សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តផ្តល់រថយន្តក្រុងសាធារណៈ ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដោយឥតគិតថ្លៃ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តផ្តល់រថយន្តក្រុងសាធារណៈ ដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដោយឥតគិតថ្លៃ ទៅតាមបណ្តាខេត្ត-ក្រុង និងគោលដៅនានា។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋដែលមករកស៊ី ឬធ្វើការនៅភ្នំពេញ សម្តេច បានឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដាក់ពង្រាងរថយន្តក្រុងចំនួន ២០០គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សម្តេចតេជោបន្តថា ចូលឆ្នាំខ្មែរឆ្នាំនេះ ពិតជាសប្បាយហើយ ដោយសារកម្ពុជា ខានប្រារព្ធធ្វើអង្គរសង្រាន្តប៉ុន្មានឆ្នាំជាប់គ្នា អីចឹងឆ្នាំនេះ កម្ពុជា រៀបចំប្រារព្ធឡើងវិញ ដូច្នេះប្រជាពលរដ្ឋត្រៀមលក្ខណៈជាមុនទៅ។

ជាមួយគ្នានេះ សម្តេច ក៏បានឱ្យអភិបាលរាជធានីភ្នំពេញ ដាក់ពង្រាយ២០០គ្រឿង ដើម្បីកុំឲ្យតាក់ស៊ី ឬក្រុមហ៊ុនដឹកជញ្ជូនឡើងថ្លៃ។ សម្តេចថា ត្រូវដាក់រថយន្តទៅខេត្តសៀមរាម តាមបណ្តោយផ្លូវជាតិលេខ៦ និងភ្ជាប់ទៅបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៥ ។

សូមរំលឹកថា ការដាក់រថយន្តក្រុងសាធារណៈនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីដឹកជញ្ជូន និងជួយសម្រួលដល់ប្រជាពលរដ្ឋ លើការធ្វើដំណើរទៅកាន់បណ្តាខេត្ត-ក្រុង និងគោលដៅនានា ៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ