សម្តេចតេជោ ហ៊ុន សែន ណែរនាំឱ្យមានការដាំដុះលើដំណាំសក្តានុពល ដោយត្រូវគិតគូដល់សុខភាពរបស់អ្នកប្រើប្រាស់ផងដែរ
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត ២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ណែរនាំឱ្យមានការដាំដុះលើដំណាំសក្តានុពល ដោយត្រូវគិតគូដល់សុខភាពរបស់អ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ជីក្នុងកម្រិតសមស្រប ឬជីធម្មជាតិ ។ សម្តេច ក៏បានជំរុញការបង្កបង្កើនផល ដើម្បីធានាបានសន្តិសុខស្បៀងក្នុងស្រុក និងអាចមានលទ្ធភាពនាំចេញទៅក្រៅប្រទេសកាន់តែច្រើន ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា កម្ពុជា នៅសល់ស្រូវប្រមាណ ៦តោន ឬស្មើនឹងអង្ករ ៤លានតោន ក្នុងមួយឆ្នាំ សម្រាប់នាំចេញ ដោយមិនទាន់គិតពីស្បៀងដទៃទៀត ដូចជាដំឡូងមី ឬពោតជាដើម។ សម្តេច ក៏បានវាយតម្លៃខ្ពស់ ដល់ការបង្កបង្កើនផលរបស់កសិករ ដែលបានជួយឱ្យកម្ពុជា មានស្បៀងគ្រប់គ្រាន់ដូចសព្វថ្ងៃ ងើបចេញពីប្រទេសដែលធ្លាប់ខ្វះស្បៀង គាំទ្រដោយប្រព័ន្ធស្រោចស្រពមានកាន់តែច្រើន អនុញ្ញាតឱ្យកសិករ បង្កបង្កើនផលលើសពីមួយដងក្នុងមួយរដូវ។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ដូចជា៖ អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច ជាដើម ក្នុងចំនួន ៧,៦២លានតោន ទៅទីផ្សារក្រៅប្រទេស ៕




អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ