ប្រជាពលរដ្ឋ ៧៥គ្រួសារ នៅក្នុងស្រុកចំការលើ ទទួលបានអំណោយ មនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា

កំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យទី០៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាអនុសាខាកាកបាទក្រហមមូលដ្ឋាន បានអញ្ជើញចុះ ជួបសំណេះសំណាល និងនាំយកអំណោយ របស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ជនងាយ រងគ្រោះ ខ្វះខាតជីវភាព ចំនួន ៧៥គ្រួសារ។ពិធីនេះ បានរៀបចំ នៅក្នុងបរិវេណ វត្តអម្ពនារាម តាអុង ក្នុងស្រុកចំការលើ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវសេចក្តីកង្វល់ និង បណ្តាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធា នកិត្តិយស សាខា ជាពិសេស ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនជនរួមជាតិ ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរ ជាទីបំផុត ។ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានសំណូម ពរ ដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស លោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពដែលអាកាសធាតុ មានការប្រែប្រួល សូមយកចិត្តទុ កដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែល សំខាន់ នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរ លោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍ ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក អ្នកចូលរួមទាំងអស់ សូមអនុវត្ត វិធានសុខាភិបាល ការពារ ការឆ្លងរាលដាល នៃជំងឺCovid-19 បន្តទៀត និងសូមទទួលយក ការចាក់វ៉ាក់សាំង ដូសជំរុញ តាមវេន ឲ្យបានគ្រប់ៗគ្នា ដើម្បី ពង្រឹងភាពស៊ាំ នៅក្នុងខ្លួន ក៏ដូចជា សហគមន៍ ដោយហេតុថា ជំងឺកូវីដ១៩ ពុំមែនជា ជំងឺ ផ្ដាសាយធម្មតា នោះទេ។

អំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូន ប្រជាពលរដ្ឋ ជាជនងាយរងគ្រោះទាំង ៧៥គ្រួសារ រួមមាន ចាស់ជរាគ្មានទីពឹង ១៥ គ្រួសារ ជនមានពិការភាព ១៨គ្រួសារ ស្ត្រីមេម៉ាយក្រីក្រ ២២គ្រួសារ មានជំងឺប្រចាំកាយ ០៣គ្រួសារ និង ទ័លលំបាក ១៧គ្រួសារ។អំណោយ មាន៖ អង្ករ ទឹកត្រី មី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង សាប៊ូដុំ ឃីត អាវយឺត ម៉ាស់ និង ថវិកាចំនួន ប្រាំម៉ឺនរៀល ។
ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេនព្រះអនុគណ និង ព្រះចៅអធិការវត្តអម្ពនារាម តាអុង នូវ អង្ករ មី ត្រីខ ទឹកសុទ្ធ និងបច្ច័យមួយចំនួន ៕ ដោយ៖ លី ពៅ

ads banner