លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សម្តេចតេជោជាបីតាស្ថាបនិកសន្តិភាព និងជាអគ្គមគុទេសដ៏ឆ្នើមសម្រាប់ប្រទេសកម្ពុជា
កណ្តាល៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល ជាមួយ មេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ សរុប ១.១៧៨នាក់ នៅស្នាក់ការគណបក្សខេត្តកណ្តាល នារសៀល ថ្ងៃសៅរ៍ ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ពី សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យនាពេលនេះ។
លោកជំទាវ បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការខាងផ្នែករដ្ឋបាលសង្គម និងសេដ្ឋកិច្ច ជាបន្តបន្ទាប់ ដោយបាន ផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ កម្មករ កម្មការិនី រួមទាំងក្មួយៗ បងប្អូនជនក្រីក្រ តាមរយៈ ការដាក់ចេញនូវគោល នយោបាយជាតិគាំពារសង្គមជាដើម។ ដោយឡែកការជួបសំណេះសំណាលនៅក្នុងថ្ងៃនេះ ក៏បានបង្ហាញអំពីការយកចិត្តទុក្ខដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល ចំពោះបុគ្គលិកដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ នាពេលនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរួមសុខទុក្ខជាមួយប្រជាពរដ្ឋ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត
សម្តេចតេជោ ហ៊ុន សែន ជាបីតាស្ថាបនិកសន្តិភាព និងជាអគ្គមគុទេសដ៏ឆ្នើមសម្រាប់ប្រទេសកម្ពុជា ។
លោកជំទាវ ម៉ែន សំអន ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម គង់ សោភណ្ឌ និងលោកជំទាវ ជូនដល់បុគ្គលិកដែលបានចូលរួមចំនួន ១.១៧៨នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៨ម៉ឺនរៀល ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ










