លោក ដូណាល់ ត្រាំ អះអាងថា ខ្លួនគឺជាបេក្ខជនតែម្នាក់គត់ ដែលអាចទប់ស្កាត់សង្គ្រាមលោកលើកទី៣
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានប្រាប់សនិ្នសិទ ស្តីពីសកម្មភាពនយោបាយអភិរក្សនិយមនៅរដ្ឋម៉ារីលែនថា លោកប្រធានាធិបតី ចូ បៃដិន បាននិងកំពុងដឹកនាំសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងភាពភ្លេចភ្លាំង។
ភ្ជាប់នឹងការលើកឡើងខាងលើ អតីតប្រធានាធិបតីអាមេរិករូបនេះបានសន្យាថា នឹងឈប់ខ្ជះខ្ជាយប្រាក់អ្នកជាប់ពន្ធរបស់សហរដ្ឋអាមេរិកលើសង្គ្រាមបរទេសដ៏ “ឆោតល្ងង់” នេះ នៅពេលដែលគាត់បានប្រមូលផ្តុំការគាំទ្រសម្រាប់ការត្រលប់មកវិញឆាកនយោបាយដ៏មានសក្តានុពលនៅឆ្នាំ២០២៤។
លោក ត្រាំ បានព្រមានទៅកាន់ពលរដ្ឋអាមេរិកថា ពួកគេកំពុងប្រឈមមុខនឹងពេលវេលាដ៏គ្រោះថ្នាក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរបស់យើង ហើយលោក ចូ បៃដិន កំពុងដឹកនាំពួកយើងដោយការភ្លេចភ្លាំង។ លោកថា ពិភពលោកនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី ៣ ក្នុងពេលឆាប់ៗនេះ ប្រសិនបើអ្វីមួយ (សន្តិភាព) មិនកើតឡើងលឿនទេ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក ត្រាំ បានអំពាវនាវម្តងហើយម្តងទៀតឱ្យសហរដ្ឋអាមេរិកដឹកនាំផ្លូវ ក្នុងការចរចាលើដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន ខណៈពេលដែលគាត់បានរិះគន់លើវិធីសាស្រ្តដែលលោក បៃដិន បានយកមកដោះស្រាយជម្លោះ។
ដោយឡែកកាលពីខែមុន លោក ត្រាំ ក៏បានសន្យាដែរថា នឹងហៅទូរស័ព្ទទៅទីក្រុងមូស្គូ និងកៀវភ្លាមៗ ប្រសិនបើជាប់ឆ្នោតសាជាថ្មី ដោយអះអាងថា គាត់ដឹងច្បាស់ពីអ្វីដែលត្រូវប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យបញ្ឈប់ជម្លោះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ទីណា
