ឆេះឃ្លាំងស្តុកប្រេងរដ្ឋ ស្លាប់មនុស្សយ៉ាងតិច ១៦នាក់ នៅឥណ្ឌូនេស៊ី
ហ្សាកាតា៖ មនុស្សយ៉ាងហោចណាស់ ១៦ នាក់បានស្លាប់ នៅក្នុងអគ្គីភ័យឆាបឆេះឃ្លាំងស្តុកប្រេង នៅប្រទេសឥណ្ឌូណេស៊ី។ យ៉ាងហោចណាស់ មានមនុស្ស ១៦នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ សប្តាហ៍នេះ បន្ទាប់ពីមានអគ្គីភ័យដ៏ធំមួយបានផ្ទុះឡើងនៅឃ្លាំងស្តុកប្រេង ដែលគ្រប់គ្រងដោយរដ្ឋ ប៉ុន្តែ ក្រោយមកក្រុមអ្នកពន្លត់អគ្គីភ័យបានគ្រប់គ្រងគ្រោះអគ្គិភ័យនេះវិញបាន។
ភ្លើងឆេះយ៉ាងសន្ធោសន្ធៅបានឆាបឆេះផ្ទះជាច្រើនខ្នង បណ្ដាលឱ្យមនុស្សភៀសខ្លួន ដោយភាពភិតភ័យ និងបង្ខំឱ្យមានការជម្លៀសតំបន់លំនៅដ្ឋាននៅក្បែរឃ្លាំង ដែលគ្រប់គ្រងដោយក្រុមហ៊ុនថាមពលរដ្ឋ ភឺតាមីណា (Pertamina) នៅភាគខាងជើង ទីក្រុងហ្សាកាតា។
នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះទីក្រុងហ្សាកាតា បាននិយាយថា មនុស្ស ១៦នាក់ រួមទាំងកុមារ ២ នាក់ត្រូវបានសម្លាប់ នៅក្នុងអគ្គីភ័យ ហើយក៏មានមនុស្សរងរបួសយ៉ាងតិច ៥០ នាក់ទៀត។
ប្រធាននាយកដ្ឋានបានប្រាប់ AFP ថា អ្នកស្លាប់ និងរបួសជាច្រើននាក់ បានទទួលរងនូវការរលាកធ្ងន់ធ្ងរ បន្ទាប់ពីអគ្គីភ័យបានផ្ទុះឡើង។ មូលហេតុនៃអគ្គីភ័យ ដែលបានចាប់ផ្តើម នៅវេលាម៉ោងជាង៨យប់នេះ គឺមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែភ្លើងបានរលត់វិញ បន្ទាប់ពីឆេះអស់ជាច្រើនម៉ោង៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

