រុស្ស៊ីលែងចាត់ទុកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបានទៀតហើយ
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានប្រាប់សន្និសីទនៅប្រទេសឥណ្ឌាថា ប្រទេសរុស្ស៊ីលែងយល់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបានទៀតហើយ ហើយនឹងមិនអនុញ្ញាតឱ្យខ្លួនពឹងផ្អែកលើពួកគេឡើយ។
លោក ឡាវរូវ បានឆ្លើយតបនឹងសំណួរអំពីគោលនយោបាយថាមពលរបស់រុស្ស៊ីថា យើងនឹងមិនពឹងផ្អែកលើដៃគូណាមួយនៅលោកខាងលិចទៀតទេ… យើងនឹងមិនអនុញ្ញាតឱ្យពួកគេបំផ្ទុះបំពង់បង្ហូរប្រេងម្តងទៀតទេ។ លោក ឡាវរូវ បានសំដៅដល់ការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរឧស្ម័ន Nord Stream ដែលតភ្ជាប់ប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់តាមរយៈសមុទ្របាល់ទិក។|
បំពង់នេះត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយការផ្ទុះកាលពីចុងខែកញ្ញា ជាទង្វើមួយដែលរុស្ស៊ីចាត់ទុកថា មានផលប្រយោជន៍យ៉ាងច្រើនដល់សហរដ្ឋអាមេរិក។ កន្លងមក ទីក្រុងវ៉ាស៊ីនតោនបានរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបជាយូរមកហើយ ចំពោះការពឹងផ្អែកលើថាមពលរុស្ស៊ីដែលមានតម្លៃទាប។
អ្នកផលិតឧស្ម័នធម្មជាតិរាវរបស់អាមេរិកបានដណ្តើមយកទីផ្សារថាមពលអឺរ៉ុបមួយផ្នែកធំ បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចចិត្តផ្តាច់ការផ្គត់ផ្គង់របស់រុស្ស៊ី ក្រោយមានជម្លោះនៅអ៊ុយក្រែន។
លោក ឡាវរូវ បានអះអាងទៀតថា គោលដៅនៃវិបត្តិនេះ គឺធ្វើឱ្យអឺរ៉ុបអន់ថយ ទៅជាអ្នកក្រោមឱវាទរបស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការប្រកួតប្រជែងរបស់អឺរ៉ុប ក៏ដូចជាបំផ្លាញទំនាក់ទំនងសេដ្ឋកិច្ចរវាងសហភាពអឺរ៉ុប និងរុស្ស៊ី។
ប្រមុខការទូតរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមានទីផ្សារផ្សេងទៀត ដែលអាចទទួលយកផលិតផលរបស់ខ្លួនបាន ហើយថា យើងនឹងតម្រង់ទិសទៅរកដៃគូដែលអាចទុកចិត្តបាន… ដៃគូដែលអាចជឿទុកចិត្តបាន… ក្នុងនោះឥណ្ឌា និងចិន គឺពិតជាស្ថិតក្នុងចំណោមប្រទេសដៃគូទាំងនោះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា




