ធនាគារពិភពលោក (WB) ៖ គ្រោះរញ្ជួយដីបង្កការខូចខាតដោយផ្ទាល់នៅស៊ីរី មានទំហំរហូតដល់ ៥.១ប៊ីលានដុល្លារ

វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាដែលបង្កការវាយប្រហារកាលពីខែកុម្ភៈកន្លងមកនេះ បានធ្វើឱ្យប្រទេសស៊ីរីរងការខូចខាតសេដ្ឋកិច្ចដោយផ្ទាល់ចំនួន ៥.១ប៊ីលានដុល្លារ។

គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរកាលពីថ្ងៃទី៦ ខែកុម្ភៈ បានវាយប្រហារប្រទេសតួកគី និងស៊ីរី ដោយបានបំផ្លិចបំផ្លាញទីក្រុងជាច្រើន និងបានសម្លាប់មនុស្សជាង ៥០,០០០នាក់នៅក្នុងប្រទេសទាំងពីរ។ ចំណែកមនុស្សរាប់លាននាក់ទៀតកំពុងត្រូវការជំនួយជាបន្ទាន់ ព្រមទាំងទីជម្រកស្នាក់នៅ និងការថែទាំសុខភាពជាដើម។

ជាមួយគ្នានេះ ធនាគារពិភពលោក (WB) បានបញ្ជាក់នៅក្នុងការប៉ាន់ប្រមាណចុងក្រោយរបស់ខ្លួនថា តម្លៃបច្បុប្បន្ននៃការខូចខាត និងការបំផ្លិចបំផ្លាញត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ១០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសស៊ីរី។ ធនាគារនេះបន្ថែមថា គ្រោះមហន្តរាយនឹងបណ្តាលឱ្យមានការថយចុះនៃសកម្មភាពសេដ្ឋកិច្ច ដែលនឹងថ្លឹងថ្លែងបន្ថែមទៀតលើទស្សនវិស័យកំណើនរបស់ប្រទេសស៊ីរី។

នៅក្នុងការវាយតម្លៃដាច់ដោយឡែកមួយកាលពីខែមុន ធនាគារពិភពលោក (WB) ក៏បានប៉ាន់ប្រមាណដែរថា គ្រោះរញ្ជួយដីកន្លងមកនេះ បានបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ចដោយផ្ទាល់ចំនួន ៣៤.២ប៊ីលានដុល្លារនៅក្នុងប្រទេសតួកគី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner