រដ្ឋមន្ត្រីការបរទេសអាមេរិក និងរុស្ស៊ីជួបគ្នាជាលើកដំបូង ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង

ញូវដែលី:

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លិងកិន (Antony Blinken) បានប្រាប់ទៅកាន់សមភាគីរុស្ស៊ីលោក ស៊ែ ហ្គេ យ៍ ឡាវ រ៉ូ វ (Sergei Lavrov) ឱ្យបញ្ចប់សង្គ្រាមឈ្លានពានលើទឹកដីអ៊ុយក្រែន។ ការ លើក ឡើង នេះ គឺជា លើកដំបូងហើយ ដែល លោក ប្លិងកិន និយាយទៅកាន់ លោក ឡាវរ៉ូវ ទល់មុខដោយផ្ទាល់ ចាប់ តាំង ពីរុស្ស៊ី ចាប់ ផ្តើម ឈ្លានពាន អ៊ុយក្រែនកាលពីជាង មួយ ឆ្នាំ មុន។

គួរដឹងដែរថា កាល ពី ថ្ងៃ ព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេស ទាំង ពីរ បាន ជួប គ្នាក្រៅផ្លូវការ ក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះ អំឡុងពេលកិច្ច ប្រជុំ កំពូល G20 នៅ ក្នុង រដ្ឋធានីញូវដេលីប្រទេស ឥណ្ឌា ។ ក្នុងឱកាសនោះ លោក ប្លិងកិន ក៏ បាន លើក ឡើង ពី ករណី របស់ លោក Paul Whelan ជាជនជាតិ អាមេរិកាំងដែល ត្រូវ បាន ឃុំ ខ្លួននៅ ក្នុង ប្រទេស រុស្ស៊ីផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសមួយរូបបានឱ្យដឹងថា ការពិភាក្សារវាងអ្នកទាំងពីរនៅទីក្រុងញូវដេលីមានរយៈពេលតិចជាង ១០ នាទីប៉ុណ្ណោះ។ ជារួម លោក ប្លិងកិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួន៣ ក្នុងនោះរួមមានទី១ សង្រ្គាមនៅអ៊ុយក្រែន ទី២ សន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែររវាងអាមេរិកនិងរុស្ស៊ី និងទី៣ លោក Paul Whelan ជាជនជាតិ អាមេរិកាំងដែល ត្រូវ បាន ឃុំ ខ្លួននៅ រុស្ស៊ី។

លោក ប្លិងកិន បានថ្លែងនៅក្នុងសន្និសីទខ្លីមួយបន្ទាប់ពីកិច្ចពិភាក្សាថា «ខ្ញុំបានប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី (លោក ស៊ែ ហ្គេ យ៍ ឡាវ រ៉ូ វ) នូវអ្វីដែលខ្ញុំ និងអ្នកផ្សេងទៀតជាច្រើនបានជជែកកាលពីសប្តាហ៍មុននៅឯអង្គការសហប្រជាជាតិ និងអ្វីដែលរដ្ឋមន្ត្រីការបរទេស G20 ទាំងអស់បាននិយាយនៅថ្ងៃនេះ នោះគឺត្រូវបញ្ចប់សង្គ្រាមឈ្លានពាននេះភ្លាម ហើយចូលរួមដោះស្រាយក្នុងផ្លូវការទូតប្រកបដោយអត្ថន័យដែលអាចបង្កើតឱ្យមានយុត្តិធម៌ និងសន្តិភាពយូរអង្វែង»។

រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ បានឱ្យដឹងបន្ថែមថា លោកក៏បានជំរុញឱ្យរុស្ស៊ីចូលរួមឡើងវិញនូវការគោរពតាមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ឬហៅកាត់ថា ញូវស្តាត (New START)។ លោកក៏បានពណ៌នាថា វាគឺជារឿងដែលគ្មានទំនួលខុសត្រូវសោះឡើយដែលរុស្ស៊ីបានសម្រេចផ្អាកការចូលរួមរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងកាលពីថ្មីៗនេះ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថាកិច្ចប្រជុំរវាងរដ្ឋមន្ត្រីទាំងពីរនេះគឺពិតជាបានធ្វើឡើងពិតមែន ប៉ុន្តែលោកស្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ គួររម្លឹកថា លើកចុងក្រោយដែលលោក ប្លិងកិន និងលោក ឡាវរ៉ូវ ធ្លាប់បានជួបគ្នាគឺនៅទីក្រុងហ្សឺណែវកាលពីខែមករា ឆ្នាំ២០២២។

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក ឡាវរ៉ូវ បានចោទប្រកាន់បណ្ដាប្រទេសលោកខាងលិចថា បានព្យាយាមបង្កើនឥទ្ធិពលលើរដ្ឋអព្យាក្រឹត បង្ខំឱ្យរដ្ឋទាំងនោះថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក បានមានប្រសាសន៍ ថា « លោក ខាង លិចបានបន្ត ការ ព្យាយាម របស់ ខ្លួន ដើម្បី ជំរុញ អ្នក រាល់ គ្នា និងបង្ខំ អ្វីៗគ្រប់យ៉ាងទាំងអស់»។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះមិនបានបកស្រាយច្រើនអំពីជំនួបជាមួយសមភាគីអាមេរិកនោះទេ ប៉ុន្តែជាការពិតណាស់ថា វាមិនមែនជាការចរចាតាមបែបការទូតនោះទេ។ ជាការកត់សម្គាល់ ក្នុងអំឡុងពេលកិច្ចប្រជុំ G20 លោកបានចោទប្រកាន់លោកខាងលិចថាបានលើកទឹកចិត្តឱ្យរដ្ឋាភិបាលទីក្រុងគៀវប្រទេសអ៊ុយក្រែន បន្តធ្វើសង្រ្គាមជាមួយខ្លួន។

កាលពីឆ្នាំកន្លងទៅ ការបរាជ័យរបស់រដ្ឋមន្ត្រីការបរទេសក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍រួមមួយបានបង្ហាញឱ្យឃើញថា ប្រទេសមួយចំនួនបានប្រកាន់ជំហរខុសគ្នាជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន។ ដោយឡែក លោក ប្លិងកិន ត្រូវបានគេរាយការណ៍ថា លោកបានខិតខំប្រឹងប្រែងពិភាក្សាជាមួយអ្នកការទូតកំពូលៗក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងញូវដេលី ដើម្បីប្រមូលផ្តុំសម្លេងគាំទ្រប្រទេសអ៊ុយក្រែន។

លោក បានប្រកាស ថ្កោលទោស រុស្ស៊ី ជាថ្មីម្តងទៀត ទៅកាន់ ក្រុមប្រឹក្សា សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅ ទីក្រុង ហ្សឺណែវ នៅប៉ុន្មានម៉ោង ក្រោយ ក្នុងថ្ងៃដដែលនោះ នេះបើយោង តាម វីដេអូមួយ។ លោក បានបន្ថែមថា ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនបាន បង្ហាញពីឆន្ទៈចូលរួមដោះស្រាយបញ្ហានេះនោះទេ។ គួរបញ្ជាក់ថាកិច្ចប្រជុំកំពូល G20 ជាកិច្ចប្រជុំដែលមានការចូលរួមពីបណ្ដាប្រទេសអ្នកមានបំផុតទាំង ១៩ ប្រទេសនៅលើពិភពលោក បូករួមទាំងសហភាពអឺរ៉ុបផងដែរនោះ។ G20 មានទំហំសេដ្ឋកិច្ចរហូតដល់ទៅ ៨៥% នៃទិន្នផលសេដ្ឋកិច្ចសរុបរបស់ពិភពលោក និងពីរភាគបីនៃចំនួនប្រជាជនសរុបទូទាំងពិភពលោក៕
ដោយ:ធា សុណា

ads banner