មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់ប្រាក់រៀលតាមកម្មវិធី APP ឱ្យបានច្រើន ដើម្បីស្ទួយសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋនាំគ្នាប្រើប្រាស់ប្រាក់រៀលឲ្យបានច្រើនបំផុត ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាផ្ដល់ឱកាសងាយស្រួលដល់ការគ្រប់គ្រងប្រាក់រៀលឲ្យបានល្អជាងការប្រើប្រាស់រូបិយប័ណ្ណបរទេស។

នេះជាប្រសាសន៍របស់លោកជំទាវបណ្ឌិត ជា សេរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីតម្លៃសារៈសំខាន់នៃរូបិយវត្ថុ ដែលរៀបចំធ្វើឡើងដោយសាកលវិទ្យាល័យព្រះសីហនុរាជ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពចេនឡា រាជធានីភ្នំពេញ។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា បច្ចុប្បន្នយើងបានដាក់ឲ្យប្រើប្រាស់ APP ប្រាក់រៀលជាមួយប្រទេសថៃ ហើយក៏កំពុងបន្តទៅវៀតណាម ឡាវ នឹងបណ្ដាប្រទេសមួយចំនួនទៀត ដែលបានចុះអនុស្សារណៈលើកិច្ចព្រមព្រៀងជាមួយគ្នា។

បន្ថែមលើនេះ លោកជំទាវក៏បានជម្រុញឲ្យប្រជាពលរដ្ឋបើកគណនេយ្យធនាគារផ្ទាល់ខ្លួនជាប្រាក់រៀលឱ្យបានច្រើន ដើម្បីមានលទ្ធភាពចាយវាយតាម Mobile App នៅក្រៅប្រទេសបានច្រើន។ ម្យ៉ាងទៀត យើងចង់ឱ្យការប្រើប្រាស់ប្រាក់រៀល មានភាពល្អប្រសើរជាងការប្រើប្រាស់រូបិយប័ណ្ណអន្តរជាតិ។ ដោយឡែកពាក់ព័ន្ធជាមួយនឹងសិក្ខាសាលាស្ដីពីតម្លៃសារៈសំខាន់នៃរូបិយវត្ថុនេះ ត្រូវបានលោកជំទាវពន្យល់ថា ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃរូបិយវត្ថុនាឱកាសនេះ ពិតជាសំាខន់ណាស់សម្រាប់ព្រះសង្ឃ បើព្រះសង្ឃយល់ពីរូបិយវត្ថុ យល់ពីសេដ្ឋកិច្ច និងប្រវត្តិសាស្រ្តបានច្រើននោះ ព្រះសង្ឃគឺជាអ្នករៀនសូត្រ និង ជាអ្នកផ្សព្វផ្សាយដ៏មានឥទ្ធិពលដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចំណែកឯនិស្សិត ជាពិសេសនិស្សិតស្រី គឺត្រូវតែយល់ដឹងឲ្យបានច្បាស់លាស់ពីការគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ក្រុមហ៊ុន និងប្រទេសជាតិ ដែលចាំបាច់ពួកគេត្រូវស្រាវជ្រាវពីការគ្រប់គ្រងសេដ្ឋកិច្ចនេះឲ្យបានល្អិតល្អន់សម្រាប់ខ្លួនគេគ្រប់ៗគ្នា។

ចំណែក ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេង យៀត ព្រះសកលវិទ្យាធិការរង ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានថេរដីថា គោលបំណងចម្បង ដែលរៀបចំឲ្យមានសិក្ខាសាលានេះឡើង គឺដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃរូបិយវត្ថុ ឬក៏ប្រាក់រៀលរបស់យើង ឲ្យបានដឹងទូលំទូលាយ ហើយក៏ដើម្បីអបអរសាទរ ទិវាសិទ្ធិនារី ៨ មិនា ក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រីខ្មែរ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យបានកាន់តែច្រើនថែមទៀត។ មិនតែប៉ុណ្ណោះក៏ជាការចែករំលែកនូវបទពិសោធន៍ជីវិតផ្ទាល់របស់វាគ្មិន ដែលមានភាពជោគជ័យលើការងារក្នុងការសម្រេចបាននូវគោលដៅនានាក្នុងជីវិតប្រចាំថ្ងៃ ជាមួយនឹងសមណៈនិស្សិត និស្សិត ជាពិសេសនិស្សិតស្រីៗ ដើម្បីធ្វើជាគំរូរសម្រាប់ជីវិតរស់នៅ៕

ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner