អ្នកជំនាញណែនាំកសិករឱ្យរៀនធ្វើជីកំប៉ុសដោយខ្លួនឯង ដើម្បីកាត់បន្ថយថ្លៃដើម
ភ្នំពេញ៖ការនាំចូលជីកសិកម្មនិងថ្នាំសម្លាប់សត្វល្អិតឬស្មៅ នៅក្នុង រយៈ ពេល ១២ ខែឆ្នាំ ២០២២ កន្លងទៅ មានទំហំទឹកប្រាក់សរុបជាង ៤៨០ លានដុល្លារ កើនឡើងប្រមាណ ៦ ភាគរយ បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ ២០២១។ នេះបើតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បញ្ហាឡើងថ្លៃនៃជីកសិកម្មនេះ ក៏មិនមែនទើបនឹងកើតឡើងដែរ ពោលគឺប្រជាកសិករមានការរអ៊ូរទាំតាំងតែពីការផ្ទុះជំងឺកូវីដ១៩មកម៉្លេះ ហើយបញ្ហានេះក៏នៅតែបន្តកើតមាន ដោយសារតែកសិកម្មកម្ពុជា ពឹងផ្អែកច្រើនលើ ជីកសិកម្មនាំចូល។
ជំនួសឱ្យការរអ៊ូរទាំពីការឡើងថ្លៃនៃជីកសិកម្ម អ្នកជំនាញកសិកម្ម បណ្ឌិត សួង ណយ បានបន្តណែនាំ និងជំរុញកសិករឱ្យរៀនធ្វើជីកំប៉ុស ដោយខ្លួនឯង សម្រាប់ប្រើប្រាស់លើដំណាំរបស់ខ្លួន ដែលអាច ចំណេញ បានទាំងថ្លៃដើម និងកាត់បន្ថយការប៉ះពាល់ដល់សុខភាព អ្នកបរិភោគ។

បណ្ឌិត សួង ណយ បែរជាយល់ឃើញថាការឡើងថ្លៃនៃជីកសិកម្ម ជាកាតាលីករមួយដែលអាចជំរុញឱ្យកសិករឈប់ពឹងផ្អែកខ្លាំងពេកលើជីគីមី ហើយចាប់ផ្ដើមងាកមកផលិតជីដោយខ្លួនឯងវិញ។

បណ្ឌិតបានលើកឡើងថា កម្ពុជាខាតបង់សេដ្ឋកិច្ចអស់ច្រើន ណាស់ លើការទិញជីគីមីនេះក្នុងមួយឆ្នាំៗ ហើយអ្វីដែលគេមិន បានចាប់ អារម្មណ៍ទៀតនោះគឺការចំណាយប្រាក់អស់ជាច្រើនលើការថែទាំសុខភាព បន្ទាប់ពីរាងកាយប្រជាជនរងផលប៉ះពាល់ដោយសារសារធាតុគីមី។

ម្យ៉ាងទៀត លោកបានមើលឃើញពីការខ្ជះខ្ជាយធនធានរបស់កសិក រ យើង ដោយ ៖ «សំណល់ផ្ទះបាយ ជាច្រើនត្រូវបានប្រជាជនយើង បោះចោល ដោយមិនយកវាទៅប្រើជាជី ពេលខ្លះមិនមែនពួកគាត់ មិនដឹងទេថាសំណល់អស់ទាំងនោះមានប្រយោជន៍ តែមកពីខ្លួន គាត់មិន ចង់ធ្វើ គឺចង់តែទិញស្រាប់ៗ»។
ជាមួយគ្នានេះបណ្ឌិតក៏បានរំលេចពីការប្រើប្រាស់កាកសំណល់ផ្ទះបាយដែរថា ៖ «ប្រជាជនអាចជ្រើសរើសប្រើប្រាស់កាកសំណល់ ផ្ទះបាយរួមមាន ទឹកអង្ករបានមកពីការលាងសម្អាតអង្ករសម្រាប់ចម្អិន បាយ មេ EMដែលអាចលាយខ្លួនឯងបាន និងស្ករល្ងរ (មេជីសេរីរាង្គ) ដែលមានលក់នៅលើទីផ្សារស្រាប់យកមកលាយបញ្ចូលគ្នា ដោយ ចំណាយថវិកាតិចតួចបំផុត គឺតិចជាងតម្លៃជីគីមីខ្លាំងណាស់ ហើយ អាចប្រើប្រាស់បាននៅលើផ្ទៃដីទំហំធំគួរសម»។
មិនត្រឹមតែប៉ុណ្ណោះ ជីធម្មជាតិ ឬហៅថា ជីកាកសំណល់ផ្ទះបាយនេះ ថែម ទាំងអាចជួយទៅលើ ផ្នែកបរិស្ថាន ដោយការប្រើកាក សំណល់ ឱ្យអស់លទ្ធភាព ហើយមិនបន្សល់សម្រាប់ឲ្យសត្វល្អិតផ្សេងៗ មក បង្កើតជាមេរោគបានឡើយ។
ងាកទៅមើលកសិករនៅខេត្តកោះកុងឯណោះវិញ ដែលចូលចិត្តការ ដាំដំណាំចម្រុះគ្នា សម្រាប់ហូប នៅក្នុងគ្រួសារផ្ទាល់ ក៏បានចែក រំលែកពីផលចំណេញនៃការធ្វើជីកំប៉ុសផងដែរ។
លោក នី ប៊ុនថា ដែលកសិករភាគច្រើនស្គាល់រូបលោកតាមរយៈ បណ្ដាញសង្គម «រៀនដាំ» បានចែក រំលែកពីការធ្វើជីកំប៉ុសដែល ប្រើប្រាស់ត្រឹមតែសំបកពងមាន់ និងពងទាប៉ុណ្ណោះ។
លោក បានរៀបរាប់ពីការធ្វើជីកំប៉ុសទឹកនេះថា ៖ «គ្រាន់តែយក សំបកពងមាន់ ឬពងទាទៅហាលថ្ងៃ ឱ្យស្ងួត ហើយច្របាច់វាឱ្យល្អិត លាយវាចូលទឹក និងថែមស្ករល្ងរ ហើយទុកចោលរយៈពេលបីថ្ងៃ គឺអាចប្រើប្រាស់លើដំណាំបានហើយ»។
លោកបានបន្តទៀតថា សំបកពងមាន់ ឬពងទាចំនួន៥គ្រាប់ ត្រូវប្រើជាមួយទឹកចំនួន ១លីត្រកន្លះ ទៅពីរលីត្រ និងប្រើស្ករ ល្ងរមួយស្លាបព្រាបាយ។ ក្នុងករណីចង់ឱ្យជីទឹកឆាប់កាច់ចូលគ្នាបានល្អ ប្រជាកសិករអាច បន្ថែមមេជីមួយស្លាបព្រាបាយបន្ថែម។
ជីប្រភេទ នេះ មាន សារធាតុកាល់ស្យូម និងជាតិដែកខ្ពស់ ដែលវាបានមកពីសំបកពងមាន់ ពងទា ហើយសារធាតុទាំងនេះ វាធ្វើឱ្យដីធូរ ហើយដំណាំក៏មិនសូវមានជំងឺ និងសត្វល្អិតផងដែរ។
ជាក់ស្ដែង លោកបានប្រើប្រាស់ជីទឹកដែលលាយបាននេះមួយស្លាព្រា លាយជាមួយទឹក១០លីត្រ ទៅ១៥លីត្រ សម្រាប់ស្រោចលើ ដំណាំចម្រុះរបស់លោកជាប្រចាំ។ ជាលទ្ធផល ដំណាំម្ទេស ស្ពៃ ជាពិសេសដំណាំមើមដូចជា ឆៃថាវ ការ៉ុត របស់លោកមាន សុខភាពល្អ និងឆាប់ទទួលផលផងដែរ។
កសិកររូបនេះ បានណែនាំបន្តដល់កសិករដទៃឱ្យរៀនលាយ ជីកំប៉ុសដោយខ្លួនឯង តាមរយៈការប្រើប្រាស់សំណល់ផ្ទះបាយ។ កន្លងមក លោកសង្កេតឃើញថា កសិករមួយចំនួនដែលគាត់មាន ចិញ្ចឹម មាន់ទា ឬភ្ញាស់មាន់ទា គាត់តែងតែចោលសំបកទាំងនេះ ដោយមិនបានដឹងទេថាវាមានសារៈប្រយោជន៍ច្រើនលើដំណាំ។
តាមរយៈការចែករំលែកបទពិសោធន៍នេះ លោកសង្ឃឹមថាអាចជា ឧទាហរណ៍ដ៏ល្អមួយក្នុងការទាញប្រជាកសិករជាច្រើននាក់ទៀតឱ្យឈប់ពឹងផ្អែកហួសហេតុទៅលើជីគីមីដែលនាំចូល ហើយងាក មកផលិតជីដោយខ្លួនឯង ដើម្បីសុខមាលភាពខ្លួនឯងផងដែរ៕
ដោយ៖កែវ បុស្បា