បៃដិនរំពឹងថានឹងរឹតបន្តឹងច្បាប់ស្តីពីការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសចិន
អាមេរិក៖រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ចូ បៃដិន ជិតនឹង រឹតបន្តឹតច្បាប់លើការវិនិយោគក្រៅប្រទេសមួយចំនួនដោយក្រុមហ៊ុនអាមេរិក ដើម្បីជាកិច្ចប្រឹងប្រែងកំណត់សមត្ថភាពរបស់ចិនក្នុងការ ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដែលអាចឱ្យប្រទេសនេះយកទៅ ធ្វើ ទំនើប កម្មយោធា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារ សារព័ត៌មាន AP ដែលស្រង់សម្ដីមន្រ្តីអាមេរិកនិយាយជាអនាមិក។
ប្រភពឱ្យដឹងថា បទបញ្ជាប្រតិបត្តិដែលរំពឹងថានឹងចេញតាមការ ប្រកាស របស់លោក បៃដិន ក្នុងពេលឆាប់ៗនេះ នឹងកម្រិតលើការ វិនិយោគរបស់អាមេរិកលើវិស័យបច្ចេកវិទ្យាទំនើបៗដែលបម្រើការក្នុងសន្តិសុខជាតិ ដូចជាសព្វាវុធយោធាជំនាន់ក្រោយៗ ដែលអាចជួយ ចិនក្នុងការកែលម្អល្បឿន និងភាពត្រឹមត្រូវនៃការសម្រេចចិត្តយោធា។ ជំហានរបស់រដ្ឋបាលបៃដិននេះ គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ បង្អស់ របស់សេតវិមានដើម្បីកំណត់គោលដៅលើវិស័យយោធា និង បច្ចេកវិទ្យារបស់ចិន ខណៈដែលទំនាក់ទំនងរវាងប្រទេស ទាំងពីរ កាន់តែអាក្រក់ទៅៗ។
កាលពីខែតុលា រដ្ឋបាល បៃដិន បានដាក់ការត្រួតពិនិត្យការនាំចេញ ដើម្បី កំណត់សមត្ថភាពរបស់ចិនក្នុងការប្រើប្រាស់បន្ទះឈីបទំនើប ដែលរដ្ឋបាលនិយាយថា អាចយកទៅប្រើដើម្បីផលិតអាវុធ ប្រព្រឹត្ត ការរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យប្រសើរឡើងនូវល្បឿន និងភាពត្រឹម ត្រូវនៃភស្តុភារយោធារបស់ខ្លួន។
ទំនាក់ទំនងដ៏ត្រដាបត្រដួសរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង កាន់តែយ៉ាប់យឺនទៅៗក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ពោលគឺបន្ទាប់ពីសហរដ្ឋអាមេរិកបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិនកាលពីខែមុន។ ហើយភាពស្មុគស្មាញកាន់តែធំទៀតនោះគឺ សហរដ្ឋ អាមេរិកបានបង្កើនការព្រួយបារម្ភ ជុំវិញការអះអាងដែលថា ចិន កំពុងពិចារណាផ្គត់ផ្គង់សព្វាវុធឱ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់នៅ អ៊ុយក្រែន។
បើយោងតាមសម្ដីរបស់មន្រ្តីប្រភពដដែល ក្រុមមន្ត្រីរដ្ឋបាលបៃដិនក៏ កំពុងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តផងដែរ នៅពេលធ្វើការ លើការបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការវិនិយោគរបស់សហរដ្ឋអាមេរិក។ បន្ថែមពីនេះ កាលពីថ្ងៃសៅរ៍ កាសែត The Wall Street Journal បានរាយការណ៍ជាលើកដំបូងលើបញ្ហានេះថា ក្រសួងរតនាគារ និង ពាណិជ្ជកម្ម បានផ្តល់របាយការណ៍ដល់សមាជិកសភាកាលពីថ្ងៃសុក្រ ដោយលម្អិតអំពីផែនការសម្រាប់ប្រព័ន្ធគ្រប់គ្រងថ្មី ដើម្បីដោះស្រាយ ការវិនិយោគនៅបរទេសរបស់សហរដ្ឋអាមេរិកក្នុងវិស័យបច្ចេកវិទ្យាទំនើបៗ។
សកម្មភាពដែលរំពឹងទុកទាំងនេះ ប្រាកដណាស់ថានឹងប្រឈមមុខនឹង ប្រតិ កម្មជាអវិជ្ជមានពីក្រុមហ៊ុនអាមេរិក។ យ៉ាងណាមិញ មន្ត្រី រដ្ឋបាលកន្លងមកបានពន្យល់ផ្តល់សញ្ញាដល់សហគមន៍ក្នុងវិស័យធុរកិច្ចថា បើទោះបីជាពួកគេសម្លឹងមើលច្បាប់ស្តីពីការវិនិយោគរបស់ សហរដ្ឋអាមេរិកនៅក្នុងប្រទេសចិនក៏ដោយ ក៏ការណ៍នោះមិន ហួសហេតុដែរ ដោយមានការបែងចែកច្បាស់រវាងការប្រកួត ប្រជែង ពាណិជ្ជកម្ម និងសន្តិសុខជាតិ៕
ដោយ៖ហួន ឌីណា