ប្រមុខការទូតហុងគ្រី ៖ មានតែបទឈប់បាញ់ប៉ុណ្ណោះ ដែលអាចបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនបាន

ប៊ុយដាប៉ែស៖ រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក ភីធើ ស៊ីចាតូ បានប្រាប់ក្នុងបទសម្ភាសន៍មួយរបស់បណ្តាញទូរទស្សន៍ SVT ថា ដំណោះស្រាយដែលអឺរ៉ុបកំពុងព្យាយាមរក ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែនមិនដំណើរការទេ ហើយជម្លោះអាចត្រូវបានបញ្ចប់ នោះគឺតាមរយៈបទឈប់បាញ់តែមួយគត់។

ប្រមុខការទូតហុងគ្រីរូបនេះបន្តថា គោលដៅទីមួយគឺបញ្ឈប់ការសម្លាប់មនុស្ស ដែលមានន័យថា កិច្ចព្រមព្រៀងបទឈប់បាញ់ ហើយគ្មានអ្វីទៀតទេ។ បើតាមលោក ស៊ីចាតូ ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបានបរាជ័យក្នុងការបញ្ឈប់ជម្លោះមួយនេះ។

លោក ស៊ីចាតូ បានបញ្ជាក់យ៉ាងដូច្នេះថា ពួកយើងបានណែនាំកញ្ចប់ទណ្ឌកម្មចំនួន ១០លើករួចហើយ តើវាបាននាំយើងឱ្យខិតទៅជិតដំណោះស្រាយនៃជម្លោះដែរឬទេ? ចម្លើយគឺ “ទេ”។ តើវាបានធ្វើឱ្យរុស្ស៊ីលុតជង្គង់ដែរឬទេ? ចម្លើយគឺ “ទេ”។

តើវាធ្វើឱ្យយើងឈឺចាប់ដែរឬទេ? ចម្លើយគឺ “ត្រឹមត្រូវ” ដូច្នេះខ្ញុំគិតថា ដំណោះស្រាយដែលយើងកំពុងតែព្យាយាមរកនៅអឺរ៉ុបមិនដំណើរការទេ ពីព្រោះយើងវង្វេងស្មារតីសង្គ្រាមពេក។

នៅពេលត្រូវបានសាកសួរថាតើហេតុអ្វីបានជាហុងគ្រីមិនបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន? លោក ស៊ីចាតូ បាននិយាយថា យើងជារដ្ឋដែលនៅជិតខាងអ៊ុយក្រែន ហើយយើងមិនចង់ឱ្យមានមនុស្សស្លាប់បន្ថែមទៀតទេ នេះជាមូលហេតុដែលយើងកំពុងធ្វើដើម្បីបញ្ឈប់ជម្លោះ… យើងមិនបញ្ជូនអាវុធ ហើយយើងបន្តតស៊ូមតិដើម្បីសន្តិភាព៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner