អាមេនី និងអាស៊ែបៃហ្សង់ ប៉ះទង្គិចគ្នាតាមព្រំដែនជាថ្មី ដោយសម្លាប់ មនុស្សប្រាំនាក់

អាមេនី៖ មនុស្សយ៉ាងហោចណាស់ប្រាំនាក់ត្រូវបានសម្លាប់ ក្នុងកា រប៉ះទង្គិចគ្នាជាថ្មីនៅតាមបណ្ដោយព្រំដែនរវាងប្រទេសអាមេនី និង អាស៊ែបៃហ្សង់ក្នុងតំបន់ជម្លោះណាហ្គូណូ-ការ៉ាបាក់ (Nagorno-Karabakh) កាលពីថ្ងៃអាទិត្យ។

អាមេនីបានឱ្យដឹងថា ប៉ូលិសរបស់ខ្លួនបីនាក់ស្លាប់ ខណៈ អាស៊ែបៃហ្សង់ថា ទាហានរបស់ខ្លួនពីរនាក់ក្លាយជា«ទុក្ករបុគ្គល» ដែលមានន័យថាស្លាប់។

ភាគីទាំងសងខាងធ្វើការចោទប្រកាន់គ្នាទៅវិញមក ចំពោះការ ប៉ះទង្គិចគ្នាចុងក្រោយនេះ។ បើតាមក្រសួងការបរទេស អាស៊ែបៃហ្សង់ ការបាញ់ប្រហារកើតឡើងនៅពេលទាហានរបស់ខ្លួនទៅត្រួតពិនិត្យរថយន្តដែលរងការសង្ស័យថាកំពុងដឹកជញ្ជូនអាវុធ។

ចំណែកឯអាមេនីវិញបានអះអាងថា កងកម្លាំងប្រដាប់អាវុធ អាស៊ែបៃហ្សង់ បានបើកការបាញ់ប្រហារទៅលើរថយន្តរបស់ នាយកដ្ឋានត្រួតពិនិត្យលិខិតឆ្លងដែន និងទិដ្ឋាការនៃប៉ូលិស របស់ខ្លួន។

គួរបញ្ជាក់ថា រដ្ឋអតីតសហភាពសូវៀតទាំងពីរ បានជាប់គាំងក្នុង ជម្លោះព្រំដែនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ក្នុងឆ្នាំ ២០២០ ជម្លោះទ្រង់ទ្រាយធំបានផ្ទុះឡើង និងបានសម្លាប់ជីវិត មនុស្សជាង ៦ ០០០ នាក់ មុនកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ក្រោមការសម្របសម្រួលរបស់រុស្ស៊ី ត្រូវបានសម្រេចឡើង។ ទោះបីជាមានកិច្ចព្រមព្រៀងនោះក៏ដោយ ការប៉ះទង្គិចគ្នាតូចជាច្រើន បានកើតឡើងជាបន្តបន្ទាប់មកទល់ពេលនេះ។

បន្ថែមពីលើនោះទៀតសោត កិច្ចព្រមព្រៀងសន្តិភាពដដែល តម្រូវទុកតែច្រករបៀងលើភ្នំ Lachin Corridor ដែលតភ្ជាប់ រវាងតំបន់ណាហ្គូណូ-ការ៉ាបាក់ និងអាមេនីតែមួយប៉ុណ្ណោះ។ ផ្លូវនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនដែលរស់ក្នុងតំបន់ប្រហែល ១២០ ០០០ នាក់។

ជាការកត់សម្គាល់ ចរាចរណ៍នៅលើផ្លូវនោះភាគច្រើន ត្រូវបាន បិទ ចាប់តាំងពីខែធ្នូ ដោយសកម្មជនបរិស្ថានអាស៊ែបៃហ្សង់ ដើម្បីតវ៉ា «ការជីកយករ៉ែខុសច្បាប់។ បញ្ហានេះហើយ ដែលអាមេនីចោទ ប្រកាន់អាស៊ែបៃហ្សង់ថា គាំទ្រក្រុមបាតុករដើម្បីបង្កើតការបិទផ្លូវ។
ក្រសួងការបរទេសអាមេនីបាននិយាយក្រោយការប៉ះទង្គិចចុងក្រោយថា «ការបញ្ជូនក្រុមស្វែងរកការពិតអន្តរជាតិទៅកាន់ច្រករបៀង Lachin និងណាហ្គូណូ-ការ៉ាបាក់ កំពុងក្លាយជាភាពចាំបាច់»។

ប៉ុន្តែក្រសួងការពារជាតិអាស៊ែបៃហ្សង់លើកឡើងថា រឿងហេតុចុង ក្រោយ បង្ហាញជាថ្មីម្តងទៀតថា អាស៊ែបៃហ្សង់ត្រូវការបង្កើតប៉ុស្តិ៍ ត្រួត ពិនិត្យសមស្របមួយនៅលើច្រករបៀងនោះ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Armenian and Azerbaijani border clash leaves five dead

ads banner