អង់គ្លេសនឹងហាមឃាត់ជនចំណាកស្រុកខុសច្បាប់មកកាន់អង់គ្លេស មិនឱ្យបន្តស្នាក់នៅឡើយ
ឡុងដ៍៖នាយករដ្ឋមន្ត្រី លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បាន លើក ឡើង នៅក្នុងបទសម្ភាសន៍មួយថា អ្នកណាក៏ដោយឱ្យតែ ចូល មកដោយខុសច្បាប់ក្នុងប្រទេសអង់គ្លេស នឹងមិនត្រូវបានអនុញ្ញាតឱ្យ ស្នាក់នៅឡើយ។លោកអះអាងបែបនេះ កាលពីថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣។
ស្ថិតក្រោមសម្ពាធពីសមាជិកសភារបស់លោក ឱ្យខិតខំស្វែងរក ដំណោះស្រាយជុំវិញលំហូរនៃជនចំណាកស្រុកជាច្រើនដែលធ្វើដំណើរមកដល់អង់គ្លេស លោក ស៊ូណាក់ បានបញ្ជាឱ្យធ្វើការបញ្ឈប់មិនឱ្យ ទូកតូចៗទាំងអស់ឆ្លងចូលមក និងត្រូវបន្តអនុវត្តយន្តការនេះជា អាទិភាព មួយក្នុងចំណោមយន្តការអាទិភាពសំខាន់ៗចំនួនប្រាំរបស់ លោកផ្សេងទៀត។
លោក ស៊ូណាក់ បាននិយាយទៅកាន់កាសែត Mail ថា «វាជារឿង មិន ខុសឆ្គងអ្វីនោះទេ។ ប្រសិនបើអ្នកធ្វើដំណើរមកទីនេះដោយខុសច្បាប់ នោះអ្នកនឹងមិនអាចស្នាក់នៅទីនេះបានឡើយ»។ ចំពោះការអនុវត្តក្នុងពេលបច្ចុប្បន្ននេះ អ្នកស្វែងរកសិទ្ធិជ្រកកោនដែល បានធ្វើដំណើរទៅដល់ប្រទេសអង់គ្លេស ជារឿយៗពួកគេអាចស្នាក់ នៅទីនោះបាន និងបន្តសវនាការលើរឿងក្ដីរបស់ពួកគេ។
កាសែតខាងលើក៏បានរាយការណ៍ផងដែរថា ច្បាប់ថ្មីមួយដែលត្រូវ បាន បង្កើតឡើងដើម្បីដោះស្រាយបញ្ហានេះ នឹងត្រូវដាក់ចេញនៅថ្ងៃ អង្គារខាងមុខ បន្ទាប់ពីមនុស្សជាង ៤៥.០០០ នាក់បានធ្វើដំណើរមក កាន់អង់គ្លេសតាមរយៈទូកប្រកបដោយគ្រោះថ្នាក់កាលពីឆ្នាំមុន។ ទិន្នន័យផ្លូវការបានបង្ហាញថា ពាក្យសុំសិទ្ធិជ្រកកោនដែលផ្ញើទៅ កាន់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធរបស់អង់គ្លេសមានចំនួនទាបជាងចំនួនជាមធ្យមរបស់សហភាពអឺរ៉ុបទាំងមូល។
កាលពីឆ្នាំមុន អតីតនាយករដ្ឋមន្ត្រីលោក បូរីស ចនសុន (Boris Johnson) បានយល់ព្រមលើកិច្ចព្រមព្រៀងមួយក្នុងការបញ្ជូន ជនចំណាកស្រុករាប់ម៉ឺននាក់ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដែលភាគច្រើនបានធ្វើដំណើរពីប្រទេសអាហ្វហ្កានីស្ថាន ស៊ីរី ឬប្រទេសផ្សេងទៀតដែលកំពុងរងគ្រោះដោយសង្រ្គាម ហើយ ប្រទេសដើមកំណើតទាំងអស់នោះសុទ្ធសឹងតែស្ថិតនៅចម្ងាយឆ្ងាយៗ ជាក់ស្ដែងប្រទេសរវ៉ាន់ដា (Rwanda) មានចម្ងាយប្រមាណជា ៦.៤០០គីឡូម៉ែត្រឯណោះ។
គោលនយោបាយនេះបានប្រឈមមុខនឹងការតស៊ូផ្នែកផ្លូវច្បាប់ជាហូរហែ បន្ទាប់ពីជើងហោះហើរនិរទេសមួយត្រូវបានហាមឃាត់ភ្លាមៗ ដោយបទបញ្ជារបស់តុលាការសិទ្ធិមនុស្សអឺរ៉ុប។ បន្ទាប់មក ពួកគេ ត្រូវបានតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍បានសម្រេចឱ្យរស់នៅដោយស្របច្បាប់កាលពីខែធ្នូ ប៉ុន្តែក៏មានក្រុមអ្នកប្រឆាំងមួយចំនួន កំពុង ស្វែងរកការប្តឹងទៅកាន់តុលាការឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនោះ។
នៅពេលដែលមានការសាកសួរពីសារព័ត៌មាន Sky News ថាតើអ្នក ដែលធ្វើដំណើរមកដល់អង់គ្លេសដោយខុសច្បាប់ នឹងត្រូវបានហាម ឃាត់ មិន ឱ្យទាមទារសិទ្ធិជ្រកកោនដែរឬក៏អត់នោះ រដ្ឋមន្ត្រីរដ្ឋាភិបាល លោក Chris Heaton-Harris បានឆ្លើយតបថា «ខ្ញុំក៏ជឿដូច្នេះ ដែរ»។
លោកបានមានប្រសាសន៍បន្តថា «ប្រសិនបើពួកគេធ្វើដំណើរមកកាន់ ប្រទេសនេះដោយខុសច្បាប់ នោះពួកគេនឹងត្រូវបញ្ជូនទៅវិញ ឬ បញ្ជូន ទៅកាន់កន្លែងណាមួយដូចជាប្រទេសរវ៉ាន់ដាជាដើម»។ កាលពីថ្ងៃអាទិត្យ កាសែត The Mail បានរាយការណ៍ថា ស្ថិតនៅ ក្រោមច្បាប់ថ្មី ការទាមទារសិទ្ធិជ្រកកោនរបស់អ្នកដែលធ្វើដំណើរ មកដល់តាមរយៈទូកតូចៗ នឹងមិនត្រូវបានទទួលយកនោះទេ ហើយ ពួកគេនឹងត្រូវបានបញ្ជូនទៅវិញ ហើយនឹងត្រូវបានហាមឃាត់ជា អចិន្ត្រៃយ៍ ចំពោះការវិលត្រឡប់មកវិញ។
កាលពីថ្ងៃអាទិត្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ស៊ូឡា ប្រាវឺម៉ាន (Suella Braverman) បានប្រាប់កាសែត The Sun ថា «ច្បាប់ របស់យើងមានលក្ខណៈសាមញ្ញ ទាំងចេតនានិងការអនុវត្ត ពោលគឺ ធ្វើយ៉ាងណាឱ្យផ្លូវតែមួយគត់មកកាន់ប្រទេសអង់គ្លេសនឹងក្លាយជាផ្លូវដែលមានសុវត្ថិភាព និងជាផ្លូវស្របច្បាប់»។ បន្ថែមលើនេះ លោក Heaton-Harris បានថ្លែងបញ្ជាក់បន្ថែមថា លោកជឿថាផ្លូវដែល មានសុវត្ថិភាព និងស្របច្បាប់នឹងត្រូវបានចាត់ចូលទៅក្នុងផែនការ អនុវត្ត បន្ថែមទៀត៕
ប្រែសម្រួលដោយ៖ ធា សុណា (Thea Sokna)