អត្ថន័យសំខាន់នៃពិធីបុកល័ក្ដក្នុងអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជា ដែលមានតាំងពី យូរ លង់ណាស់មកហើយដែលប្រជាជនតែងតែធ្វើតគ្នាមកនោះ មានពិធី ជាច្រើន ដែលសុទ្ធតែមានអត្ថន័យដោយឡែកៗពីគ្នា។ ក្នុងនោះដែរ យើង សង្កេតឃើញពិធីមួយ គឺពិធីបុកល័ក្ដ ដែលពិធីនេះធ្វើឡើង ដើម្បី ឱ្យកូនប្រុសស្រីយល់ពីបញ្ហាជីវិតគ្រួសារក្រោយពេលរៀបការ។
នេះបើតាមការលើកឡើងពីលោកអាចារ្យមង្គល ឆេង សាវេង ។

លោកបានប្រាប់ថា ពិធីបុកល័ក្ដនេះ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរហាក់មិនសូវធ្វើទេ ព្រោះអាស្រ័យលើ កត្តាជីវភាព។
លោកបានអះអាងថា ៖ «ការរៀបចំពិធីនេះចំណាយច្រើនលើអ្នកភ្លេង អ្នកកំប្លុកកំប្លែង អ្នករកល័ក្ដ និងលើលោកអាចារ្យផង ដូច្នោះមិនសូវ មានអ្នកធ្វើទេ សឹងតែថា១០០រោង មាន៤ ឬ៥រោងទេដែលធ្វើ»។
អត្ថន័យក្នុងការប្រារព្ធពីធីបុកល័ក្ដនេះឡើង ដូនតាខ្មែរគូស្វាមី ភរិយាក្រោយថ្ងៃរៀបការទទួលបានសេចក្ដីសុខ គឺលោកឱ្យអត់ធ្មត់ បីប្រការ ក្នុងនោះមាន ការអត់ធ្មត់ផ្លូវអារម្មណ៍, អត់ធ្មត់ផ្លូវចិត្ត និងអត់ធ្មត់ផ្លូវកាយ។
លោកអាចារ្យមង្គល ឆេង សាវេង បានពន្យល់ថា ការអត់ធ្មត់ផ្លូវ អាម្មណ៍ នេះ គឺកូនទាំងពីរធ្លាប់រស់នៅម្នាក់ឯង គឺធ្លាប់បណ្ដែត អារម្មណ៍ អាចគិតវែងឆ្ងាយភ្លេចបាយភ្លេចទឹកបាន។ ដូច្នេះលោកឱ្យ កាត់បន្ថយមកគិតអ្នកនៅជិតខ្លួន អ្នកនៅក្បែរខ្លួន។
លោកបានបន្តថា ៖ «រីឯអត់ធ្មត់ផ្លូវចិត្ត គឺចិត្តបុត្រាបុត្រីទាំងពីរ នៅ ម្នាក់ឯងធ្លាប់ចិត្តខ្លាំង ចិត្តដាច់ខាត ដូច្នេះសុំឱ្យកាត់បន្ថយកុំឱ្យចិត្ត ដាច់ខ្លាំងពេក ដែលបុរាណលោកថាដាច់គឺឃ្លាត ខាតគឺមិនចំណេញ។ ចំណែកអត់ធ្មត់ផ្លូវកាយ គឺបុត្រាបុត្រីរស់នៅម្នាក់ឯងធ្លាប់ប្រឡែង លេង ដៃធ្ងន់ ជើងធ្ងន់ ដូច្នេះសុំឱ្យកាត់បន្ថយមកដៃស្រាលជើងស្រាល ហើយភាពស្រទន់ទើបស្វាមីភរិយាបានសេចក្ដីសុខ»។
ការរៀបចំពិធីបុកល័ក្ដតាំងពីដើមរឿងមក តម្រូវឱ្យមានរណ្ដាប់ សំខាន់ៗប្រាំពីរមុខ។ វត្ថុទាំងប្រាំពីមុខនេះលោកយកមកប្រៀបធៀបថា មនុស្សទោះបី ជាកើត មកមានអាយុរាប់រយឆ្នាំយ៉ាងណាក៏ដោយ ក៏មិនអាច រំលងនូវថ្ងៃទាំងប្រាំពីរបាននោះទេ ដូច្នេះលោកមានវត្ថុទាំងប្រាំពីរ ដែលវត្ថុទាំងនោះមាន ល័ក្ដជុំកន្លង់, ជ័រចុង, សាច់ជូរ, អំពិល, បាយដំណើប, ទឹកដូង និងទឹកតែ។
លោកអាចារ្យមង្គលបកស្រាយអត្ថន័យវត្ថុទាំងប្រាំពីរមុខនេះ ដោយលោកឱ្យពិចារណា បើមានបញ្ហាក្នុងគ្រួសារលោក ឱ្យ យកអ្វីមកដោះស្រាយ។ ឧទាហរណ៍ដូចជាល័ក្ដដែលមានជាតិល្វីងចត់ មិនអាចពិសាបានទេ គឺលោកឱ្យយកទឹកតែ មកទប់ទល់ ព្រោះទឹកតែមានភាពក្ដៅស្រទន់ ដែលហូបទៅហើយបែកញើសរំសាយចិត្ត (នេះគឺទឹកតែ និងល័ក្ដជុំ កន្លង់)។
ចំណែកជ័រចុង ដែលមានរសជាតិល្វីងហើយចត់ ក៏មិនអាចពិសា បានដែរ លោកឱ្យយកទឹកដូងមកទប់ទល់។ ហេតុអ្វីបានជាលោក មិនយកទឹកសុទ្ធ ឬទឹកសាបមកប្រើ នេះក៏ដោយសារទឹកដូងបញ្ជាក់ នូវភាពបរិសុទ្ធភាពស្ងៀមស្ងាត់។ ដូច្នេះទេបើមានបញ្ហាខុសឆ្គង ដោយកាយវាចារចិត្ត គឺយកទឹកដូងមកទប់ទល់ភាពផ្អែមល្ហែម ភាពត្រជាក់ស្ងប់ (នេះគឺទឹកដូង និងល័ក្ដជុំកន្លង់)។
រីឯសាច់ជូរ មានរសជាតិជូរប្រហេតប្រហាត មិនអាចពិសាបានទេ លោកឱ្យយកបាយដំណើបមកទប់ទល់ ព្រោះបាយដំណើបនេះ បញ្ជាក់ ពីភាពស្អិតរមួត គឺខុសឆ្គងបន្តិចបន្តួចយ៉ាងណាកុំឱ្យបែកខ្ចាតខ្ចាយ ឱ្យដោះស្រាយស្អិតរមួតដោយសេចក្ដីសុខសេចក្ដីចម្រើន (នេះ គឺ សាច់ជូរ និងបាយ ដំណើប)។ ចំណែកឯអំពិលមានរសជាតិជូរ តែទោះបីជាជូរយ៉ាងណាក៏ដោយ គឺមានរសជាតិពិសេសរបស់វា អញ្ជឹងទេអាចថ្ងៃក្រោយនឹកឃើញអាចចង់ពាក្យថាម្ជូរ លោកប្រៀប ធៀបថាបើមានអ្នកចង់ហើយអាចមានអ្នកដោះស្រាយដោយរីករាយ (នេះ គឺអំពិល)។
ចំណែកឯម្លូដែលលោកមហាមូរហើយ លោកអាចារ្យឱ្យកូនកំលោះ កូន ក្រមុំខាំ ហើយលោកកោស។ លោកកោសនេះ គឺលោកអប់ម្ទេស ដើម្បីកោសនូវភាពល្វីងជូរចត់ក្នុងក្រអូមមាត់ឱ្យមានភាពស្អាតល្អទៅថ្ងៃមុខ និងគ្រួសារបានសេចក្ដីសុខ។ លោកកោសហើយលោកបានប្រើនូវគាថា (កូនក្រមុំអានថា អភិ កូនកំលោះអានថា អគ្គ) អភិ អគ្គ ហិរិកំ អនត្បព្វំ ជាតិបរិយន្តំ អាវាហ វិវាហ មង្គលា សុរតោហោន្តុ ការកោស និងកាត់កម្ចាត់នូវឧបទ្រព ចង្រៃចេញ នាំចូលមកនូវសេចក្ដីជានា គូស្វាមីភរិយារៀបអាពាហ៍ ពិពាហ៍បានសេចក្ដីសុខតទៅ។
លោកអាចារ្យមង្គល ឆេង សាវេង បានរៀបរាប់បន្តថា ចំណែកឯ នៅខាងក្រោមកូនក្រមុំកូនកំលោះអង្គុយ លោកហៅថាអង្កររាប។ អង្កររាប លោកបង្កប់នូវវត្ថុប្រាំពីមុខ ដែលមានមាស, ប្រាក់, ត្រល់, ស្រា, ម្ជុលចេស, អំបោះ និងអំពិល សម្រាប់ឱ្យកូនកំលោះកូនក្រមុំ ផ្សង។
លោកអាចារ្យមង្គល ឆេង សាវេង បានថ្លែងថា ៖ «បើផ្សងបានមាស និងប្រាក់បញ្ជាក់នូវភាពត្រជាក់ត្រជុំ និងរីកចម្រើន។ បើផ្សងបានត្រល់ គឺមានការហត់នឿយនៅក្នុងម្លប់។ បើផ្សងបានស្រា គឺសំបូរញាតិ។ បើផ្សងបានម្ជុលចេស គឺហត់នឿយ។ បើផ្សងបានអំបោះ គឺជំពាក់ ជំពិនក្នុងជីវិត។ បើផ្សងបានអំពិល គឺជីវិតរកាំរកុះ»។

ក្រោយធ្វើពិធីបុកល័ក្ដនេះចប់ គេធ្វើពិធីមួយទៀតដែលឱ្យឈ្មោះថា ពិធីកប់ល័ក្ដ ដែលតម្រូវឱ្យយកល័ក្ខទៅកប់ឱ្យជ្រៅក្នុងដី។ ការកប់ល័ក្ដឱ្យជ្រៅទៅក្នុងដីនេះ លោកអាចារ្យមង្គល ឆេង សាវេង បានបញ្ជាក់ពីអត្ថន័យបន្ថែមថា «កប់នេះគឺកប់រឿងអាស្រូវចោល ទៅ ក្នុងដី កុំយកទៅប្រាប់អ្នកក្រៅ។ ឱ្យចិត្តកូនប្រុសកូនស្រីត្រូវចេះអត់ធ្មត់ ព្រោះក្នុងជីវិតគ្រួសារមានប្រៃ មានជួរ មានចត់ មានលីងដូចល័ក្ដដែល បៀមក្នុងមាត់អ៊ីចឹង»៕
ដោយ៖ហ៊ួន ស៊ីឡូន

ads banner