ក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ TSMC នឹងជ្រើសរើសវិស្វករចំនួន ៦ ០០០ នាក់ នៅឆ្នាំ២០២៣នេះ

តៃប៉ិ៖ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ដ៏ធំ បំផុត របស់ពិភពលោកនឹងជ្រើសរើសបុគ្គលិកថ្មីជាង ៦ ០០០ នាក់នៅឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ ក្រុមហ៊ុន នាថ្ងៃសៅរ៍ ទី៤ មីនា។

យុទ្ធនាការជ្រើសរើសបុគ្គលិកថ្មីនេះកើតឡើង បើទោះបីជាមានការធ្លាក់ ចុះជាសកលនៅក្នុងឧស្សាហកម្មបន្ទះឈីបក៏ដោយ។ យោងតាម TSMC ក្រុមហ៊ុននឹងស្វែងរកវិស្វករវ័យក្មេងដែលក្នុងនោះរួមមានអ្នកជំនាញ និស្សិត បរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី ឬផ្នែកដែលទាក់ទង នឹង កម្មវិធី software នៅក្នុងទីក្រុងនានាទូទាំងប្រទេសតៃវ៉ាន់។

ក្រុមហ៊ុនបានឱ្យដឹងដែរថាប្រាក់បៀវត្សសរុបជាមធ្យមរបស់វិស្វករថ្មីដែលមានសញ្ញាបត្រអនុបណ្ឌិតគឺ ២លានដុល្លារតៃវ៉ាន់ ឬស្មើនឹងប្រមាណជា ៦៥ ៥៧៨ ដុល្លារអាមេរិក។
គួរជ្រាបថា ការធ្លាក់ចុះនៃតម្រូវការគ្រឿងអេឡិចត្រូនិកក្រោយមានការ ទិញស្តុកទុកច្រើន បានរុញច្រានឱ្យមានការធ្លាក់ចុះក្នុងឧស្សាហកម្មបន្ទះ ឈីប។ ចាប់តាំងពីចុងឆ្នាំ ២០២២មក ក្រុមហ៊ុនបន្ទះឈីបមួយចំនួននៅ ជុំវិញ ពិភពលោកលែងសូវបណ្តាក់ទុនវិនិយោគ។
ជាក់ស្តែង ក្រុមហ៊ុនអាមេរិក Intel Corp ថ្មីៗនេះបានប្រកាសថាខ្លួននឹង កាត់ បន្ថយការចំណាយលើ បុគ្គលិក និងថ្នាក់ដឹកនាំក្រុមហ៊ុនពីចំនួន ៥ភាគរយទៅ២៥ភាគរយ។
ក៏ប៉ុន្តែ ភាពលេចធ្លោរបស់ក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ TSMC ក្នុងការបង្កើត បន្ទះឈីបទំនើបបំផុតមួយចំនួនសម្រាប់អតិថិជនលំដាប់ខ្ពស់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple Inc បានការពារ TSMC ពីការធ្លាក់ចុះក្នុង មុខជំនួញ។
ក្រុមហ៊ុន TSMC បានកាត់បន្ថយការចំណាយលើការវិនិយោគប្រចាំឆ្នាំរបស់ ខ្លួនបន្តិចបន្តួចសម្រាប់ឆ្នាំ ២០២៣ ហើយបានព្យាករពីការធ្លាក់ចុះប្រាក់ ចំណូលនៅត្រីមាសទី១ ប៉ុន្តែក្រុមហ៊ុនរំពឹងថាតម្រូវការនឹងកើនឡើង វិញនៅឆមាសទី២នៃឆ្នាំ២០២៣នេះ៕
ដោយ៖ គីម លីលីយ៉ា

ads banner