ឯកឧត្តម សុខ លូ ដាក់បទបញ្ជាឲ្យកងកម្លាំងគ្រប់ប្រភេទនិងអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការចុះបង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ក្នុងស្រុកក្រុង និងនៅតាមបន្ទាត់ព្រំដែន

ខេត្តបាត់ដំបង៖ នៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៦ ខែមិនា ឆ្នំា២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាឲ្យគ្រប់កងកម្លាំងទាំងបី គ្រប់សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការបង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទ ក្នុងស្រុក-ក្រុង របស់ខ្លួន និងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្ត នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ អំពើជួញដូរមនុស្ស ការដឹកទំនិញគេចពន្ធ ការបង់ពន្ធមិនត្រឹមត្រូវ ដែលជាប្រភពធ្វើឲ្យបាត់ចំណូលជាតិ ។

ឯកឧត្តម ក៏បានណែនាំដល់ មន្ត្រី ច្រកទ្វារព្រំដែនខ្មែរ-ថៃ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ទាំងច្រកទ្វារតំបន់ ទាំងច្រកទ្វារអន្តរជាតិ គឺត្រូវពង្រឹងធ្វើការត្រួតពិនិត្យឲ្យម៉ត់ចត់បន្ថែមទៀតពាក់ព័ន្ធនូវបទល្មើសការគេចវេសពន្ធ និងការបង់ពន្ធមិនត្រឹមត្រូវជាដើម បើរកឃើញត្រូវរាយការណ៍មករដ្ឋបាលខេត្ត ដើម្បមានវិធានការជាក់ស្តែង។

ឯកឧត្តម ក៏បានជំរុញឲ្យគ្រប់កងកម្លាំងនិងសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែន ទាំងអស់ ត្រូវពង្រឹង និងចាត់វិធានការតឹងរឹង ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យបានបទល្មើសឆ្លងដែនខុសច្បាប់ និងវែកមុខចាប់មេក្លោង មេខ្យល់ ដែលនាំពលករខុសច្បាប់ទៅប្រទេសថៃ ឲ្យបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner