សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានតួនាទីធំក្នុងការតភ្ជាប់នៅក្នុងតំបន់និងពិភពលោក
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជា ណាចក្រកម្ពុជាមានប្រសាសន៍ថា អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ មានតួនាទីធំ មិនត្រឹមតែតភ្ជាប់ក្នុងស្រុកទេ ប៉ុន្តែត ភ្ជាប់ ជាមួយ នឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក Liu minglin អគ្គនាយក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យូនណាន អ៊ីនវេសម៉េន គ្រុប(Yunnan Investement Group) ដែលសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ចូល ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងនៅបន្ទាប់ពីជំនួបចប់ថា ក្នុងសវនការលោក Liu Minglin បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពនៃការសាង សង់ អាកាស យានដ្ឋាន យន្តហោះអន្តរជាតិសៀមរាប អង្គរ ដែលរហូតមក ដល់ពេលនេះការសាងសង់សម្រេចបាន ៨៦ភាគរយហើយ ហើយគ្រោង ដាក់ឲ្យហោះសាកល្បងនៅខែមិថុនាខាងមុខ និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៅខែតុលា ឆ្នាំនេះ។
លោកអគ្គនាយកក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីបំណងចង់ធ្វើការ ផ្សព្វផ្សាយអំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ឱ្យបានទូលំ ទូលាយ ដើម្បីជាការទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន សម្ដែង នូវ ក្តីរីករាយជាមួយនឹងវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ ។ សម្ដេចតេជោ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ពន្លឿន ការសាងសង់ នឹងធ្វើយ៉ាងណាឱ្យការសាងសង់នោះ ត្រូវតាម បទដ្ឋាន ទាំងអស់ មុននឹងបើកការហោះហើរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា អាកាសយានដ្ឋាន អន្តរជាតិ មួយ នេះ មានតួនាទីធំក្នុងការតភ្ជាប់ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត ភ្ជាប់ជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក ដែលពីមុនមក អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប មិនអាចទទួល យន្តហោះធំៗចុះចតបានទេ។
សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការ ផ្សព្វផ្សាយ ដើម្បីទាក់ទាញឱ្យមានការហោះហើរមកកាន់ខេត្តសៀមរាប និងបំណងនាំទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តសៀមរាប ។
បើតាមឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បាន ប្រាប់ឱ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើម សាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិនេះ ដំណើរការសាងសង់លើ ផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមាន ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ដល់ តំបន់ការពារបេតិកភណ្ឌនោះទេ។
ឯកឧត្តម តឹករ៉េត សំរេច បានបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយ បំពាក់បច្ចេកវិទ្យាថ្មីបំផុតសម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ៣៨។
នៅពេលដាក់ឱ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នក ដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាច ទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ