លទ្ធផលនៃការបើកសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤
ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៩រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០២ ដូចខាងក្រោម៖
របៀបវារៈទី១៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៩ និងលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។
ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភាបីខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បាន ខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។
សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពនៅមូលដ្ឋានតាមរយៈការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។ គណៈកម្មការទាំង១០ និងក្រុមនានា ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារតាមវិស័យ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយនឹងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតួអង្គសំខាន់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា សូមគោរពកោតសរសើរ ចំពោះរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានរឹងមាំ, ការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩បានល្អ, ការសម្រេចបានកំណើនសេដ្ឋកិច្ចឡើងវិញក្នុងអំឡុង និងក្រោយពីវិបត្តិជំងឺកូវីដ-១៩ ជាមួយនឹងការជួយប្រជាជនឱ្យរក្សាបានលំនឹងជីវភាព, ជោគជ័យ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥, ការអភិវឌ្ឍគោលនយោបាយបរទេស ឯករាជ្យ ដោយផ្អែកលើច្បាប់ ដែលបានធានានូវផលប្រយោជន៍ សារវន្តរបស់កម្ពុជា និងជោគជ័យដ៏ត្រចះត្រចង់ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិ។
ព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋានដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន។
របៀបវារៈទី២៖ ពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ។
សមាជិកព្រឹទ្ធសភាហត្ថលេខីចំនួន ២១រូប បានស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រង់ប្រការ ២ ប្រការ ៧ ប្រការ ៨ ប្រការ ២៩ ប្រការ ៣៩ ប្រការ ៤២ ប្រការ ៥៧ ប្រការ ៦០ ប្រការ ៧២ និងប្រការ ៨៤ ហើយសេចក្តីស្នើនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចតទៅ ៖
១- បង្កើតឱ្យមាននីតិវិធីអនុវត្តជាក់លាក់ សម្រាប់ធានានូវការប្រព្រឹត្តទៅដោយរលូនក្នុងដំណើរការសម័យប្រជុំដំបូង នៃនីតិកាលនីមួយៗ របស់ព្រឹទ្ធសភា ស្របតាមស្មារតីមាត្រា ១០៦ ថ្មី (ពីរ) មាត្រា ១០៩ថ្មី និងមាត្រ ១១៤ថ្មី (មួយ)នៃរដ្ឋធម្មនុញ្ញ និងសង្គតិភាពទៅនឹងការអនុវត្តរបស់រដ្ឋសភា។
២- អនុញ្ញាតឱ្យដំណើរការសម័យប្រជុំព្រឹទ្ធសភា អាចធ្វើទៅតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមស្មារតីមាត្រា ១០៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ប្រការ ៦១ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងការអនុវត្តជាក់ស្តែងក្នុងបរិបទកូវីដ-១៩ ។
៣- ធានាឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការទំនាក់ទំនងការងាររបស់ព្រឹទ្ធសភាជាមួយនឹងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍនានា ព្រមទាំងបំពេញការងារការទូតសភាឱ្យកាន់តែមានប្រសិទ្ធភាព និងសង្គតិភាពទៅនឹងការអនុវត្តរបស់រដ្ឋសភា ។
ជារួមការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា រៀបចំឡើងដើម្បីកែសម្រួលបំពេញបន្ថែមនូវខ្លឹមសារ ដើម្បីឱ្យមានសង្គតិភាពទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ បរិបទនៃការវិវឌ្ឍថ្មី និងការអនុវត្តរដ្ឋសភា ព្រមទាំងស្របទៅនឹងស្ថានភាពនៃការអនុវត្តជាក់ស្តែងក្នុងការធានាបាននូវនិរន្តរភាព និងកិច្ចដំណើរការជាប្រក្រតីរបស់ព្រឹទ្ធសភា។
តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី អញ្ជើញមកការពារសេចក្តីស្នើវិសោធនកម្មបទបញ្ជា ផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា ៕ អត្ថបទ ៖ គ្រី សម្បត្តិ រូបភាព ៖ ប៊ុនហុក


