ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ មានកត្តាសំខាន់៤យ៉ាង សម្រាប់នាំបុគ្គលគ្រប់រូប និងប្រទេសជាតិទាំងមូលឆ្ពោះទៅរកភាពជោគជ័យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានថ្លែងបញ្ជាក់ថា មានកត្តាសំខាន់៤យ៉ាង សម្រាប់នាំបុគ្គលគ្រប់រូប និងប្រទេសជាតិទាំងមូលឆ្ពោះទៅរកភាពជោគជ័យ។ កត្តាដែលនាំបុគ្គលទទួលបានជោគជ័យ មានជាអាទិ៍៖ ទី១)សមត្ថភាព និងចំណេះដឹងពិតប្រាកដ ទី២)មានប្រៀបក្នុងការប្រកួតប្រជែងក្នុងបរិបទទីផ្សារសេរី ទី៣)ចេះចាប់ឱកាស ហើយបន្តអភិវឌ្ឍខ្លួន និងទី៤)មានភាពឯករាជ្យម្ចាស់ការក្នុងការបំប្លែងគំនិតឱ្យទៅជាលទ្ធផលជាក់ស្តែង ដែលនេះស្របទៅនឹងទស្សនៈរបស់សម្តេចតេជោ គឺ “ខ្មែរធ្វើបាន”។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កត្តាដែលនាំឱ្យប្រទេសជាតិទទួលបានជោគជ័យ មានជាអាទិ៍៖ ទី១.យុគសម័យបច្ចេកវិទ្យាទំនើប ដែលអាចជួយឱ្យផ្លោះរំលងដំណើរការមួយចំនួនបានប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ទី២.ខ្មែរគឺជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿង ប៉ុន្តែបានបាត់បង់ឱកាសគ្រប់យ៉ាងដោយសារសង្គ្រាមញាំញី។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន កត្តាសុខសន្តិភាពបានជួយឱ្យយើងមានលទ្ធភាពងើបទ្បើង និងបោះជំហានទៅមុខដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ ទី៣.ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដែលកំពុងមាន បានជួយឱ្យកាត់បន្ថយគម្លាតជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក និងទី៤.ការរក្សាបាននូវឯករាជ្យ និងស្វ័យម្ចាស់ការលើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន បុគ្គលគ្រប់រូបគប្បីហាត់ពត់លត់ដំខ្លួន ដោយធ្វើការពិនិត្យ និងសង្កេតលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ មានជាអាទិ៍៖ ទី១.ធ្វើខ្លួនឱ្យសាមញ្ញ ហើយផ្ចិតផ្ចង់យកចិត្តទុកដាក់លើគ្រប់ការងារចាប់តាំងពីតូចបំផុត រហូតដល់ធំបំផុតប្រកបដោយការឱនបន្ទាបខ្លួនស្របតាមសុភាសិតខ្មែរ «ងើយស្កក ឱនដាក់គ្រាប់»។ ទី២.ត្រូវមានភាពធន់ ពីព្រោះជីវិតតែងជួបនូវភាពបរាជ័យ ប៉ុន្តែភាពតស៊ូ អំណត់ និងក្លាហាន អាចជួយបង្កើនឱកាសវិជ្ជមានជាច្រើនសម្រាប់យើង។ ទី៣.បន្តអភិវឌ្ឍខ្លួន ដោយមិនបៀបធៀបជាមួយអ្នកដទៃ និងទី៤.ខិតខំប្រឹងប្រែងទ្រទ្រង់ជីវភាពដោយខ្លួនឯង និងពុំត្រូវទន្ទឹងរង់ចាំការទំនុកបម្រុងពីអ្នកដទៃឡើយ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយភាពជោគជ័យ បន្ទាប់ពីចំណាយពេលវេលា និងកម្លាំងកាយចិត្តអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ភាពជោគជ័យនេះ មិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែកពីតួអង្គពាក់ព័ន្ធជាច្រើន ជាអាទិ៍៖ (i) មាតាបិតា និងអាណាព្យាបាល ដែលតែងទំនុកបម្រុងជាប់ជាប្រចាំ ជាមួយនឹងក្តីសង្ឃឹមយ៉ាងណាឱ្យកូនជាទីស្រលាញ់ទទួលបានការពអប់រំខ្ពស់ និងមានអនាគតរុងរឿង, (ii) សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការជួយអប់រំផ្តល់ចំណេះដឹងប្រកបដោយគុណធម៌ សីលធម៌ ដើម្បីឱ្យនិសិ្សតទទួលបាននូវពុទ្ធិ និងសមត្ថភាព (iii)គណៈគ្រប់គ្រងសាលា ដែលតែងផ្តល់នូវការដឹកនាំគ្រប់គ្រង និងតម្រង់ទិសដល់និស្សិតឱ្យឆ្ពោះមុខ ធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាពស្របតាមតម្រូវការជូនដល់សង្គមជាតិ និង (iv) ក្រសួងអប់រំដែលយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព ធានាធ្វើយ៉ាងណាលើកកម្ពស់មូលធនមនុស្សនៅកម្ពុជាឱ្យមានកម្រិតទ្បើងស្របនឹងដំណើរអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ និងស្តង់ដារអន្តរជាតិ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner