ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ក្រសួងការបរទេស យកចិត្តទុកដាក់ និងផ្តល់តម្លៃស្ត្រីស្មើភាពដូចបុរស ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ដោយគិតមកទល់នឹងពេលនេះ មានមន្ត្រីការទូតជាស្រ្តី ២៨៨នាក់
ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា នៅទី០៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ជារៀងរាល់ឆ្នាំ កម្ពុជា តែងតែរៀបចំការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗ ក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី ជាពិសេស ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ។ សម្រាប់ប្រធានបទឆ្នាំ២០២៣ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់របស់ស្ត្រី ក្នុងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។

ឯកឧត្តម ប្រាក់ សុខុន បន្តថា អ្នកដែលគេងមិនលក់ ទើបដឹងថា យប់យូរប៉ុណ្ណា ដូចគ្នានេះដែរ អ្នកដែលកំពុងរងគ្រោះដោយសារសង្គ្រាម ទើបដឹងថា សន្តិភាព មានតម្លៃប៉ុណ្ណា។ កម្ពុជា ធ្លាប់បានឆ្លងកាត់ដំណាក់កាលវិនាសកម្ម និងទុក្ខវេទនាដោយសារសង្គ្រាម។ ទើបតែយុគសម័យនេះទេ ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា ដែលយើងទទួលបានសន្តិភាពពេញលេញ តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ គ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ។ ដូច្នេះការចូលរួមចំណែករបស់ស្ត្រី ទៅក្នុងដំណើរការថែរក្សាសន្តិភាពដែលបានមកដោយការតស៊ូលំបាកស្មុគ្រស្មាញនោះ ពិតជាមានសារៈសំខាន់ណាស់ ខណៈប្រជាជននៅតំបន់ខ្លះនៃពិភពលោក កំពុងតែរងគ្រោះ រងទុក្ខលំបាកដោយសារសង្គ្រាម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្រសួងការបរទេស តែងបានយកចិត្តទុកដាក់ លើកទឹកចិត្ត ក៏ដូចជាផ្តល់តម្លៃស្មើភាពដូចបុរស ស្របតាមសមត្ថភាព អតីតភាព និងគុណវុឌ្ឍិ៍ ទាំងការទទួលបាននូវតួនាទី និងមុខតំណែង រួមទាំងការចាត់តាំងឲ្យទៅបំពេញការងារនៅក្រៅប្រទេស។ គិតមកទល់នឹងពេលនេះ យើងមានមន្ត្រីការទូតជាស្រ្តីចំនួន ២៨៨នាក់ ស្មើនឹង ៣៨,៦៥% នៃមន្រ្តីសរុបចំនួន ៧៤៥នាក់។ តួលេខនេះ គឺជាសូចនាករបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការជំរុញការលើកកម្ពស់សមភាពយេនឌ័រ ។

ប្រមុខការទូតកម្ពុជារូបនេះ បានបន្ថែមថា មន្ត្រីការទូតជាស្ត្រីភាគច្រើន មានបន្ទុកធ្ងន់ជាងបុរស ដែលម្ខាងត្រូវធ្វើកិច្ចការផ្ទះ មើលថែរក្សាកូន ម្ខាងទៀតត្រូវបំពេញកិច្ចការជូនក្រសួងឲ្យមានប្រសិទ្ធភាព និងជាពិសេស ដើម្បីសម្រេចបំណងក្លាយជាមន្ត្រីការទូតដ៏ល្អ និងប្រកបដោយជោគជ័យ ហើយកន្លងមក ក្រសួងការបរទេស បានលើកទឹកចិត្តដល់ មន្ត្រីការទូតជាស្វាមី និងភរិយាមួយចំនួន ឲ្យទៅបំពេញបេសកកម្មការទូតនៅក្នុងប្រទេសតែមួយ ដើម្បីអាចរក្សាគ្រួសារឲ្យបានជុំគ្នាផងដែរ តាមតែអាចធ្វើទៅបាន ៕


អត្ថបទ៖ វណ្ណលុក, រូបភាព សួង ពិសិដ្ឋ