ឯកឧត្តមបណ្ឌិត អ៊ិត សំហេង៖ ក្រោមម្លប់សន្តិភាព និងកិច្ចអភិវឌ្ឍ ស្ត្រីកម្ពុជាជាកម្លាំងចលករ រួមចំណែក នៃកំណើនសេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជាជាកម្លាំងចលករ ដែលបានរួមចំណែក នៃកំណើនសេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្ន ស្ត្រីមានកាលានុវត្តភាពក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹងជំនាញ និងបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងនៅក្នុងតំបន់ ហើយក៏ជាអ្នកទទួលបានភោគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់គេ និងគ្រួសារមានភាពប្រសើរឡើង រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពភាពក្រីក្រនិងភាពងាយរងគ្រោះ។ ក្នុងន័យនេះ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន និងបឹងកេងកង រាជធានីភ្នំពេញ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសមាជិកា របស់គណបក្សប្រជាជនកម្ពុជា នៃខណ្ឌចំការមន ប្រមាណ ៦០០នាក់ ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ“ ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល”។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង គូសបញ្ជាក់ថា មូលបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣នេះ គឺត្រូវបានជ្រើសរើសឡើងដើម្បីរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែលបានសម្តេចតេជោនាយករដ្ឋមន្ត្រី បានយកជីវិតធ្វើជាដើមទុន ខិតខំ តស៊ូគ្រប់បែបយ៉ាងរហូតឈានទៅសម្រេចបានជោគជ័យទាំងស្រុងនូវការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយដែលយើងបានរួមគ្នាបន្តខិតខំថែរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាបាននូវសុខុមាលភាព និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជន។ គ្មានសន្តិភាពគឺគ្មានអ្វីៗគ្រប់យ៉ាង។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះគោលនយោបាយយេនឌ័រនេះ ដោយក្នុងនោះ បានលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី ក្នុងការចូលរួមក្នុងសកម្មភាពនយោបាយ រួមទាំងផ្តល់ឱកាសការងារ ឋានៈ តួនាទីតាមបណ្តាអង្គភាព ស្ថាប័នរដ្ឋ និងឯកជន ជាពិសេសផ្តល់នូវកិច្ចគាំពារសង្គមទៅដល់ស្ត្រីថែមទៀត។

ឯកឧត្តមបណ្ឌិត អះអាងថា ភាពសប្បាយរីករាយ និងស្នាមញញឹមរបស់ស្ត្រី នឹងប្រាកដជាមិនអាចកើតមានបានឡើយ ល្គឹកណា ប្រទេសជាតិមានសង្រ្គាមរាំងជល ក្នុងស្ថានភាពនោះ ច្បាស់ណាស់ ស្ត្រីនឹងត្រូវចូលរួមក្នុងសង្រា្គម ព្រាត់ប្រាសគ្រួសារ គ្មានសិទ្ធិសេរីភាពបានប្រារព្វពិធីសប្បាយរីករាយដូចបច្ចុប្បន្ននេះទេ។ ដូច្នេះ មានតែសន្តិភាពទេ ទើបមានការអភិវឌ្ឍ រស់នៅក្នុងសង្គមគ្រួសារខ្មែរតែមួយដោយក្តីសង្ឃឹម៕

ដោយ ៖ ប៊ុន ធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner