រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងនគរបាល វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែមានលទ្ធផលល្អប្រសើរថែមទៀត ដើម្បីផលប្រយោជន៍រួម នៃប្រទេសទាំងពីរ

វៀតណាម ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងនគរបាល វៀតណាម ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដែលភាគីវៀតណាម ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ។

សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម បានថ្លែងអំណរគុណទៅវិញទៅមកចំពោះការខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាឆ្នាំកន្លងទៅ ដែលនាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះផែនការសហប្រតិបត្តិការនាឆ្នាំថ្មីខាងមុខនេះ ដោយមានក្ដីរំពឹងថា នឹងកាន់តែមានលទ្ធផលល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចការងារចាប់ពីថ្ងៃទី ៣ ដល់៥ ខែមីនា ឆ្នាំ២០២៣ ។

ដំណើរទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយ សម្ដេចក្រឡាហោម នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់ អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner