ប៉ាគីស្ថាន និងអាមេរិក បើកកិច្ចពិភាក្សារួមគ្នាលើ ការគំរាមកំហែងទូទៅ នៃអំពើភេរវកម្ម

អ៊ីស្លាម៉ាបាដ៖ ប្រទេសប៉ាគីស្ថាននឹងរៀបចំកិច្ចប្រជុំរយៈពេលពីរថ្ងៃជាមួយ សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់នឹង «ការគំរាមកំហែងទូទៅនៃអំពើភេរវកម្ម» ដែលប្រទេសទាំង២ប្រឈមមុខ។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការបរទេសប៉ាគីស្ថាន ដែលនិយាយក្នុង សេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំនេះនឹង ធ្វើឡើងចន្លោះពីថ្ងៃទី៦-៧ ខែមីនា។

ក្រសួងនិយាយថា អ្នកសម្របសម្រួលស្តីទីនៃក្រសួងការបរទេសសហរដ្ឋ អាមេរិក សម្រាប់ការប្រឆាំងភេរវកម្ម លោក Christopher Landberg នឹងដឹកនាំគណៈប្រតិភូអន្តរការីរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចពិភាក្សានេះ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងបន្ថែមទៀតថា៖ «កិច្ចសន្ទនា រយៈពេល២ថ្ងៃនឹងផ្តល់ឱកាសសម្រាប់ភាគីទាំងពីរដើម្បីផ្លាស់ប្តូរទស្សនៈ និងចែករំលែកបទពិសោធន៍ និងការអនុវត្តល្អបំផុតរបស់ខ្លួន ក្នុងដែន នៃការប្រឆាំងភេរវកម្ម»។

ចំណែកឯក្រសួងការបរទេសអាមេរិកបាននិយាយកាលពីសប្ដាហ៍មុនថា អ្នកចូលរួមនៅក្នុងកិច្ចប្រជុំទីក្រុងអ៊ីស្លាម៉ាបាដនឹង «បង្កើតយុទ្ធសាស្រ្ត នយោបាយតម្រង់ទិសទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជាសន្តិសុខព្រំដែន និងការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម»។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងខណៈដែលការវាយប្រហារដោយ ក្រុមភេរវករក្នុងប្រទេសប៉ាគីស្ថានបានកើនឡើង ក្រោយក្រុមតាលីបង់ ឡើងកាន់អំណាចនៅប្រទេសជិតខាងអាហ្វហ្គានីស្ថានកាលពីខែសីហាឆ្នាំ ២០២១។ ការវាយប្រហារភាគច្រើនធ្វើឡើងដោយក្រុមតាលីបង់-ប៉ាគីស្ថាន (TTP) ហើយសម្លាប់មនុស្សរាប់រយនាក់ទូទាំងប្រទេស ដោយភាគច្រើន កងកម្លាំងសន្តិសុខប៉ាគីស្ថានជាគោលដៅនៃការវាយប្រហារ។

មន្រ្តីប៉ាគីស្ថានបានចោទប្រកាន់ថា TTP ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់ ក្រុមតាលីបង់អាហ្វហ្គានីស្ថាន កំពុងរៀបចំផែនការភេរវកម្ម នៅទី ដែល ខ្លួនជ្រកកោននៅអាហ្វហ្គានីស្ថាន ហើយអំពាវនាវឱ្យក្រុមតាលីបង់ ធ្វើការ ទប់ស្កាត់។ ស្រដៀងគ្នានេះដែរ សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត បានជំរុញឱ្យអាជ្ញាធរអាហ្វហ្គានីស្ថានមានឆន្ទះពិតប្រាកដក្នុងការទប់ស្កាត់ក្រុមភេរវករ ពីការរៀបចំការវាយប្រហារឆ្លងដែន ដើម្បីឱ្យស្របតាមការ ធានា របស់ តាលីបង់ ដែលថាពួកគេនឹងប្រយុទ្ធប្រឆាំងនឹងភេរវករឆ្លងដែន នៅ លើទឹកដីអាហ្វហ្គានីស្ថាន។

ទោះបីជាបែបនេះក្ដី ក្រុមតាលីបង់ប្រកែកថា ខ្លួនគ្រប់គ្រងខេត្តទាំង ៣៤ នៃប្រទេសអាហ្វហ្គានីស្ថាន ហើយថាគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យ គំរាមកំហែងដល់ប្រទេសផ្សេងទៀតពីទឹកដីរបស់ខ្លួនឡើយ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Pakistan to Host Counterterrorism Talks with US https://www.voanews.com/a/pakistan-to-host-counterterrorism-talks-with-us-/6990488.html

ads banner