កូរ៉េខាងជើងចោទប្រកាន់សហរដ្ឋអាមេរិកថា មានចេតនាដុតបញ្ឆេះភាពតានតឹងនៅលើឧបទ្វីបកូរ៉េ

ព្យុងយ៉ាង៖ ក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកថា មានចេតនាបង្កើនភាពតានតឹង តាមរយៈការបញ្ជូនយន្តហោះចម្បាំងទៅធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA ចេញផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

ការចោទប្រកាន់ខាងលើ បានកើតឡើងបន្ទាប់ពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា សមយុទ្ធយោធាទ្រង់ទ្រាយធំនេះ នឹងមានរយៈពេលច្រើនជាង១០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃចន្ទសប្តាហ៍នេះថា ទោះបីជាមានការព្រមានម្តងហើយម្តងទៀតរបស់យើងក៏ដោយ ក៏សហរដ្ឋអាមេរិកមានចេតនាបន្តធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងៗ។ សេចក្តីថ្លែងការណ៍បន្ថែមថា សមយុទ្ធដែនអាកាសរួមគ្នានាពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់ថា គម្រោងរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង កំពុងត្រូវបានអនុវត្តទៅមុខ ក្នុងកម្រិតនៃសង្រ្គាមជាក់ស្តែង។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចេញផ្សាយថា យើងសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបត់បែនសាច់ដុំដែលមិនទទួលខុសត្រូវ និងគួរឱ្យព្រួយបារម្ភរបស់សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ដែលកំពុងរុញច្រានស្ថានការណ៍នៅឧបទ្វីបកូរ៉េឥតឈប់ឈរ ឱ្យស្ថិតក្នុងស្ថានភាពដែលមិនអាចទាយទុកជាមុនបាន។

សេចក្តីថ្លែងការណ៍បន្ថែមទៀតថា កូរ៉េខាងជើងបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់ចំពោះទង្វើអរិភាពយោធា ដែលរំខានដល់សន្តិភាព និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ។ ទោះបីជាយ៉ាងណា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានអះអាងថា សមយុទ្ធដែលបានគ្រោងទុកនាពេលខាងមុខនេះ គឺជាការការពារ ប៉ុន្តែកូរ៉េខាងជើងមើលឃើញថា សម្ព័ន្ធមិត្តទាំងពីរត្រៀមហាត់សមសម្រាប់ការឈ្លានពាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner