ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖ សម្តេចតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាពនៅកម្ពុជា, ជាស្នូលនៃការបង្រួបប្រួមជាតិ ការអភិវឌ្ឍន៍ជាតិ
ខេត្តកំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន គឺជាបិតាសន្តិភាពនៅកម្ពុជា, ជាស្នូលនៃការបង្រួបប្រួមជាតិ, ជាស្នូលនៃការកសាង និងអភិវឌ្ឍន៍ជាតិ, ជាជើងឯកក្នុងការប្រយុទ្ខនឹងជម្ងឺកូវីដ១៩ តាមរយៈយុទ្ឋសាស្ត្រស្រោចវ៉ាក់សាំងនៅគ្រប់តំបន់ទូទាំងប្រទេស។ ហើយឆ្នាំ២០២២កន្លងទៅ កម្ពុជា ធ្វើជាប្រធានអាស៊ានប្តូរវេន ដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗប្រកបដោយជោគជ័យ ដែលបានផ្តល់នូវកិត្តិនាម កិត្តិស័ព្ទដ៏ប្រពៃសម្រាប់ប្រជាជាតិខ្មែរ។ ទាំងអស់នេះ គឺជាប្រភពដ៏រឹងមាំក្នុងការពារ និងអភិវឌ្ឍន៏ជាតិលើគ្រប់វិស័យ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្ស យុវជនគណបក្សស្រុក ឃុំ ភូមិ និងសាលារៀន ដែលរៀបចំធ្វើនៅសាលប្រជុំគណបក្សស្រុកស្រីសន្ធរ កាលពីរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម, ឯកឧត្តម លូ គឹមឈន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ ។

បន្ទាប់ពីលោក ស៊ីម គង់ ប្រធានគណបក្សស្រុកស្រីសន្ធរ ឡើងរាយការណ៍ពីសភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន, ការងារសាងសង់ស្នាក់ការគណបក្សស្រុក និងការងារអភិវឌ្ឍន៍របស់ស្រុក ព្រមទាំងការងារកសាងសមាជិកបក្ស រួចមក, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ក៏បានរំលឹកថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះលើស៧០% ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅ ហើយសង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ដើម្បីបានដឹកនាំ និងអភិវឌ្ឍន៏ប្រទេសជាតិឲ្យបានរីកចម្រើនសម្បូរសប្បាយបន្តទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ប្រជាជនកម្ពុជាជាង៩០% ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយព្រះពុទ្ឋបរមគ្រូនៃយើង បានប្រៀនប្រដៅឲ្យយើងចេះស្គាល់គុណ ស្គាល់ទោស និងចេះដឹងគុណចំពោះអ្នកដែលធ្លាប់ជួយយើងនៅគ្រាលំបាក ជាពិសេសត្រូវជឿជាក់លើសច្ចធម៌ និងប្រវត្តិសាស្ត្រដែលយើងធ្លាប់ហែលឆ្លងកាត់ក្នុងជីវិតរបស់យើង។ ប៉ុន្តែ មានប្រជាជនយើងមួយចំនួនតូច នៅតែមិនជឿជាក់លើសច្ចធម៌ប្រវត្តិសាស្ត្រ ហើយងាកទៅជឿលើការឃោសនាបោសបញ្ជោតរបស់អ្នកដែលមិនដែលរួមសុខរួមទុក្ខជាមួយខ្លួន ដោយមើលមិនឃើញពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត រំដោះប្រជាជនកម្ពុជាពីរណ្តៅមរណៈ និងបានខិតខំពុះពារគ្រប់ការលំបាក និងឧបសគ្គសព្វបែបយ៉ាង រហូតស្វែងរកបាននូវសុខសន្តិភាពពេញបរិបូរណ៏ទូទាំងប្រទេស ដោយមានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មធញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងដឹកនាំប្រទេសជាតិតាមលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស និងអភិវឌ្ឍន៏ប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ដូចនេះ យើងត្រូវពន្យល់ណែនាំពួកគាត់កុំឲ្យចាញ់បោកការឃោសនាអកុសលរបស់ក្រុមជនអគតិ និងជនក្បត់ជាតិ តទៅទៀត។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក ឃុំ ភូមិ នៃស្រុកស្រីសន្ឋរទាំងអស់ ត្រូវបន្តផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា, បង្កើនសមាជិកបក្សនៅតាមមូលដ្ឋាន ដោយប្រើទ្រឹស្តី “រក្សាចាស់ បង្កើនថ្មី”, ស្វែងយល់ពីសុខទុក្ខ និងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងផ្តល់សេវាសាធាណៈទាន់ពេលវេលាជូនពួកគាត់ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ៕ ប្រភព៖គណៈរដ្ឋមន្រ្តី