សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ សាធារណរដ្ឋកូរ៉េបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ ការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានសម្បទាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល និងវិស័យផ្សេងៗទៀត។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាលប្រទេសទំាងពីរ ដែលបានផ្តល់ផលប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិយើងទំាងសងខាង។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក (Park Jung Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធាន បានអនុញ្ញាតឱ្យចូលជួបសម្តែងគួរសមនាឱកាសនេះ។ ឯកឧត្តមបណ្ឌិត បានអបអរសាទរនិងថ្លែងការកោតសរសើរ ចំពោះការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា នៅលើគ្រប់វិស័យ។ ជាមួយការសម្តែងក្តីសោមនស្សរីករាយសូមស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា កម្ពុជា-សាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ក្នុងខែតុលា ឆ្នំា១៩៩៧ ដែលរហូតដល់ពេលនេះ មានរយៈពេលជាង ២ទសវត្សរ៍មកហើយ។ ថ្នាក់ដឹកនាំប្រទេសទំាងពីរ មានទស្សនៈដូចគ្នា គឺជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្រ្ត។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការទូតសភាវិញ សម្តេចបានលើកឡើងថា រដ្ឋសភាប្រទេសទំាងពីរបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទំាងពីរ តាមរយៈការចែករំលែកបទពិសោធន៍ ពីការងារនីតិកម្ម ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនំា និងគណៈកម្មការជំនាញនានា នៃសភាទំាងពីរ។ សភាទាំងពីរតែងគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និងសកលលោក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមំាថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីរបស់ឯកឧត្តម នៅកម្ពុជា កិច្ចសហប្រតិបត្តិការនានា នឹងបន្តពង្រឹងពង្រីកឥតឈប់ឈរលើគ្រប់វិស័យឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner