើឱ្យពិបាកក្នុងការតបណ្តាញទឹក»។
ហេតុនេះ ដើម្បីឈានទៅសម្រេចទិសដៅប្រើប្រាស់ទឹកស្អាតឱ្យបានទូទាំង ខេត្តឯកឧត្តម អ៊ូច ភា បញញ្ជាក់ថា រដ្ឋបាលខេត្តនឹងខិតខំពង្រឹងកិច្ច សហការ យ៉ាងជិតស្និទ្ធជាមួយអង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល និងផ្នែក ឯកជននានា ដើម្បីទាក់ទាញកំណើនវិនិយោគលើវិស័យទឹកស្អាត និង ជួយដល់ការអភិវឌ្ឍនៅមូលដ្ឋានខេត្តតាកែវ។

ចំណែកលោក លី សាវេត អភិបាលរងខេត្តតាកែវ ក៏បានលើក ឡើង ដែរ ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិសម្រាប់ ទឹកស្អាត ប្រជាពលរដ្ឋនៅទីប្រជុំជន១០០ភាគរយ ទទួលបានសេវាទឹក ស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួល បានសាកលកម្ម និងសមធម៌ទឹកបរិភោគសម្រាប់ប្រជាជនទូទាំងប្រទេស។
លោកថា ៖ «ហេតុនេះ ដើម្បីសម្រេចបាន លើកិច្ចការងារនេះ រដ្ឋបាលខេត្ត នឹងខិតខំផ្តល់យោបល់ និងកំណត់ទិសដៅខេត្ត ដើម្បីឈានទៅពង្រីក ថាមពល អគ្គីសនី និងទឹកស្អាតនៅទូទាំងខេត្តឱ្យបានគ្រប់ជ្រុងជ្រោយ»។

សូមបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់ខេត្តតាកែវ បានបង្ហាញថា រយៈពេល៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០១៨-២០២២ ពាក់ព័ន្ធវិស័យថាម ពលអគ្គិសនី និងទឹកស្អាត ខេត្តតាកែវបានទទួលការផ្គត់ផ្គង់ថាមពល ពីប្រព័ន្ធខ្សែបញ្ជូនជាតិ ២៣០/២២គីឡូវ៉ុល និងពីប្រទេសវៀតណាម ២៣០គីឡូវ៉ុល មានម៉ាស៊ីនភ្លើងបំរុងចំនួន បីគ្រឿង ដែលអាចផ្គត់ ផ្គង់ថាមពលចំនួន ១.៥០០គីឡូវ៉ាត់/ម៉ោងព្រមទាំងសេវាករ ចែកចាយអគ្គិសនីចំនួន ២៩អាជ្ញាប័ណ្ណ ដែលអាចផ្គត់ផ្គង់ និងចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ២២៩.៣៧៩គ្រួសារ ស្មើនឹង៩៩,៦៤ភាគរយ នៃគ្រួសារសរុបទូទាំងខេត្ត។

ដោយឡែក ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន និងទីជនបទរបស់ខេត្ត មានការកើនឡើងគួរឱ្យកត់សំគាល់។ សព្វថ្ងៃក្រុមហ៊ុនទឹកស្អាតឯកជនកំពុងផ្គត់ផ្គង់តាមប្រព័ន្ធបណ្តាញចំនួន ២២មូលដ្ឋាន ដែលបានទទួលការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាចផ្តត់ផ្គង់ទឹកស្អាតប្រមាណ ៧.៥៥១.៩៤៩ម៉ែត្រគូប/ឆ្នាំ បានភ្ជាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ៥៩.០៥៩ខ្នងផ្ទះ គ្របដណ្តប់លើភូមិចំនួន ៤៦៥ភូមិ លើ ១១២១ភូមិ ដែលស្មើនឹង៤១,៥ភាគរយ៕
ដោយ៖សែម ពិសី

ads banner