មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញឱ្យមន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ធ្វើការកែសម្រួលតាមដាន ផ្ដល់ព័ត៌មាន រាយការណ៍ និងណែនាំទៅគ្រប់ផ្នែកទាំងអស់ និងបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រៀមលក្ខណៈជួយអន្តរាគមន៍ ឆ្លើយតបបានគ្រប់កាលៈទេសៈ
ខេត្តកំពង់ស្ពឺ ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្ដរាយ ឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងផ្សព្វផ្សាយអនុក្រត្យពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិជាសេនាធិការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើមឆ្នាំ២០២២ គ្រោះមហន្តរាយធម្មជាតិ ដោយទឹកជំនន់បានកើតឡើងធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៤៥៩ គ្រួសារ ក្នុងភូមិចំនួន៨៦ នៃឃុំ សង្កាត់ចំនួន ៣០ ក្នុងក្រុង ស្រុក ចំនួន ០៤ ក្នុងនោះគ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ១២៧ គ្រួសារ ។

ឯកឧត្តម ច័ន្ទ លំផាត់ តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញសេនាធិការគ្រប់គ្រងគ្រោះមហន្តរាយនៃការចាត់តាំងថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើការកែសម្រួលតាមដាន ផ្ដល់ព័ត៌មាន រាយការណ៍ និងណែនាំទៅគ្រប់ផ្នែកទាំងអស់ ព្រមទាំង បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈជួយអន្តរាគមន៍ ឆ្លើយតបបានគ្រប់ កាលៈទេសៈ។

ឯកឧត្តម បន្តថា ថ្នាក់ខេត្តត្រូវកែសម្រួលឡើងវិញនិងចងក្រងជាសៀវភៅ និងធ្វើរបាយការណ៍ស្ថិតិប្រចាំឆមាសនិងប្រចាំឆ្នាំ គឺជាផែនថ្នាក់ជាតិ ពិសេសស្រុកណាដែល ប៉ះពាល់រងគ្រោះដោយសារទឹកជំនន់និងរាំងស្ងួត ត្រូវមានការចូលរួមពីកងកម្លាំងទាំងបី ហើយបើមានគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលហួសពីសម្ថត្តិកិច្ចគឺមានថ្នាក់ជាតិ ដែលមានសម្តេចតេជោហ៊ុន សែនជាប្រធាន គ្រប់គ្រងគ្រោះមហន្តរាយនិងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ជាអនុប្រធានទី១ រួមនឹងក្រសួងស្ថាប័ន្ធនានាជាសមាជិក ចុះអន្តគមឆ្លើយតប និងត្រៀមបម្រុង ការងារគ្រោះមហន្តរាយដោយធម្មជាតិ និងគ្រោះមហន្តរាយដោយមនុស្ស ៕




ដោយ៖ ម៉ុន សំអាត