ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ជំរុញឲ្យអាជីវករ និងពាណិជ្ជករ ដែលជាសហគ្រិនវ័យក្មេង ត្រូវនាំគ្នារួមគិត រួមធ្វើ ហើយចេះជួយដោះស្រាយបញ្ហាជុំគ្នា
ខេត្តបន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីសម្ភោធអាគារការិយាល័យសមាគមសហគ្រិនវ័យក្មេងកម្ពុជា កាលពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២៣ ឯកឧត្តមអភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឲ្យអាជីវករនិងពាណិជ្ជករ ដែលជាសហគ្រិនវ័យក្មេង ត្រូវនាំគ្នា រួមគិត រួមធ្វើ ហើយចេះជួយដោះស្រាយបញ្ហាជុំគ្នា នោះទើបដំណើរការអាជីវកម្ម មាននិរន្តរភាព ។
លោក លី សុវណ្ណរិទ្ធ អភិបាលរងខេត្ត ក្នុងនាមឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់បន្ថែមថា ជោគជ័យក្នុងដំណើរការធ្វើវិនិយោគ ក៏ដូចគ្នាការប្រកបរបរអាជីវកម្ម សំខាន់ការរៀបចំជាក្រុមជា សមាគម ដើម្បីចែករំលែក នូវបទពិសោធន៍ គ្នា ដ្បិតគ្មានបុគ្គលណាម្នាក់ចេះដឹងឬល្អគ្រប់ដប់នោះទេ ដូច្នេះពេលជួបឧបសគ្គ ឬក៏មានបញ្ហា អ្វីមកលើ ការធ្វើអាជីវកម្ម របស់ខ្លួន គឺត្រូវ យកវាមកដាក់លើតុហើយពិភាក្សារកដំណោះស្រាយរួមគ្នា ។ ពោលគឺ សហគ្រិនវ័យក្មេងនៅក្នុងសមាគម ត្រូវប្រកាន់ខ្ជាប់រួមគិត រួមធ្វើ និងទទួលខុសត្រូវ ហើយ រួមដោះស្រាយបញ្ហាជុំគ្នា។
លោកអភិបាលរងខេត្ត បន្តថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ដែលជាវិស័យឯកជន ត្រូវមាន ទំនាក់ទំនងដៃគូមិនអាចខ្វះបាន ជាមួយស្ថាប័នរដ្ឋ ដែលជាអ្នកជួយការងារ ផ្នៃករដ្ឋបាល ដូចជាណែនាំដល់សហគ្រិនវ័យក្មេងយើង ឲ្យមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតិធ្វើអាជីវកម្មជាដើម។
ហើយជាមួយគ្នានេះបង្កើនទំនាក់ទំនង កិច្ចសហការគ្នាល្អរវាងដៃគូអាជីវកម្មដូចគ្នា និងកៀរគរសហគ្រិនឲ្យបានច្រើន រួមទាំងពង្រីកសេវាកម្ម អាជីវកម្មរបស់ខ្លួនឲ្យបានច្រើនប្រកបដោយបរិមាណ គុណភាព ហើយមានអាជ្ញាប័ណ្ណ និងបង់ចំណូលពន្ធរដ្ឋផងដែរ ៕ ដោយ ៖ គៀន ច័ន្ទហ៊ីន


