សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងប្រកាសធ្វើសមយុទ្ធយោធាធំបំផុតប្រចាំឆ្នាំ ដោយមិនខ្វល់ពីការព្រមានរបស់កូរ៉េខាងជើង
វ៉ាស៊ីនតោន៖ យោធាអាមេរិក និងកូរ៉េខាងត្បូងបានប្រកាសគ្រោងធ្វើសមយុទ្ធរួមគ្នាដ៏ធំបំផុតរបស់ប្រទេសទាំងពីរក្នុងរយៈពេលយ៉ាងតិចប្រាំឆ្នាំ ដោយប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង ដែលសមយុទ្ធបែបនេះអាចត្រូវបានចាត់ទុកថា ជា “ការប្រកាសសង្គ្រាម” ហើយនឹងនាំឱ្យមានការប្រឆាំងដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក។
សមយុទ្ធយោធានេះ គ្រោងនឹងចាប់ផ្តើមឡើងពីថ្ងៃទី១៣ ខែមីនា ដល់ថ្ងៃទី២៣ ខែមីនាខាងមុខ ហើយនឹងក្លាយជាសមយុទ្ធរួមគ្នាដ៏ធំបំផុត ដែលធ្វើឡើងដោយប្រទេសសម្ព័ន្ធមិត្តទាំងពីរ ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្ថយការហ្វឹកហាត់បែបនេះ ចំពេលមានកិច្ចចរចាសន្តិភាពជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
អ្នកនាំពាក្យកងកម្លាំងអាមេរិក លោកវរសេនីយ៍ឯក Isaac Taylor បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្នុងទីក្រុងសេអ៊ូលថា សមយុទ្ធរួមគ្នាដែលគេហៅថា Freedom Shield និង Warrior Shield ត្រូវបានបង្កើតឡើងដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរបស់សម្ព័ន្ធមិត្ត ចំពេលមានការផ្លាស់ប្តូរបរិយាកាសសន្តិសុខ (ការឈ្លានពានរបស់កូរ៉េខាងជើង) និង មេរៀនដែលបានរៀនពីសង្គ្រាម និងជម្លោះនាពេលថ្មីៗនេះ។
បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង គោលបំណងនៃការធ្វើសមយុទ្ធនេះ គឺដើម្បីបង្ហាញពីការរារាំងដ៏រឹងមាំ និងគួរឱ្យជឿជាក់របស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ទីក្រុងព្យុងយ៉ាងបានហៅការធ្វើសមយុទ្ធរួមគ្នាបែបនេះថាជាការហាត់សមសម្រាប់ការឈ្លានពាន ដោយមន្ត្រីកូរ៉េខាងជើងបាននិយាយកាលពីខែមុនថា សមយុទ្ធរួមគ្នានាពេលខាងមុខក្នុងឆ្នាំនេះ គឺជា “ការត្រៀមរៀបចំសម្រាប់សង្គ្រាមឈ្លានពាន” ដោយបន្ថែមថា ឧបទ្វីបកូរ៉េនឹងធ្លាក់ចូលទៅក្នុងរណ្តៅនៃភាពតានតឹងម្តងទៀត៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា






