សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនយូនណាន បង្កើតរោងចក្រផលិតបន្ទះ សូឡានៅកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រុមហ៊ុន យូនណាន (Yunnan ) ពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅកម្ពុជា ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា បាន ស្នើដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូនណាន អ៊ីនវេសម៉េន គ្រុប(Yunnan Investement Group) ដែល សាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរ ចូលជួប សម្ដែងការ គួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឱ្យ ដឹងនៅក្រោយជំនួបថា ក្នុងសវនាការលោកអគ្គនាយក និងជាអនុប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Yunnan Investement group បាននាំនូវ ការផ្ដាំផ្ញើសួរសុខទុក្ខសម្ដេចតេជោ ពីឯកឧត្តមអគ្គលេខាធិការ បក្សខេត្ត យូណាន និងឯកឧត្តមអភិបាលខេត្តយូណាន ។លោកក៏បានជម្រាប ជូន សម្ដេចតេជោ ពីគោលបំណងនៃក្រុមហ៊ុនរបស់លោក ដែលចង់វិនិយោគ លើវិស័យថាមពលពន្លឺព្រះអាទិត្យ នៅក្នុងខេត្តសៀមរាប ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ចំពោះបំណង របស់ ក្រុមហ៊ុន ដែលចង់វិនិយោគលើវិស័យថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្ត សៀមរាប។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា ក្រុមហ៊ុនអាច ពិចារណាបង្កើតរោងចក្រផលិតបន្ទះសូឡានៅព្រះរាជាណាចក្រកម្ពុជា ហើយអាចនាំចេញទៅកាន់ប្រទេសក្រៅផង និងអាចប្រើប្រាស់នៅក្នុង ប្រទេសកម្ពុជា ផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ