រដ្ឋមន្ត្រីការបរទេស៖ ការចូលរួមរបស់ស្រ្តីក្នុងយុគសម័យឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការចូលរួមរបស់ស្រ្តីក្នុងយុគសម័យ ឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សា សន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស បាននិងកំពុងចូលរួមយ៉ាងសកម្មដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ក្នុងការកសាងសហគមន៍មួយដែលមានសុខសន្តិភាព ស្ថិរភាព មានភាពធន់ រឹងមាំ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗ ក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី ជាពិសេស ដើម្បីឈាន ទៅសម្រេចបាននូវសមភាពយេនឌ័រ។ សម្រាប់ប្រធានបទឆ្នាំ២០២៣នេះ គឺ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» សម្រិតសម្រាំងដោយក្រសួងកិច្ចការនារី សម្រាប់អបអរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា គឺឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងបរិបទ បច្ចុប្បន្ន ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ អំពីសារៈសំខាន់របស់ស្ត្រី ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា “ខ្ញុំធ្លាប់ បានដំណាលជារឿយៗថា អ្នកដែលគេងមិនលក់ ទើបដឹងថាយប់យូរប៉ុណ្ណា ដូចគ្នានេះដែរ អ្នកដែលកំពុងរងគ្រោះដោយសារសង្គ្រាម ទើបដឹងថា សន្តិភាព មានតម្លៃប៉ុណ្ណា។ កម្ពុជា ធ្លាប់បានឆ្លងកាត់ដំណាក់កាលវិនាសកម្ម និងទុក្ខវេទនាដោយសារសង្គ្រាម។ ទើបតែយុគសម័យនេះទេ ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា ដែលយើងទទួលបានសន្តិភាពពេញលេញ តាមរយៈការអនុវត្តនយោបាយ ឈ្នះឈ្នះ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ គ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ។ ដូច្នេះការចូលរួមចំណែករបស់ស្ត្រី ទៅក្នុងដំណើរការថែរក្សាសន្តិភាពដែលបានមកដោយការតស៊ូលំបាកស្មុគ្រស្មាញនោះ ពិតជាមានសារៈសំខាន់ណាស់ ខណៈដែលប្រជាជននៅតំបន់ខ្លះនៃពិភពលោក កំពុងតែរងគ្រោះ រងទុក្ខលំបាកដោយសារសង្គ្រាម។”
រដ្ឋមន្ត្រីការបរទេសបន្តថា ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងបានយកចិត្តទុកដាក់ លើកទឹកចិត្ត ក៏ដូចជាផ្តល់តម្លៃស្មើភាពដូចបុរស ស្របតាមសមត្ថភាព អតីតភាព និងគុណវុឌ្ឍិ៍ ទាំងការទទួលបាននូវតួនាទី និងមុខតំណែង រួមទាំងការចាត់តាំងឲ្យទៅបំពេញការងារនៅក្រៅប្រទេស។ គិតមកទល់ នឹងពេលនេះ យើងមានមន្ត្រីការទូតជាស្រ្តីចំនួន ២៨៨នាក់ ស្មើនឹង ៣៨,៦៥% នៃ មន្រ្តីសរុបចំនួន ៧៤៥នាក់។ តួលេខនេះ គឺជាសូចនាករបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការជំរុញការលើកកម្ពស់សមភាពយេនឌ័រ។
អ្នកទាំងអស់គ្នាសុទ្ធតែដឹងហើយថា មន្ត្រីការទូតជាស្ត្រីភាគច្រើនមានបន្ទុកធ្ងន់ជាងបុរស ដែលម្ខាងត្រូវធ្វើកិច្ចការផ្ទះ មើលថែរក្សាកូន ម្ខាងទៀតត្រូវបំពេញកិច្ចការជូនក្រសួងឲ្យមានប្រសិទ្ធភាព និងជាពិសេស ដើម្បីសម្រេចបំណងក្លាយជាមន្ត្រីការទូតដ៏ល្អ និងប្រកបដោយជោគជ័យ។ កន្លងមក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកទឹកចិត្តដល់មន្ត្រីការទូត ជាស្វាមី និងភរិយាមួយចំនួន ឲ្យទៅបំពេញបេសកកម្មការទូតនៅក្នុងប្រទេសតែមួយ ដើម្បីអាចរក្សា គ្រួសារឲ្យ បានជុំគ្នា ផងដែរ តាមតែអាចធ្វើទៅបាន។

ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន បានធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនទូទាំងសកលលោកមានការផ្លាស់ ប្ដូរយ៉ាងគំហុក ដែលប្រទេសជាច្រើន បានប្រើប្រាស់បច្ចេកវិទ្យានេះយ៉ាងទូលំទូលាយ ដើម្បីទាញយកផលប្រយោជន៍ផ្នែក នយោបាយ សេដ្ឋកិច្ច និងសង្គម។ ស្របតាម និន្នាការពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពរបស់កម្ពុជា។ ការចូលរួមរបស់ស្រ្តី ក្នុងយុគសម័ យ ឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែក ថែរក្សា សន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស បាននិងកំពុងចូលរួមយ៉ាងសកម្មដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ក្នុងការកសាងសហគមន៍មួយដែលមានសុខសន្តិភាព ស្ថិរភាព មានភាពធន់ រឹងមាំ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងន័យនេះសូមកោតសរសើរដល់គម្រូ វីរភាពរបស់ស្ត្រីកម្ពុជា ចំពោះការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព តាមរយៈបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ។ បច្ចុប្បន្ន យើងមានកងកម្លាំងស្ត្រីជាង ១៥% បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន ៩ មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី សាយប្រឺស និងយេមែន។
ជាការឆ្លើយតបទៅនឹងប្រធានបទលើកកម្ពស់សមភាពយេនឌ័រនៅឆ្នាំនេះ ឯកឧត្តមស្នើឲ្យអ្នកទាំងអស់គ្នាយកចិត្តទុកដាក់ទៅលើចំណុចមួយចំនួន ដូចតទៅ៖
• បន្តលើកទឹកចិត្ត និងបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំនៅគ្រប់កម្រិត
• បន្តអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រនៅក្នុងក្រសួង
• លើកទឹកចិត្តដល់ការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ភាសាបរទេស និងចំណេះដឹងទូទៅ តាមរយៈ វគ្គបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស
• លើកទឹកចិត្តឲ្យបន្តសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ តាមដានការវិវត្តនៃសភាពការណ៍នៅក្នុង និងក្រៅប្រទេស ធ្វើការវិភាគ វាយតម្លៃ និងព្យាករណ៍ ដើម្បីកំណត់ជំហររបស់កម្ពុជាឲ្យបានត្រឹមត្រូវសំដៅការពារផលប្រយោជន៍ជាតិ៕
ដោយ៖ពលជ័យ