សម្ដេចតេជោ ហ៊ុន សែន៖ ការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច ជាគោលដៅធំ ដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច ជាគោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្វីដែលយើងត្រូវធ្វើ ដើម្បីអំណាចស្ត្រីនោះ គឺត្រូវធ្វើយ៉ាងម៉េចឱ្យស្ត្រីមានកម្រិតសេដ្ឋកិច្ចល្អប្រសើរ ព្រោះកត្តាសេដ្ឋកិច្ចនេះ គឺជាការសម្រេចដ៏ធំរបស់ស្ត្រី។
សម្តេច បន្តថា កិច្ចការដែលត្រូវបន្តនោះ គឺត្រូវពង្រឹង និងបង្កើតឱ្យមានអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីឱ្យបានកាន់តែច្រើន។ សម្តេច ក៏បានអំពាវនាវដល់សប្បុរសជនជួយគាំពារ ដើម្បីអាចបង្កើតអន្តេវាសិកដ្ឋានតាមកម្រិតមធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ គឺត្រូវការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារ ជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ ៕ អត្ថបទ៖ វណ្ណាលុក, រូបភាព វ៉េង លឹមហួត និង សួង ពិសិដ្ឋ


