អគ្គិភ័យឆេះជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នាំឲ្យមនុស្សជាង១ម៉ឺនគ្នា គ្មានជម្រក

ដាកា៖ ភ្លើងឆេះជំរំ របស់ក្រុមជនភៀសខ្លួន រ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស ធ្វើឲ្យមនុស្សជាង១ម៉ឺននាក់គ្មានទីជម្រក។ មន្ត្រីម្នាក់បាននិយាយថា ភ្លើងបានបំផ្លាញជម្រកចំនួន ២០០០កន្លែង នៅជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ ទី៥ មិនា ដោយបានធ្វើឱ្យមនុស្សប្រហែល ១២០០០ នាក់គ្មានផ្ទះសម្បែងស្នាក់នៅ។

ស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់ប្រទេសបង់ក្លាដែស លោក មីជែនូ រ៉ាដមែន (Mijanur Rahman) បានប្រាប់ AFP ថា ភ្លើងបានឆាបឆេះនៅវេលាម៉ោង ២ និង៤៥ នាទីនៅជំរំ លេខ១១ ក្នុងទីក្រុង គូទូប៉ាឡុង (Kutupalong) ដែលជាកន្លែងតាំងលំនៅរបស់ជនភៀសខ្លួនធំជាងគេបំផុតរបស់ពិភពលោក ហើយបានឆាបឆេះជម្រកឬស្សី និងក្រណាត់ជ័រយ៉ាងលឿន។

លោកបាននិយាយថា៖ «ជម្រកប្រហែល ២ ពាន់កន្លែងត្រូវបានភ្លើងឆេះដែលធ្វើឲ្យជនជាតិមីយ៉ាន់ម៉ាប្រហែល ១២ ០០០ នាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំគ្មានទីជម្រក»។ លោកបានបន្ថែមថា យ៉ាងហោចណាស់ វិហារអ៊ីស្លាមចំនួន៣៥ និងមជ្ឈមណ្ឌលសិក្សាចំនួន ២១ សម្រាប់ជនភៀសខ្លួនក៏ត្រូវបានបំផ្លាញផងដែរ ទោះបីជាមិនមានរបាយការណ៍ណាមួយអំពីការរងរបួស ឬស្លាប់ក៏ដោយ។

បុរសជនជាតិរ៉ូហ៊ីងយ៉ាអាយុ ៣០ ឆ្នាំម្នាក់ឈ្មោះ ម៉ាមុន ចូហា (Mamun Johar) បាននិយាយថា “ជំរករបស់ខ្ញុំត្រូវបានបំផ្លាញ។ (ហាងរបស់ខ្ញុំ) ក៏ត្រូវបានដុតផងដែរ” ។ “ភ្លើងបានយកអ្វីៗទាំងអស់ពីខ្ញុំ” ។ គ្រោះអគ្គិភ័យឆេះជំរំជនភៀសខ្លូន រួហ៊ីងយ៉ា នាពេលនេះ ត្រូវបានគ្រប់គ្រងវិញ ក្នុងរយៈពេលមិនដល់បីម៉ោងផង៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner