មន្រ្តីឧទ្យានុរក្សស្រ្តីនៅស្រុកសំឡូត ៣រូបបង្ហាញភាពមិនរុញរាដើម្បីបុព្វហេតុការពារព្រៃឈើនិងសត្វព្រៃ

ខេត្តបាត់ដំបង ៖ មន្រ្តីឧទ្យានុរក្សចំនួន៣រូបក្នុងទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ដែលកំពុងបំពេញតួនាទីដូចនឹងឧទ្យានុរក្សបុរសដែរ ដូចជាការល្បាតក្នុងព្រៃ ចុះបង្រ្កាបបទល្មើស និងការចុះបំផុសពលរដ្ឋឱ្យចូលរួមការពារធនធានធម្មជាតិនៅ តាមសហគមន៍ក្នុងបុព្វហេតុការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃដែលជាប្រពន្ធ័ជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា។

ទោះបីជាការងារជាឧទ្យានុរក្សជួបការលំបាកច្រើនចំពោះមុខ ប្រឈមនឹងគ្រោះថ្នាក់រាប់សិបជំពូក ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សស្រ្តីទាំង៣រូបក្នុងទឹកដីស្រុកសំឡូតរូបនេះនៅតែបង្ហាញពីទឹកចិត្តស្រឡាញ់ធនធាន ធម្មជាតិ ព្រៃឈើ និង សត្វព្រៃ ដោយមិនឱ្យជនល្មើសប្រព្រឹត្តិបានដោយងាយសោះឡើយ។

ក្នុងពេលចុះបំពេញការងារ អ្នកស្រី ព្រឿង សោភ័ណ្ឌ ជាមន្រ្តីឧទ្យានុរក្ស ប្រចាំការពារនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតបានឱ្យដឹងថាការធ្វើជាមន្រ្តីឧទ្យានុរក្សក៏ជួបការលំបាកផងដែរ ដោយសារថាការចុះល្បាត ឬ បង្រ្កាបបទល្មើសម្តងៗតែងប្រឈមនឹងបញ្ហាច្រើនដោយសារថាជនល្មើសភាគច្រើនមានអាវុធ និងខ្លះបានតដៃ ប៉ុន្តែយ៉ាងណាទាំងអស់នេះមិនមែនជាកត្តាជំរុញឱ្យអ្នកស្រី ចុះចាញ់ទេ ផ្ទុយទៅវិញវារឹងរឹតធ្វើឱ្យអ្នកស្រី កាន់តែប្តេជ្ញាតស៊ូដើម្បីការពារព្រៃឈើបន្ថែមទៀត ។ កត្តាទាំងអស់នេះដោយសារកើតចេញពីក្តីស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែលផុសចេញពីផ្នត់គំនិតពីខ្លួនអ្នកស្រី តាំងតែពីតូចៗមកនោះ ។

ក្នុងនាមជា អ្នករស់នៅ ឃុំ សំឡូត ស្រុក សំឡូត ខេត្តបាត់ដំបង ហើយបានក្លាយជាមន្រ្តីឧទ្យានុរក្សនៅឆ្នាំ ២០១៧ អ្នកស្រី ព្រឿង សោភ័ណ្ឌបានឱ្យដឹងបន្ថែមថា កាលពីមុន អ្នកស្រី ជាប្រជាពលរដ្ឋក្នុងសហគមន៍ស្ម័គ្រចិត្តការពារព្រៃឈើ បច្ចុប្បន្នបានក្លាយជាមន្រ្តីឧទ្យានុរក្ស។ ការធ្វើជាមន្រ្តីឧទ្យានុរក្សក្រៅពីប្រឈមបញ្ហាគ្រោះថ្នាក់មួយចំនួនហើយ មន្រ្តីឧទ្យានុរក្សនៅប្រឈមនឹងគ្រោះជាច្រើនទៀតរាប់តាំងពីជំងឺដង្កាត់ដែលឆ្លងក្នុងព្រៃ វង្វេងព្រៃដាច់បាយ ដាច់ទឹកក៏មានដែរ ។

ដោយឡែក កញ្ញា ឱម ចាន់នួន ជាមន្រ្តីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតនៃមន្ទីរបរិស្ថាន ខេត្ត បាត់ដំបង បានឱ្យដឹងថា៖ កញ្ញាជាអ្នកមកពីខេត្តតាកែវ ហើយបានមករស់នៅជាមួយបងស្រីនៅស្រុកសំឡូត និងដោយក្តីស្រឡាញ់ ធនធានធម្មជាតិទីបំផុត កញ្ញាបានសម្រេចដូចក្តីបំណង នៅពេលមន្ទីរបរិស្ថានខេត្តបាត់ដំបងជ្រើសរើសមន្រ្តីឧទ្យានុរក្សទីបំផុត អ្នកស្រីបានប្រឡងជោគជ័យក្លាយជាមន្រ្តីឧទ្យានុរក្ស។

ក្នុងនាមជាមន្រ្តីឧទ្យានុរក្សកញ្ញាមិនដែលនឿយណាយ ឬ ធុញទ្រាន់ជាមួយនឹងការងារនេះឡើយដើម្បីសំដៅធ្វើយ៉ាងណាការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

កញ្ញាបានបន្តទៀតកិច្ចការពារព្រៃឈើនេះគឺជារឿងចាំបាច់ និង សំខាន់មិនអាចកាត់ថ្លែបានសោះឡើយពីព្រោះថាព្រៃឈើពិតជាមានសារៈសំខាន់ទាំងមនុស្សសត្វ ។

ទោះក្នុងខ្លួនជាស្រ្តីដែលត្រូវឆ្លងកាត់ព្រៃភ្នំ ដេកយប់ និងត្រូវពុះពារ លំបាកយ៉ាងណាក្តី ប៉ុន្តែកញ្ញាមិនរុញរាឡើយគឺកញ្ញាគិតថាបើបុរសធ្វើបានស្រ្តីក៏ធ្វើបានដូចគ្នា។

មន្រ្តីឧទ្យានុរក្សស្រ្តីរូបនេះបានរៀបរាប់ទៀតថា៖ក្រៅពីកិច្ចការពារធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃហើយការបំផុសពលរដ្ឋឱ្យស្រឡាញ់ព្រៃឈើ បញ្ឈប់ការសម្លាប់សត្វ និងពិសេសបំផុសឱ្យពលរដ្ឋ រួមគ្នាការពារធនធម្មជាតិគគឺជាការងារអាទិភាពរបស់មន្រ្តីឧទ្យានុរក្សត្រូវធ្វើឱ្យបានគ្រប់គ្នា។

កញ្ញាបានបញ្ជាក់ប្រាប់ថាទោះពេលខ្លះចុះបង្រ្កាបជួបការលំបាកដោយសារជនល្មើសមានអាវុធក្តីតែក្នុងនាមជាអ្នកការពារព្រៃឈើសត្វព្រៃកញ្ញានៅតែតស៊ូ និងចុះបង្រ្កាបឱ្យខានតែបាន។

ដោយឡែកអ្នកស្រី ស៊ុន ចាន់នី ជាមន្រ្តីឧទ្យានុរក្សប្រចាំការពារនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតនេះដូចគ្នា បានបង្ហាញពីសារៈសំខាន់ព្រៃឈើ យ៉ាងមហាសាលមិនអាចកាត់ថ្លៃបានក្នុងនេះដូចជាផ្តល់នូវការរកអនុផលព្រៃឈើរបស់ប្រជាសហគមន៍ ផ្តល់សារៈយ៉ាងសំខាន់ដល់វិស័យទេសសចរណ៍ ជួយទប់ស្កាត់គ្រោះធម្មជាតិជាដើម។

ជាមួយគ្នាស្រ្តីរូបនេះបានបង្ហាញពីភាពអង់អាចមោះមុតក្នុងការបង្រ្កាបបទល្មើសព្រៃឈើ ហើយថានឹងរួមគ្នាទប់ស្កាត់បទល្មើសឱ្យបានទាន់ពេលវេលាដើម្បីជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយបន្តទៀត។

គួរបញ្ជាក់បើតាមក្រសួងបរិស្ថានបាឱ្យដឹងថា ក្នុងចំណោមមន្ត្រីឧទ្យានុរក្សទាំងជាង ១២០០នាក់នៅទូទាំងប្រទេស មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ ខេត្តជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស។ មន្រ្តីឧទ្យានុសក្សទាំងអស់ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner