សម្ដេចតេជោ ហ៊ុន សែន ណែរនាំដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងក្រសួងការងារ អន្តរាគមន៍បន្ទាន់ដល់កម្មករ ដែលម្ចាស់បានព្យួរ ឬបិទរោងចក្រ

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែរនាំដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាប់ផ្ដើមពិភាក្សា ជាមួយនឹងម្ចាស់រោងចក្រ ដែលបានព្យួរ ឬបិទរោងចក្រ ដើម្បីដោះស្រាយបញ្ហាអន្តរាគមន៍ ជួយដល់កម្មករ។

សម្តេចតេជោ បានបន្តថា សភាពការណ៍ពិភពលោកមិនល្អទេ ទាំងនៅអាមេរិក ជាពិសេសគឺនៅអឺរ៉ុបតែម្ដង។ ពិតមែនតែវាមិនសូវធ្ងន់ធ្ងរ ប៉ុន្តែវាបានកើតបញ្ហាធ្ងន់ណាស់ អតិផរណាទូទាំងសាកលលោក ធ្វើឲ្យមនុស្សដែលមានប្រាក់ចំណូលខាតបង់យ៉ាងធ្ងន់។ អញ្ចឹងទេ ស្ថានភាពនេះ ការបញ្ជាទិញពីខាងក្រៅ មកក្នុងប្រទេសរបស់យើងក៏ធ្លាក់ចុះ ពិសេសទាក់ទងជាមួយនឹងសម្លៀកបំពាក់ស្បែកជើង។

សម្តេច បន្តថា សម្តេចបានទទួលរបាយការណ៍ ពីសហជីពមួយ បានសំណូមពរថា ឥឡូវនេះ ចំនួនរោងចក្រ ដែលព្យួរមានការកើនឡើង ធ្វើឲ្យកម្មករ កម្មការិនី សំណូមពរឲ្យមានការជួយអន្តរាគមន៍ ។ សម្តេចបានបញ្ជូនសារនេះ ទៅឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន និងឯកឧត្តម អុិត សំហេង ពិភាក្សាគ្នា ។

សម្តេច ថា យើងអាចពិភាក្សាជាមួយនឹងម្ចាស់រោងចក្រដែលត្រូវបិទ ដើម្បីដាក់ចេញនូវ អន្តរាគមន៍បន្ទាន់។ ដោយប្រើវិធានការ ដូចដែលយើងធ្លាប់ធ្វើនៅពេលដែលរោងចក្រ ត្រូវព្យួរនៅក្នុងដំណាក់កាលកូវីដ-១៩ ហើយកម្មវិធីនេះ គួរចាប់ផ្ដើមពីខែមេសា ឆ្នាំ២០២៣ ទៅ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner