រដ្ឋមន្រ្តីក្រសួងអប់រំអំពាវនាវដល់សាធារណជននាំកូនចៅចូលមកចូលរួមពិព័រណ៍សៀវភៅក្នុងទិវាជាតិអំណាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សាធារណជនទាំងអស់ នាំកូន-ចៅ មកចូលរួមពិព័រណ៍សៀវភៅ ក្នុងទិវាជាតិអំណាន លើកទី៨ ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ សូមឲ្យសាធារណជនទាំងអស់ នាំកូន-ចៅ មកចូលរួមនៅក្នុងពិព័រណ៍ សៀវភៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមីនា ឆ្នាំ២០២៣»។

រដ្ឋមន្រ្តីក្រសួងអប់រំបានលើកឡើងទៀតថា ការបណ្ដុះកូនចៅពីតូច ឱ្យ ចូល រួមក្នុងពិព័រណ៍សៀវភៅ និងនាំកូនចៅ ទៅបណ្ណាល័យ ពីតូចក្ដី និងនៅពេល ជំទង់ក្ដី នឹងធ្វើឱ្យកូនចៅ មានការចាប់អារម្មណ៍ និងលើកទឹកចិត្ត ដល់ការ អាន។ ឯកឧត្តមរដ្ឋមន្ដ្រីបញ្ជាក់ថា «អានកាន់តែច្រើន ចេះកាន់តែច្រើន»។

ទិវាជាតិអំណាន គឺធ្វើឡើងក្នុងគោលបំណង បណ្ដុះទម្លាប់អាន ជំរុញ វប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែក ការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស-និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូប ក្នុងប្រទេសកម្ពុជា។

ក្នុងទិវាជាតិអំណាននេះ ក្រសួងនឹងប្រកាសលទ្ធផលជ័យលាភី ផ្នែកអាន អត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» និងលទ្ធផលជ័យលាភី ផ្នែកបកស្រាយអក្សរសិល្ប៍ រួមនឹងការធ្វើបាឋកថា ស្រាវជ្រាវ ស្តីពី «រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងបរិបទ នៃការ អប់រំក្នុងសតវត្សទី២១» ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។

ក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សា ស្តីពី «សារៈសំខាន់របស់ អំណាន ក្នុងការសិក្សា» ដោយព្រះមុនីកោសល្យ បណ្ឌិត យ៉ន សេងយៀត ព្រះ សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងលោក សាស្ត្រាចារ្យបណ្ឌិត អាំង ជូលាន នរវិទូពានរង្វាន់ឆ្នើម ហ៊ូតូអូកា នៃប្រទេស ជប៉ុន។

សូមបញ្ជាក់ថា ក្រសួងអប់រំ នឹងរៀបចំប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០២៣ ក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះ ទៅបរិវត្តកម្មវិស័យអប់រំ» នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ ម៉ោង១៧:០០ ល្ងាច ព្រមទាំងមានការតាំងពិព័រណ៍សៀវភៅ រយៈ ពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បើតាមរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក្រសួងអប់រំ នឹងរៀបចំប្រារព្ធ ទិវាជាតិ អំណាន ឆ្នាំ២០២៤ និងឆ្នាំខាងមុខឱ្យបានអធិកអធម និងផុសផុល ទូលំទូលាយ នៅទូទាំង២៥រាជធានី-ខេត្ដ ដោយមានយុទ្ធនាការ ចែក ផ្សាយខិតបណ្ណ ផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម និងប្រព័ន្ធនានា ពីកម្មវិធីច្រើនដូចជា៖

  • ការពិព័រណ៍ ការប្រឡងប្រណាំង និងកម្មវិធីថ្ងៃប្រារព្ធពិធីជាដើម ដើម្បី ជំរុញ ឱ្យគ្រប់ក្រសួង ស្ថាប័នសាធារណៈ សហគ្រាសឯកជន និងប្រជាពល រដ្ឋ ទូទាំងប្រទេសចាប់អារម្មណ៍ ចូលរួមជំរុញការអាន បង្កើនទម្លាប់អានជាប្រចាំ និងប្រែក្លាយសកម្មភាពអំណាននេះ ឱ្យជាចលនាជាតិទាំងមូល ព្រមទាំងបន្ដ ពង្រីកវិសាលភាព ក្នុងការប្រារព្ធទិវានេះនៅឆ្នាំបន្ដបន្ទាប់ទៀត៕ដោយ៖រ៉ាវុធ
អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner