ជប៉ុនផ្ដល់ថវិកាជាង ៣០ម៉ឺនដុល្លារ ផ្តោតទៅលើគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបជាង៣០ម៉ឺនដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួន៣ សម្រាប់អនុវត្តគម្រោងអប់រំនៅជនបទ និងស្ដារលទ្ធភាពពលកម្មជនពិការនៅកម្ពុជា ក្រោមគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ចជប៉ុន ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ឬហៅកាត់ជាភាសាជប៉ុនថា ជំនួយឥតសំណងគូសាណូណ៌។

កិច្ចសន្យាផ្តល់ជំនួយ ចុះហត្ថលេខា ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នេះ គឺចំនួន១២០.៧៦៨ដុល្លារ ផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាចំនួន១ខ្នង ៥បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹមសាលារៀន នៅសាលាបឋមសិក្សារំដួល ក្នុងស្រុកបន្ទាយអំពិល ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សប្រមាណ ២២០នាក់ និងគ្រូបង្រៀនចំនួន ៩នាក់ តាមរយៈការកែលម្អគុណភាពអប់រំ ។

ជាមួយគ្នានេះដែរ ថវិកាជាង ៩ម៉ឺន១ពាន់ដុល្លារ ផ្តល់ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ សម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាភ្នំរអិល ក្នុងស្រុកព្រែកប្រសព្វ ១ខ្នង មាន៥បន្ទប់ បង្គន់អនាម័យ ចំនួន១ខ្នងមាន៣បន្ទប់ និងការដំឡើងគ្រឿងសង្ហារឹមដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុប ចំនួន ២៦៦នាក់ និងគ្រូបង្រៀនចំនួន៧នាក់ ខណៈដែលថវិកាជាង៨ម៉ឺន ៩ពាន់ដុល្លារ សម្រាប់គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិតនិងឧបករណ៍ព្យាបាលដោយចលនា ១១ប្រភេទ នៅមជ្ឈមណ្ឌលជាតិ ស្ដារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ក្នុងរាជធានីភ្នំពេញ។ គម្រោង នេះនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនដែលត្រូវការឧបករណ៍សិប្បនិម្មិត រណប ឬសវាស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលនេះចំនួន ៩០០នាក់ ក្នុងមួយឆ្នាំ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា «មានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះយ៉ាងណា យើងក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ដូច្នេះ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង ជំនួយគូសាណូណផងដែរ»។

គួរបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយនេះ មានគោលបំណងការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ ឬភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេ ព្រមទាំងជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិចំនួន៧០២ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner