បាតុកម្មកណ្តាលរដ្ឋធានីប្រទេសក្រិច ប្រឆាំងនឹងការគ្រប់គ្រងរថភ្លើង បានប្រែទៅជាហិង្សា

អាថែន៖ នៅឯប្រទេសក្រិក មានការផ្ទុះកំហឹងពុះកញ្ជ្រោល ចំពោះគ្រោះមហន្តរាយផ្លូវដែក ដ៏សាហាវ ដែលបានកើតឡើង នាពេលថ្មីៗនេះ ដោយក្នុងនោះ សកម្មជនរាប់ពាន់នាក់បានធ្វើបាតុកម្ម ទួទាំងប្រទេស។

មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅទូទាំងប្រទេសក្រិក កាលពីថ្ងៃសុក្រ សប្តាហ៍នេះ ដើម្បីទាមទារយុត្តិធម៌សម្រាប់មនុស្ស យ៉ាងហោចណាស់ ៥៧ នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងគ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ដោយក្រុមអ្នកតវ៉ាខ្លះបានថ្កោលទោសសោកនាដកម្មនេះថាជា “ឧក្រិដ្ឋកម្ម”។

ប៉ូលិសបានប៉ះទង្គិចជាមួយបាតុករមួយចំនួន ក្នុងការតវ៉ាមួយក្តាប់តូច ខណៈកំហឹងសាធារណៈបានកើនឡើងចំពោះតួនាទី ដែលការគ្រប់គ្រងរបស់រដ្ឋាភិបាលមិនត្រឹមត្រូវ ក្នុងសោកនាដកម្មនោះ។

គួររម្លឹកថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបានរត់ក្នុងចម្ងាយជាច្រើនគីឡូម៉ែត្រ នៅលើផ្លូវដូចគ្នា ជាមួយនឹងរថភ្លើងដឹកទំនិញដែលចូលមក មុនពេលបុកគ្នាដ៏រន្ធត់ កាលពីល្ងាចថ្ងៃអង្គារ សប្តាហ៍នេះ ដែលត្រូវបានរាយការណ៍ថា កើតឡើង បន្ទាប់ពីអ្នកគ្រប់គ្រងស្ថានីយ៍ នៅទីក្រុង ឡារីសា (Larissa) ភាគកណ្តាលនៃប្រទេសក្រិក បានបរាជ័យ ក្នុងការប្តូរផ្លូវរថភ្លើងមួយ ក្នុងចំណោមរថភ្លើងទាំងនេះ។

រថយន្តផ្ទុកអ្នកដំណើរបានដឹកនិស្សិតជាច្រើនត្រឡប់ពីថ្ងៃឈប់សម្រាកចុងសប្តាហ៍ ហើយយ៉ាងហោចណាស់មានយុវជន ៩ នាក់ដែលកំពុងសិក្សា នៅសាកលវិទ្យាល័យ អ៊ែរីស្ទូថល (Aristotle) ស្ថិតក្នុងចំណោមអ្នកស្លាប់ ខណៈដែល ២៦ នាក់ផ្សេងទៀតបានរងរបួស។

នាយករដ្ឋមន្ត្រីក្រិច ដែលកំពុងត្រៀមឈរឈ្មោះ សម្រាប់ការបោះឆ្នោតជាថ្មីទៀត នៅនិទាឃរដូវនេះ បានស្តីបន្ទោសគ្រោះមហន្តរាយនេះថា “កំហុសរបស់មនុស្សដ៏សោកសៅ” ។ ប៉ុន្តែ ការតវ៉ាស្តីបន្ទោសការជាសាធារណៈលើការគ្រប់គ្រងមិនត្រឹមត្រូវរបស់រដ្ឋាភិបាលបានបន្តមាន នៅថ្ងៃសុក្រ ក្នុងរដ្ឋធានី អាថែន (Athens) និងទីក្រុងសំខាន់ៗមួយចំនួន នៅទូទាំងប្រទេសក្រិក។

បាតុករឈ្មោះថា សូហ្វៀ អាយុ ២៣ ឆ្នាំ ជានិស្សិត បាននិយាយថា “អ្វីដែលបានកើតឡើងមិនមែនជាឧបទ្ទវហេតុនោះទេ វាគឺជាឧក្រិដ្ឋកម្ម”។ «យើងមិនអាចមើលរឿងទាំងអស់នេះកើតឡើងទេ ហើយនៅតែព្រងើយកន្តើយ»។

គ្រោះមហន្តរាយនេះបានបង្កឱ្យមានការរិះគន់យ៉ាងទូលំទូលាយចំពោះការបរាជ័យរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងបណ្តាញផ្លូវដែករបស់ខ្លួន៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner