សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីរបស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា កិច្ចសហប្រតិបត្តិការនានា នឹងបន្តពង្រឹងពង្រីកឥតឈប់ឈរ លើគ្រប់វិស័យ បន្ថែមទៀត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក (Park Jung Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
សម្តេចពញាចក្រី បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតថ្មីរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា កិច្ចសហប្រតិបត្តិការនានា នឹងបន្តពង្រឹងពង្រីកឥតឈប់ឈរ លើគ្រប់វិស័យ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បន្តថា សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ ការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានសម្បទាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល និងវិស័យផ្សេងៗទៀត។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិយើងទាំងសងខាង។
ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យការទូតសភាវិញ សម្តេចបានលើកឡើងថា រដ្ឋសភាប្រទេសទាំងពីរបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំងពីរ តាមរយៈការចែករំលែកបទពិសោធន៍ ពីការងារនីតិកម្ម ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ និងគណៈកម្មការជំនាញនានា នៃសភាទាំងពីរ។ សភាទាំងពីរតែងគាំទ្រគ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និងសកលលោក ។
ឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធាន បានអនុញ្ញាតឱ្យចូលជួបសម្តែងគួរសមនាឱកាសនេះ។ ឯកឧត្តមបណ្ឌិត បានអបអរសាទរនិងថ្លែងការកោតសរសើរ ចំពោះការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា លើគ្រប់វិស័យ។
ជាមួយការសម្តែងក្តីសោមនស្សរីករាយសូមស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កម្ពុជា-សាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ក្នុងខែតុលា ឆ្នំា១៩៩៧ ដែលរហូតដល់ពេលនេះ មានរយៈពេលជាង ២ទសវត្សរ៍មកហើយ។ ថ្នាក់ដឹកនាំប្រទេសទំាងពីរ មានទស្សនៈដូចគ្នា គឺជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្រ្ត ៕ ដោយ ហេង សម្បត្តិ




